|
| 1 |
|
| នេះជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល៖ ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺសំឡេងឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង។ |
|
| 2 |
|
| ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។ |
|
| 3 |
|
| «ឱប្រជារាស្ត្ររបស់យើងអើយ តើយើងបានធ្វើអ្វីដល់ឯង? តើយើងបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី? ចូរឆ្លើយនឹងយើង! |
|
| 4 |
|
| ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង |
|
| 5 |
|
| ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។ |
|
| 6 |
|
| តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? |
|
| 7 |
|
| តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? |
|
| 8 |
|
| ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។ |
|
| 9 |
|
| ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖ (ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ) ចូរស្តាប់ចុះ ឱកុលសម្ព័ន និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ! |
|
| 10 |
|
| តើយើងអាចបំភ្លេចទ្រព្យសម្បត្តិ នៃអំពើអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមបានឬ? |
|
| 11 |
|
| តើយើងអាចអត់ឱនឲ្យជញ្ជីងអាក្រក់ និងថង់ពេញដោយកូនជញ្ជីងឆកោងបានឬ? |
|
| 12 |
|
| ដ្បិតមនុស្សអ្នកមាននៅក្នុងទីក្រុង គេពេញដោយអំពើច្រឡោត ហើយពួកអ្នកអាស្រ័យនៅក្នុងក្រុង គេពោលកុហកទទេ អណ្ដាតនៅក្នុងមាត់គេក៏ជាគ្រឿងឆបោកដែរ |
|
| 13 |
|
| ហេតុនេះហើយបានជាយើងវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងចុកចាប់ ព្រោះតែអំពើបាបរបស់ឯង។ |
|
| 14 |
|
| ឯងនឹងស៊ី តែមិនបានឆ្អែតទេ សេចក្ដីស្រេកឃ្លាននឹងនៅកណ្ដាលឯង ឯងនឹងសន្សំទុក តែមិនគង់នៅទេ ឯរបស់អ្វីដែលឯងទុកបាន យើងនឹងប្រគល់ដល់ដាវវិញ |
|
| 15 |
|
| ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ ឯងនឹងជាន់ផ្លែអូលីវ តែមិនបានប្រេងសម្រាប់លាបខ្លួនទេ ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ តែមិនបានផឹកស្រាទំពាំងបាយជូរសោះ |
|
| 16 |
|
| ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។ |
|
|
|
|