×

ខ្មែរព្រះគម្ពីរ 1954

សេផានា ៣

1
យេរូសាឡឹម​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះបោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជិះជាន់​សង្កត់សង្កិន​គ្នា។
2
ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។
3
មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​គិត​តែ​ពី​គ្រហឹម។ ចៅក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ហើយ​ឥត​ទុក​អ្វី​អោយ​នៅ​សល់​សំរាប់​កកេរ នៅ​ពេល​ព្រឹក​ឡើយ។
4
ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេងក្អាង ហើយ​ក្បត់​មុខងារ​របស់​ខ្លួន។ បូជាចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទីសក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យវិន័យ។
5
ប៉ុន្តែ ព្រះអម្ចាស់ ​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក​ព្រះអង្គ​បង្ហាញ​យុត្តិធម៌ អោយ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។
6
ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «យើង​បាន​កំទេច​ប្រជាជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​អោយ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជាជន​រស់​នៅ​ទៀត។
7
យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច និង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំនៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូតរះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។
8
ហេតុ​នេះ​ចូរ​ចាំ​យើង​សិន! ចូរ​រង់ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជាជាតិ និង​នគរ​ទាំងឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាបឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាបឆេះ ផែនដី​ទាំង​មូល -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។
9
ពេល​នោះ យើង​នឹង​ជំរះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​អោយ​បាន​បរិសុទ្ធ ដើម្បី​អោយ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជា​ ព្រះអម្ចាស់ ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បំរើ​យើង។
10
អ្នក​ថ្វាយបង្គំ​យើង ដែល​យើង​កំចាត់កំចាយ អោយ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូពី នឹង​នាំ​គ្នា​យក​តង្វាយ​មក​អោយ​យើង។
11
នៅ​ថ្ងៃ​នោះ​អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេងក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។
12
យើង​នឹង​ទុក​ប្រជាជន​មួយ​ចំនួន ដែល​ទន់ទាប ហើយ​ក្រខ្សត់ អោយ​នៅ​សេសសល់​ក្នុង​អ្នក ប្រជាជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជា​ ព្រះអម្ចាស់ ។
13
ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខសាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។
14
ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយឃោស! ក្រុង​យេរូសាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីករាយ​យ៉ាង​ខ្លាំង!
15
ព្រះអម្ចាស់ ​បាន​លើកលែង​ទោស​អោយ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​នៃ ជន​ជាតិ​អ៊ីស្រាអែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។
16
នៅ​ថ្ងៃ​នោះ​គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូសាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​អោយ​សោះ!
17
ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរបុរស​ដែល​មាន​ជ័យជំនះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​អោយ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីករាយ​បំផុត។
18
«យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។
19
នៅ​ថ្ងៃ​នោះ​យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំងឡាយ​ដែល​សង្កត់សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។
20
នៅ​ថ្ងៃ​នោះ​យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