|
| 1 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «យើងចាត់ទូតរបស់យើងអោយទៅមុន ដើម្បីរៀបចំផ្លូវសំរាប់យើង។ រំពេចនោះព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។ |
|
| 2 |
|
| ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ |
|
| 3 |
|
| ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជំរះកូនចៅលេវីអោយបានបរិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ មកថ្វាយ ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់។ |
|
| 4 |
|
| ពេលនោះ ព្រះអម្ចាស់ សព្វព្រះហឫទ័យទទួល តង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។ |
|
| 5 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។ |
|
| 6 |
|
| «យើងជា ព្រះអម្ចាស់ យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជា កូនចៅយ៉ាកុបដដែល»។ |
|
| 7 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ អ្នករាល់គ្នាងាកចេញពីច្បាប់របស់យើង គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ ចូរនាំគ្នាវិលមករកយើង នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។ អ្នករាល់គ្នាពោលថា: “យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។ |
|
| 8 |
|
| តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់ ដូចម្ដេចបាន? អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា “យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។ គឺអ្នករាល់គ្នាកេងប្រវ័ញ្ច តង្វាយមួយភាគដប់ និងតង្វាយ ដែលអ្នករាល់គ្នាត្រូវញែកទុកសំរាប់យើង! |
|
| 9 |
|
| អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ព្រោះប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង»។ |
|
| 10 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីអោយមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរព្រះពរដ៏លើសលប់មកលើអ្នករាល់គ្នា»។ |
|
| 11 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងរារាំងសត្វល្អិតមិនអោយបំផ្លាញ ដំណាំរបស់អ្នករាល់គ្នា ហើយចំការទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្ដល់ភោគផលបរិបូណ៌»។ |
|
| 12 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជាតិទាំងអស់នឹងពោលថា អ្នករាល់គ្នាពិតជាមានសុភមង្គលមែន ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ ដ៏សម្បូណ៌សប្បាយ»។ |
|
| 13 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ ដូចម្ដេចខ្លះ?”។ |
|
| 14 |
|
| អ្នករាល់គ្នាពោលថា: “ពួកយើងខំបំរើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាម ព្រះអម្ចាស់ នៃពិភពទាំងមូល ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី? |
|
| 15 |
|
| ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើនទេ ដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់ បែរជាបានចំរុងចំរើនទៅវិញ។ ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។ |
|
| 16 |
|
| ពេលនោះ អស់អ្នកដែលគោរព កោតខ្លាច ព្រះអម្ចាស់ ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ ហើយយកព្រះហឫទ័យទុកដាក់នឹង ពាក្យសំដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចព្រះនាម ព្រះអម្ចាស់ ក្នុងក្រាំងមួយ ទុកជាទីរំលឹកនៅចំពោះព្រះភក្ត្រព្រះអង្គ។ |
|
| 17 |
|
| ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបំរើឪពុក។ |
|
| 18 |
|
| ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបំរើព្រះជាម្ចាស់ និងអ្នកមិនគោរពបំរើ ខុសគ្នាយ៉ាងណា |
|
|
|
|