|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 2 |
|
| «ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសំរាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសំរាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ |
|
| 3 |
|
| រួចប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលអោយមកជួបជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់»។ |
|
| 4 |
|
| លោកម៉ូសេធ្វើតាមបង្គាប់របស់ ព្រះអម្ចាស់ គឺលោកប្រមូលជនជាតិអ៊ីស្រាអែល អោយមកជួបជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ |
|
| 5 |
|
| លោកប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែល ព្រះអម្ចាស់ បង្គាប់អោយធ្វើ»។ |
|
| 6 |
|
| លោកនាំលោកអើរ៉ុន និងកូនៗមក ហើយយកទឹកធ្វើពិធីជំរះកាយអោយពួកគេ។ |
|
| 7 |
|
| លោកពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ ហើយពាក់អាវអេផូដ*ពីលើ ព្រមទាំងចងខ្សែអេផូដផង។ |
|
| 8 |
|
| លោកយកប្រដាប់ពាក់លើទ្រូងមកបំពាក់ជូនលោកអើរ៉ុន ដែលនៅក្នុងនោះមានដាក់យូរីម និងធូមីម*។ |
|
| 9 |
|
| លោកពាក់ឆ្នួតក្បាល ដែលមានខ្ទាស់គ្រឿងអលង្ការនៅផ្នែកខាងមុខឆ្នួតនោះជូនលោកអើរ៉ុន ស្របតាមបញ្ជារបស់ ព្រះអម្ចាស់ ។ |
|
| 10 |
|
| លោកម៉ូសេយកប្រេងសំរាប់ធ្វើពិធីតែងតាំងមក ហើយប្រើប្រេងនោះញែកព្រះពន្លា និងវត្ថុទាំងអស់នៅក្នុងព្រះពន្លា ទុកជាសក្ការៈ។ |
|
| 11 |
|
| លោកប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈ គ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសំរាប់ធ្វើពិធីជំរះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។ |
|
| 12 |
|
| លោកចាក់ប្រេងលើក្បាលលោកអើរ៉ុន ដើម្បីញែកលោកអោយវិសុទ្ធ*។ |
|
| 13 |
|
| លោកម៉ូសេបាននាំកូនៗរបស់លោកអើរ៉ុនចូលមក ហើយលោកបំពាក់អាវវែងអោយពួកគេ រួចក្រវាត់ខ្សែក្រវាត់ និងពាក់ឆ្នួតក្បាលអោយពួកគេ ស្របតាមបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 14 |
|
| លោកម៉ូសេនាំគោបាសំរាប់ធ្វើយញ្ញបូជារំដោះបាបចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលគោបានោះ។ |
|
| 15 |
|
| លោកម៉ូសេចាក់កគោយកឈាម រួចជ្រលក់ម្រាមដៃទៅក្នុងឈាម លាបលើស្នែងនៅតាមមុមទាំងបួនរបស់អាសនៈ ដើម្បីជំរះអាសនៈអោយបរិសុទ្ធ។ លោកយកឈាមចាក់នៅត្រង់ជើងអាសនៈ និងធ្វើពិធីរំដោះបាប ដើម្បីញែកអាសនៈជាសក្ការៈ។ |
|
| 16 |
|
| លោកយកខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ ព្រមទាំងខ្លាញ់ដែលជាប់នឹងក្រលៀន មកដុតនៅលើអាសនៈ។ |
|
| 17 |
|
| រីឯស្បែកគោ សាច់ និងលាមក លោកយកទៅដុតនៅខាងក្រៅជំរំ ស្របតាមបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 18 |
|
| លោកនាំចៀមឈ្មោលសំរាប់ធ្វើតង្វាយដុតទាំងមូលចូលមក ហើយលោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ |
|
| 19 |
|
| លោកម៉ូសេចាក់កចៀម រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 20 |
|
| លោកម៉ូសេកាប់ចៀមជាដុំៗ រួចដុតទាំងក្បាល ទាំងដុំសាច់ ទាំងខ្លាញ់ផង។ |
|
| 21 |
|
| លោកយកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ស្របតាមបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 22 |
|
| លោកនាំចៀមឈ្មោលទីពីរចូលមក គឺចៀមសំរាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ លោកអើរ៉ុន និងកូនៗដាក់ដៃលើក្បាលចៀមនោះ។ |
|
| 23 |
|
| លោកម៉ូសេចាក់កចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់លោកអើរ៉ុន។ |
|
| 24 |
|
| បន្ទាប់មក លោកក៏នាំកូនៗលោកអើរ៉ុនចូលមក ហើយយកឈាមលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគេ។ លោកប្រោះឈាមដែលនៅសល់ទៅលើជ្រុងទាំងបួនរបស់អាសនៈ។ |
|
| 25 |
|
| លោកយកខ្លាញ់ កន្ទុយ ខ្លាញ់ទាំងអស់ដែលជាប់នឹងពោះវៀន អ្វីៗដែលជាប់នឹងថ្លើម ក្រលៀនទាំងពីរ ខ្លាញ់ដែលជាប់នឹងក្រលៀន និងភ្លៅស្ដាំ |
|
| 26 |
|
| រួចយកនំបុ័ងឥតមេនៅក្នុងល្អីដែលតម្កល់នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ នំធ្វើពីម្សៅលាយជាមួយប្រេង និងនំក្រៀប ទៅដាក់នៅលើខ្លាញ់ និងភ្លៅស្ដាំ។ |
|
| 27 |
|
| លោកម៉ូសេយកតង្វាយទាំងអស់នោះដាក់លើដៃលោកអើរ៉ុន និងកូនៗ រួចបង្គាប់អោយពួកគេលើកតង្វាយនោះ ថ្វាយ ព្រះអម្ចាស់ ។ |
|
| 28 |
|
| បន្ទាប់មក លោកទទួលតង្វាយពីដៃរបស់ពួកគេ យកទៅដុតលើអាសនៈ ពីលើតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជាសំរាប់តែងតាំងបូជាចារ្យ ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។ |
|
| 29 |
|
| លោកម៉ូសេយកសាច់ទ្រូងរបស់ចៀម ដែលជាយញ្ញបូជាសំរាប់តែងតាំងបូជាចារ្យ លើកថ្វាយ ព្រះអម្ចាស់ ។ សាច់នេះត្រូវបានជាចំណែករបស់លោក ស្របតាមសេចក្ដីដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 30 |
|
| លោកម៉ូសេយកប្រេងសំរាប់ធ្វើពិធីតែងតាំង និងឈាមខ្លះនៅលើអាសនៈ ប្រោះលើលោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់លោក ហើយប្រោះលើកូនៗរបស់លោកអើរ៉ុន ព្រមទាំងសម្លៀកបំពាក់របស់ពួកគេ។ ធ្វើរបៀបនេះ លោកញែកលោកអើរ៉ុន និងកូនប្រុសរបស់លោក រួមទាំងសម្លៀកបំពាក់របស់ពួកគេ អោយទៅជាវិសុទ្ធ។ |
|
| 31 |
|
| លោកម៉ូសេពោលទៅកាន់លោកអើរ៉ុន និងកូនៗរបស់គាត់ថា៖ «ចូរចំអិនសាច់នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ អ្នករាល់គ្នាត្រូវបរិភោគនៅកន្លែងនោះ ជាមួយនំបុ័ងនៅក្នុងល្អី ដែលប្រើសំរាប់ពិធីតែងតាំងជាបូជាចារ្យ ដូចខ្ញុំបានបង្គាប់អោយអ្នករាល់គ្នាបរិភោគ។ |
|
| 32 |
|
| សាច់ និងនំបុ័ង ដែលនៅសល់ត្រូវដុតចោល។ |
|
| 33 |
|
| អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់អស់រយៈពេលប្រាំពីរថ្ងៃ មិនត្រូវចាកចេញពីទីនេះមុនថ្ងៃទីប្រាំពីរ ដែលជាថ្ងៃចុងក្រោយនៃពិធីតែងតាំងអ្នករាល់គ្នាឡើយ។ |
|
| 34 |
|
| ព្រះអម្ចាស់ ផ្ទាល់បញ្ជាអោយធ្វើពិធីដូចយើងបានធ្វើនៅថ្ងៃនេះ ដើម្បីរំដោះអ្នករាល់គ្នាពីអំពើបាប។ |
|
| 35 |
|
| អ្នករាល់គ្នាត្រូវនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ធ្វើដូច្នេះ អ្នករាល់គ្នានៅបំរើ ព្រះអម្ចាស់ ដោយមិនត្រូវស្លាប់ឡើយ។ នេះជាបញ្ជាដែលខ្ញុំបានទទួលពីព្រះជាម្ចាស់»។ |
|
| 36 |
|
| លោកអើរ៉ុន និងកូនប្រុសរបស់លោក ធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ បង្គាប់មកតាមរយៈលោកម៉ូសេ។ |
|
|
|
|