|
| 1 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 2 |
|
| «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗរបស់ឪពុកគេ ហើយគ្រប់គ្នាត្រូវតែជាមេដឹកនាំក្នុងចំណោមពួកគេ»។ |
|
| 3 |
|
| ដូច្នេះ លោកម៉ូសេក៏ចាត់ពួកគេពីទីរហោស្ថានប៉ារ៉ានឲ្យទៅតាមបង្គាប់របស់ព្រះយេហូវ៉ា។ អ្នកទាំងនោះសុទ្ធតែជាមេដឹកនាំក្នុងចំណោមកូនចៅអ៊ីស្រាអែល។ |
|
| 4 |
|
| ឈ្មោះរបស់អ្នកទាំងនោះមាន កុលសម្ព័ន្ធរូបេន គឺសាំមួរ ជាកូនរបស់សាគើរ។ |
|
| 5 |
|
| កុលសម្ព័ន្ធស៊ីម្មាន គឺសាផាត ជាកូនរបស់ហូរី។ |
|
| 6 |
|
| កុលសម្ព័ន្ធយូដា គឺកាលែប ជាកូនរបស់យេភូនេ។ |
|
| 7 |
|
| កុលសម្ព័ន្ធអ៊ីសាខារ គឺយីកាល ជាកូនរបស់យ៉ូសែប។ |
|
| 8 |
|
| កុលសម្ព័ន្ធអេប្រាអិម គឺហូសេ ជាកូនរបស់នុន។ |
|
| 9 |
|
| កុលសម្ព័ន្ធបេនយ៉ាមីន គឺប៉ាលធី ជាកូនរបស់រ៉ាភូ។ |
|
| 10 |
|
| កុលសម្ព័ន្ធសាប់យូឡូន គឺកាឌាល ជាកូនរបស់សូឌី។ |
|
| 11 |
|
| កុលសម្ព័ន្ធម៉ាណាសេ (ដែលជាកូនចៅយ៉ូសែប) គឺកាឌី ជាកូនរបស់ស៊ូស៊ី។ |
|
| 12 |
|
| កុលសម្ព័ន្ធដាន់ គឺអាំមាល ជាកូនរបស់កេម៉ាលី។ |
|
| 13 |
|
| កុលសម្ព័ន្ធអេស៊ើរ គឺសេធើរ ជាកូនរបស់មីកែល។ |
|
| 14 |
|
| កុលសម្ព័ន្ធណែបថាលី គឺណាប៊ី ជាកូនរបស់វ៉ុបស៊ី។ |
|
| 15 |
|
| កុលសម្ព័ន្ធកាដ គឺកេអួល ជាកូនរបស់ម៉ាគី។ |
|
| 16 |
|
| នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។ |
|
| 17 |
|
| លោកម៉ូសេបានចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយប្រាប់គេថា៖ «ចូរនាំគ្នាចូលទៅតំបន់ណេកិប ហើយឡើងចូលទៅស្រុកភ្នំ |
|
| 18 |
|
| រួចសង្កេតមើលស្រុកនោះតើមានលក្ខណៈដូចម្ដេច ហើយតើមនុស្សដែលរស់នៅក្នុងស្រុកខ្លាំង ឬខ្សោយ តើគេមានគ្នាច្រើន ឬតិច |
|
| 19 |
|
| តើស្រុកដែលគេរស់នៅនោះល្អ ឬអាក្រក់ ហើយក្រុងដែលគេរស់នៅនោះ ជាជំរំ ឬជាកំផែងមាំមួន |
|
| 20 |
|
| រីឯស្រុកនោះ តើមាន ឬក្រ តើមានដើមឈើ ឬគ្មាន។ ចូរមានចិត្តក្លាហានឡើង ហើយនាំយកផ្លែឈើខ្លះពីស្រុកនោះមកជាមួយផង»។ ពេលនោះ ជារដូវផ្លែទំពាំងបាយជូរដែលទើបនឹងទុំលើកដំបូង។ |
|
| 21 |
|
| ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។ |
|
| 22 |
|
| ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។ |
|
| 23 |
|
| ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរមួយចង្កោម រួចគេឲ្យគ្នាពីរនាក់យកឈើសែង។ គេក៏បានបេះផ្លែទទឹម និងផ្លែល្វាខ្លះមកជាមួយដែរ។ |
|
| 24 |
|
| គេបានដាក់ឈ្មោះកន្លែងនោះថា ជ្រលងភ្នំអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរដែលកូនចៅអ៊ីស្រាអែលបានកាត់ពីទីនោះ។ |
|
| 25 |
|
| ក្រោយពីបានសង្កេតស្រុកនោះអស់រយៈពេលសែសិបថ្ងៃ គេក៏វិលត្រឡប់មកវិញ។ |
|
| 26 |
|
| ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ |
|
| 27 |
|
| គេជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឲ្យទៅនោះហើយ។ ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន នេះហើយជាផ្លែឈើរបស់ស្រុកនោះ។ |
|
| 28 |
|
| ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។ |
|
| 29 |
|
| សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។ |
|
| 30 |
|
| ប៉ុន្ដែ កាលែបបានប្រាប់ឲ្យប្រជាជននៅស្ងៀមនៅចំពោះមុខលោកម៉ូសេ ហើយពោលថា៖ «ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់ ដ្បិតយើងអាចនឹងយកជ័យជម្នះបានដោយស្រួល»។ |
|
| 31 |
|
| ពេលនោះ មនុស្សដែលបានឡើងទៅជាមួយលោកពោលថា៖ «ពួកយើងពុំអាចឡើងទៅទាស់នឹងប្រជាជននេះបានទេ ដ្បិតគេខ្លាំងពូកែជាងពួកយើង»។ |
|
| 32 |
|
| ដូច្នេះ អ្នកទាំងនោះនាំគ្នានិយាយអាក្រក់ពីស្រុកដែលគេបានសង្កេតមើលនោះ ប្រាប់កូនចៅអ៊ីស្រាអែលថា៖ «ស្រុកដែលយើងបានដើរកាត់ ហើយសង្កេតមើលនោះ ជាស្រុកដែលបង្ហិនបង្ហោចពួកអ្នកដែលអាស្រ័យនៅ ឯមនុស្សដែលយើងឃើញក្នុងស្រុកនោះទាំងប៉ុន្មាន សុទ្ធតែមាឌធំៗ។ |
|
| 33 |
|
| នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។ |
|
|
|
|