|
| 1 |
|
| មេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុលសម្ព័ន្ធម៉ាណាសេដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជំរាបលោកនៅចំពោះមុខពួកមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជនជាតិអ៊ីស្រាអែល ដូចតទៅ៖ |
|
| 2 |
|
| « ព្រះអម្ចាស់ បានបញ្ជាលោកម្ចាស់អោយប្រគល់ស្រុកនេះដល់ជនជាតិអ៊ីស្រាអែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពី ព្រះអម្ចាស់ ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិហាត ជាបងប្អូនរបស់យើងខ្ញុំ ទៅអោយកូនស្រីរបស់គាត់ដែរ។ |
|
| 3 |
|
| បើពួកនាងរៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុលសម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។ |
|
| 4 |
|
| លុះដល់ឆ្នាំមេត្តាករុណា សំរាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។ |
|
| 5 |
|
| លោកម៉ូសេនាំយកព្រះបន្ទូលដែល ព្រះអម្ចាស់ បានបង្គាប់មក ទៅប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ |
|
| 6 |
|
| «កុលសម្ព័ន្ធដែលជាកូនចៅយ៉ូសែបនិយាយត្រូវមែន។ ព្រះអម្ចាស់ បង្គាប់មកកូនស្រីរបស់លោកស្លូផិហាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន អោយតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។ |
|
| 7 |
|
| ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។ |
|
| 8 |
|
| កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីអោយជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។ |
|
| 9 |
|
| ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។ |
|
| 10 |
|
| កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែល ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។ |
|
| 11 |
|
| នាងម័សឡា ធើសា ហុកឡា មីលកា និងណូហា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។ |
|
| 12 |
|
| ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។ |
|
| 13 |
|
| នេះជាបទបញ្ជា និងវិន័យផ្សេងៗដែល ព្រះអម្ចាស់ បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ |
|
|
|
|