|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ |
|
| 2 |
|
| «ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយនាមកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ |
|
| 3 |
|
| ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ |
|
| 4 |
|
| កូនចៅកេហាត់បំពេញមុខងារក្នុងពន្លាជួបព្រះអម្ចាស់ គឺពួកគេមើលខុសត្រូវលើវត្ថុដ៏សក្ការៈបំផុត។ |
|
| 5 |
|
| ពេលជនជាតិអ៊ីស្រាអែលត្រូវចេញដំណើរ អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវដោះវាំងននដែលខណ្ឌទីសក្ការៈបំផុត |
|
| 6 |
|
| យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសំរាប់សែង។ |
|
| 7 |
|
| ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសំរាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសំរាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។ |
|
| 8 |
|
| បន្ទាប់មក ពួកគេក្រាលក្រណាត់ពណ៌ក្រហមទុំពីលើរបស់ទាំងនោះ ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសំរាប់សែង។ |
|
| 9 |
|
| ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសំរាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះ ភាជន៍ដាក់កំទេច និងដបប្រេងទាំងប៉ុន្មាន សំរាប់ដុតចង្កៀងនោះ |
|
| 10 |
|
| ហើយយកស្បែកផ្សោតមកខ្ចប់រួមជាមួយគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលត្រូវប្រើជាមួយរបស់ទាំងនោះ រួចយកទៅដាក់នៅលើប្រដាប់សំរាប់សែង។ |
|
| 11 |
|
| ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសំរាប់សែង។ |
|
| 12 |
|
| ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សំរាប់ស្នែង។ |
|
| 13 |
|
| ពួកគេត្រូវយកផេះចេញពីអាសនៈ ហើយយកក្រណាត់ពណ៌ក្រហមក្រាលពីលើអាសនៈនោះ។ |
|
| 14 |
|
| បន្ទាប់មក ត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលប្រើប្រាស់ជាមួយអាសនៈនោះ គឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសំរាប់អាសនៈ ដាក់ពីលើអាសនៈ ហើយយកស្បែកផ្សោតមករុំ រួចស៊កឈើសំរាប់សែង។ |
|
| 15 |
|
| នៅពេលលើកជំរំ កាលអើរ៉ុន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ហើយ កូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងពន្លាជួបព្រះអម្ចាស់។ |
|
| 16 |
|
| អេឡាសារជាកូនរបស់បូជាចារ្យអើរ៉ុន ទទួលខុសត្រូវលើប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប តង្វាយម្សៅអចិន្ត្រៃយ៍ និងប្រេងសំរាប់ពិធីលាបប្រេង។ គាត់ក៏មើលខុសត្រូវលើព្រះពន្លាទាំងមូល និងអ្វីៗទាំងអស់នៅក្នុងព្រះពន្លា ព្រមទាំងទីសក្ការៈ និងគ្រឿងបរិក្ខារផ្សេងៗ នៅក្នុងទីសក្ការៈ»។ |
|
| 17 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ |
|
| 18 |
|
| «មិនត្រូវដកអំបូរកេហាត់ចេញពីកុលសម្ព័ន្ធលេវីឡើយ។ |
|
| 19 |
|
| ពេលណាអំបូរកេហាត់គេចូលមកជិតទីសក្ការៈបំផុត អើរ៉ុន និងកូនចៅរបស់គាត់ត្រូវចាត់ចែងអោយពួកគេបំពេញមុខងារ និងភារកិច្ចរៀងៗខ្លួន ធ្វើដូច្នេះ ពួកគេនឹងរស់រានមានជីវិត ឥតស្លាប់ឡើយ។ |
|
| 20 |
|
| ពួកគេមិនត្រូវចូលទៅមើលគ្រឿងសក្ការៈជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ ក្រែងលោបាត់បង់ជីវិត»។ |
|
| 21 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖ |
|
| 22 |
|
| «ចូរធ្វើបញ្ជីរាយនាមកូនចៅគើសូន ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ។ |
|
| 23 |
|
| ចូរជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ |
|
| 24 |
|
| អំបូរគើសូនមានភារកិច្ចលីសែងគ្រឿងសម្ភារៈដូចតទៅ: |
|
| 25 |
|
