×

អាល់គីតាប 2014

លេវីវិន័យ ៤

1
អុលឡោះ‌តាអាឡា ​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​ត​ទៅ៖
2
«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែល អុលឡោះ‌តាអាឡា ​ហាម​ឃាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ:
3
ប្រសិន​បើ​មូស្ទី​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្តាល​ឲ្យ​ប្រជា‌ជន​ទាំង​មូល​មាន​ទោស នោះ​គាត់​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ជូន អុលឡោះ‌តាអាឡា ​ជា​គូរបាន​រំដោះ​បាប។
4
គាត់​នាំ​គោ​ស្ទាវ​នោះ​មក​ជូន អុលឡោះ‌តាអាឡា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ចំពោះ អុលឡោះ‌តាអាឡា ។
5
មូស្ទី​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា
6
រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ អុលឡោះ‌តាអាឡា ​ខាង​មុខ​វាំង​នន​ទី​សក្ការៈ។
7
គាត់​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ អុលឡោះ‌តាអាឡា ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា បន្ទាប់​មក គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​គូរបាន​ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។
8
គាត់​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល​ដែល​ធ្វើ​ជា​គូរបាន​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន
9
ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​នៅ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្តាច់​ចេញ​មក​ជា​មួយ​ក្រលៀន។
10
អ៊ីមុាំ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​ធ្វើ​គូរបាន ដូច​គេ​ដុត​ចំណែក​របស់​គូរបាន​មេត្រី​ភាព​ដែរ។
11
រីឯ​ស្បែក​គោ សាច់​ទាំង​អស់ ក្បាល ជើង ពោះ‌វៀន និង​លាមក
12
ពោល​គឺ​គោ​ទាំង​មូល ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ជំរំ ត្រង់​កន្លែង​បរិសុទ្ធ​សម្រាប់​ចាក់​ផេះ ហើយ​ដុត​វា​នៅ​លើ​អុស​ដែល​កំពុង​ឆេះ ត្រង់​កន្លែង​ចាក់​ផេះ​នោះ»។
13
«ប្រសិន​បើ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា ហើយ​ក្រុម​ជំអះ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់ អុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស
14
នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ជូន អុលឡោះ‌តាអាឡា ​ជា​គូរបាន​រំដោះ​បាប​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។
15
អស់​លោក​អះលី‌ជំអះ​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ​នៅ​ចំពោះ អុលឡោះ‌តាអាឡា ហើយ​អះលី‌ជំអះ​មួយ​នាក់​អារ​ក​វា​នៅ​ចំពោះ អុលឡោះ‌តាអាឡា ។
16
មូស្ទី​យក​ឈាម​គោ​បា​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។
17
គាត់​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង នៅ​ចំពោះ អុលឡោះ‌តាអាឡា ខាង​មុខ​វាំង​នន។
18
គាត់​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ​នៅ​ចំពោះ អុលឡោះ‌តាអាឡា ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា បន្ទាប់​មក គាត់​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​គូរបាន ដែល​ស្ថិត​នៅ​មាត់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។
19
គាត់​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា ដុត​នៅ​លើ​អាសនៈ។
20
គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។
21
បន្ទាប់​មក គាត់​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សម្រាប់​រំដោះ​បាប​ដែរ។ នេះ​ជា​គូរបាន​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រ‌អែល»។
22
«ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស
23
នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ ល្អ​ឥត​ខ្ចោះ​មក​ជូន អុលឡោះ‌តាអាឡា ។
24
គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​អារ​កវា​នៅ​ចំពោះ អុលឡោះ‌តាអាឡា ត្រង់​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។ នេះ​ជា​គូរបាន​រំដោះ​បាប។
25
អ៊ីមុាំ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ធ្វើ​ជា​គូរបាន​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត រួច​គាត់​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។
26
គាត់​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។
27
«ប្រសិន​បើ​ប្រជា‌ជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់ អុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស
28
នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ​មក​ជូន អុលឡោះ‌តាអាឡា ដើម្បី​សូម​ឲ្យ​រួច​ពី​បាប។
29
គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។
30
អ៊ីមុាំ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត រួច​គាត់​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។
31
គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្ត អុលឡោះ‌តាអាឡា ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។
32
ប្រសិន​បើ​អ្នក​នោះ​ចង់​ធ្វើ​ចៀម​ជា​គូរបាន​រំដោះ​បាប គេ​ត្រូវ​ជូន​ចៀម​ញី ល្អ​ឥត​ខ្ចោះ។
33
គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​អារ​ក​វា​នៅ​ត្រង់​កន្លែង​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត។
34
អ៊ីមុាំ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត ហើយ​គាត់​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។
35
គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​ជំនូន​ដែល​គេ​ដុត​ជូន អុលឡោះ‌តាអាឡា ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។
Khmer Bible 2014
2014 United Bible Societies, UK
:
រក្សាទុកកំណត់ចំណាំ