×

ខ្មែរព្រះគម្ពីរ 1954

សាការី ២

1
ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។
2
ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ដឹង​ប្រវែង​ទទឹង និង​បណ្ដោយ»។
3
ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវតា​មួយ​រូប​ទៀត​មក​ជួប
4
ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូសាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។
5
រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​នឹង​ទៅ​ជា​សិរីរុងរឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។
6
«យើង​បាន​កំចាត់កំចាយ​អ្នក​រាល់​គ្នា ទៅ​តាម​ទិស​ទាំង​បួន! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់ប្រញាល់ រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។
7
ប្រជាជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំនៅ ក្នុង​ស្រុក​បាប៊ីឡូន​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។
8
ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ទ្រង់​ប្រទាន​អំណាច​ និង​ចាត់​ខ្ញុំ​អោយ​ទៅ ប្រាប់​ប្រជាជាតិ​នានា ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា: «អ្នក​ណា​ប៉ះពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ប៉ះពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។
9
យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជាជាតិ​ទាំង​នោះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ នៃ​ពួក​ទាសករ​របស់​ខ្លួន» ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ពិត​ជា​បាន​ចាត់​ខ្ញុំ​អោយ​មក​មែន។
10
«ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ! ចូរ​សប្បាយ​រីករាយ​ឡើង! ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។
11
«នៅ​ថ្ងៃ​នោះ​ប្រជាជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង​ជា​ ព្រះអម្ចាស់ ហើយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​អោយ​មក​រក​អ្នក។
12
ព្រះអម្ចាស់ ​នឹង​យក​ស្រុក​យូដា ធ្វើ​ជា​ទឹក​ដី​របស់​ព្រះអង្គ​ផ្ទាល់ ក្នុង​ទឹក​ដី​ដ៏វិសុទ្ធ ព្រះអង្គ​នឹង​ជ្រើស​រើស​ក្រុង​យេរូសាឡឹម ដូច​ពី​មុន។
13
សត្វ​លោក​ទាំងឡាយ​ត្រូវ​ស្ងៀមស្ងាត់ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពី ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
Khmer Bible 1954
Public Domain: 1954
:
រក្សាទុកកំណត់ចំណាំ