| ពួកគេត្រូវសែងក្រណាត់ព្រះពន្លា និងក្រណាត់ពន្លាជួបព្រះអម្ចាស់ ក្រណាត់សំរាប់គ្របពីលើ និងស្បែកផ្សោតសំរាប់រុំ ព្រមទាំងវាំងនននៅខាងមុខពន្លាជួបព្រះអម្ចាស់ |
|
| 26 |
|
| ក្រណាត់ដំបូលទីលាន វាំងននទ្វារចូលទីលាន ក្រណាត់នៅជុំវិញព្រះពន្លា និងអាសនៈខ្សែសន្ធឹង និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយ។ ពួកគេត្រូវបំពេញកិច្ចការទាំងអស់ដែលយើងតំរូវអោយធ្វើ។ |
|
| 27 |
|
| អើរ៉ុន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងអោយកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺអោយពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។ |
|
| 28 |
|
| នេះហើយជាមុខងារដែលអំបូរគើសូនត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមើលថែទាំ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន។ |
|
| 29 |
|
| ចូរជំរឿនកូនចៅម៉្រារី តាមអំបូរ តាមគ្រួសាររបស់ពួកគេ។ |
|
| 30 |
|
| ត្រូវជំរឿនពួកគេ គិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ |
|
| 31 |
|
| ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ |
|
| 32 |
|
| សសរ និងជើងសសរនៅជុំវិញទីលាន ចម្រឹង ខ្សែសន្ធឹង ព្រមទាំងគ្រឿងបរិក្ខារ និងអ្វីៗទាំងអស់ដែលប្រើប្រាស់ជាមួយ។ ត្រូវរាយមុខឈ្មោះរបស់ទាំងនោះ អោយពួកគេមើលថែទាំ។ |
|
| 33 |
|
| នេះហើយជាមុខងារដែលអំបូរម៉្រារីត្រូវបំពេញ គឺមុខងារទាំងអស់ដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមបញ្ជារបស់អ៊ីថាម៉ារ ជាកូនរបស់បូជាចារ្យអើរ៉ុន»។ |
|
| 34 |
|
| លោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់សហគមន៍ បានជំរឿនកូនចៅកេហាត់ តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ |
|
| 35 |
|
| អស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំរើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ |
|
| 36 |
|
| ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៧៥០នាក់។ |
|
| 37 |
|
| នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 38 |
|
| រីឯកូនចៅគើសូនដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ |
|
| 39 |
|
| គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ |
|
| 40 |
|
| ក្នុងអំបូរនេះមានចំនួនទាំងអស់ ២ ៦៣០ នាក់។ |
|
| 41 |
|
| នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ លោកម៉ូសេ និងលោកអើរ៉ុនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មក។ |
|
| 42 |
|
| អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ |
|
| 43 |
|
| គឺអស់អ្នកដែលមានអាយុពីសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ ហើយត្រូវបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់ |
|
| 44 |
|
| ក្នុងអំបូរនេះមានចំនួនទាំងអស់ ៣ ២០០ នាក់។ |
|
| 45 |
|
| នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ លោកម៉ូសេ និងលោកអើរ៉ុន បានជំរឿនពួកគេ ស្របតាមបទបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 46 |
|
| ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ |
|
| 47 |
|
| ដោយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបំរើការងារក្នុងពន្លាជួបព្រះអម្ចាស់ និងលីសែងសម្ភារៈ |
|
| 48 |
|
| ពួកគេមានចំនួនទាំងអស់ ៨ ៥៨០ នាក់។ |
|
| 49 |
|
| លោកម៉ូសេបង្គាប់អោយគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់ ព្រះអម្ចាស់ ដោយបញ្ជាក់អោយម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
|
|
|