|
| 1 |
|
| «ពួកបូជាចារ្យអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: |
|
| 2 |
|
| ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើអោយសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើអោយពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើអោយពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ |
|
| 3 |
|
| យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ យញ្ញបូជាក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។ |
|
| 4 |
|
| ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា ដើម្បីអោយសម្ពន្ធមេត្រី ដែលយើងចងជាមួយ កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ |
|
| 5 |
|
| សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយអោយគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។ |
|
| 6 |
|
| គេបង្រៀនក្រឹត្យវិន័យដ៏ត្រឹមត្រូវ ហើយមិនពោលពាក្យបោកបញ្ឆោតទេ។ គេរស់នៅជាមួយយើងដោយសុខសាន្ត និងដោយទៀងត្រង់ ព្រមទាំងណែនាំមនុស្សជាច្រើន អោយងាកចេញពីអំពើអាក្រក់។ |
|
| 7 |
|
| ពាក្យសំដីរបស់បូជាចារ្យបង្រៀនមនុស្ស អោយស្គាល់ព្រះជាម្ចាស់ ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរ ព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ |
|
| 8 |
|
| រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានងាកចេញ ពីមាគ៌ានេះ ការបង្រៀនរបស់អ្នករាល់គ្នា បាននាំមនុស្សជាច្រើនអោយវង្វេង។ អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រី ដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។ |
|
| 9 |
|
| ដូច្នេះ យើងនឹងអោយប្រជាជនទាំងមូល ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ ហើយអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យដល់ប្រជាជន ដោយរើសមុខ»។ |
|
| 10 |
|
| ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក ក៏មានតែមួយព្រះអង្គដែរ ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយ បុព្វបុរសរបស់ពួកយើងដូច្នេះ? |
|
| 11 |
|
| ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ ស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។ យូដាបានប្រមាថទីសក្ការៈរបស់ ព្រះអម្ចាស់ ជាកន្លែងដែលព្រះអង្គស្រឡាញ់ គឺពួកគេរៀបការជាមួយស្ត្រី ដែលថ្វាយបង្គំព្រះដទៃ។ |
|
| 12 |
|
| សូម ព្រះអម្ចាស់ ដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប ហើយកុំអោយគេមានកូនចៅ ដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់ នៃពិភពទាំងមូលឡើយ។ |
|
| 13 |
|
| អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត គឺអ្នករាល់គ្នាយំសោកសង្រេង សំរក់ទឹកភ្នែក ជោកអាសនៈរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល ព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយ របស់អ្នករាល់គ្នា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែល អ្នករាល់គ្នាយកមកថ្វាយទេ។ |
|
| 14 |
|
| អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?” គឺកាលពីនៅក្មេង អ្នកបានរៀបការ ដោយយក ព្រះអម្ចាស់ ធ្វើសាក្សី។ នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក តែអ្នកបានក្បត់ចិត្តចោលនាង។ |
|
| 15 |
|
| តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរ អោយទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺអោយអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះចូរកាន់ចិត្តគំនិតអោយបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។ |
|
| 16 |
|
| ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ នឹងការលែងលះគ្នាទេ ហើយ ព្រះអម្ចាស់ នៃពិភពទាំងមូល ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត អំពើឃោរឃៅបែបនេះ ចំពោះភរិយារបស់ខ្លួនដែរ! ហេតុនេះចូរកាន់ចិត្តគំនិតអោយបានល្អ មិនត្រូវមានចិត្តក្បត់ឡើយ។ |
|
| 17 |
|
| អ្នករាល់គ្នាធ្វើអោយ ព្រះអម្ចាស់ នឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីអោយព្រះអង្គនឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភក្ត្រ របស់ ព្រះអម្ចាស់ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើព្រះដែលវិនិច្ឆ័យ ដោយយុត្តិធម៌ នៅឯណា?”។ |
|
|
|
|