|
| 1 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 2 |
|
| «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា |
|
| 3 |
|
| អ្នកនោះត្រូវញែកខ្លួនចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាផ្សេងឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ ឬក្រៀមក្ដី។ |
|
| 4 |
|
| ក្នុងពេលដែលគេញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលធ្វើពីទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបកក៏មិនត្រូវបរិភោគដែរ។ |
|
| 5 |
|
| ក្នុងពេលដែលគេស្បថញែកខ្លួនជាអ្នកណាសារ៉ែត មិនត្រូវឲ្យមានកាំបិតមកប៉ះក្បាលឡើយ គឺត្រូវឲ្យបានបរិសុទ្ធ រហូតដល់ផុតកំណត់ដែលគេបានញែកខ្លួនថ្វាយព្រះយេហូវ៉ា គឺគេត្រូវទុកឲ្យសក់ដុះវែង។ |
|
| 6 |
|
| ក្នុងពេលដែលញែកខ្លួនថ្វាយព្រះយេហូវ៉ា គេមិនត្រូវទៅជិតសាកសពឡើយ។ |
|
| 7 |
|
| សូម្បីតែមានឪពុកម្តាយ ឬបងប្អូនប្រុសស្រីរបស់ខ្លួនស្លាប់ ក៏គេមិនត្រូវឲ្យខ្លួនសៅហ្មងដែរ ព្រោះការញែកខ្លួនរបស់គេជាបរិសុទ្ធថ្វាយព្រះ គឺស្ថិតនៅលើសក់របស់គេ។ |
|
| 8 |
|
| ក្នុងពេលដែលញែកខ្លួនជាអ្នកណាសារីត គេញែកខ្លួនជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ |
|
| 9 |
|
| ប្រសិនបើមានអ្នកណាម្នាក់ស្លាប់ភ្លាមមួយរំពេចនៅជិតខ្លួន ធ្វើឲ្យសៅហ្មងដល់សក់ដែលបានញែកជាបរិសុទ្ធ នោះគេត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានជម្រះខ្លួនឲ្យបានស្អាត គឺត្រូវកោរសក់នៅថ្ងៃទីប្រាំពីរ។ |
|
| 10 |
|
| នៅថ្ងៃទីប្រាំបី គេត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ឲ្យសង្ឃនៅទ្វារចូលត្រសាលជំនុំ |
|
| 11 |
|
| សង្ឃត្រូវថ្វាយមួយជាតង្វាយលោះបាប ហើយមួយទៀតជាតង្វាយដុត ដើម្បីធ្វើពិធីរំដោះអ្នកនោះឲ្យរួចពីបាប ព្រោះគេមានកំហុសដោយសារតែសាកសព។ គេត្រូវញែកសក់របស់ខ្លួនជាបរិសុទ្ធនៅថ្ងៃនោះឯង |
|
| 12 |
|
| ត្រូវញែកខ្លួនចេញថ្វាយព្រះយេហូវ៉ាសាជាថ្មី ហើយត្រូវយកកូនចៀមអាយុមួយខួប មកថ្វាយជាតង្វាយលើកលែងទោស ដ្បិតពេលមុនត្រូវទុកជាអាសាបង់ ព្រោះសក់ដែលបានញែកជាបរិសុទ្ធនោះបានសៅហ្មងហើយ។ |
|
| 13 |
|
| នេះជាវិន័យរបស់អ្នកណាសារីត ក្នុងវេលាដែលការញែកខ្លួនជាបរិសុទ្ធនោះផុតកំណត់ គេត្រូវនាំអ្នកនោះមកកាន់ទ្វារចូលត្រសាលជំនុំ |
|
| 14 |
|
| ហើយអ្នកនោះត្រូវថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយដុត និងកូនចៀមញីមួយល្អឥតខ្ចោះ អាយុមួយខួប មកថ្វាយជាតង្វាយលោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយជាតង្វាយមេត្រី |
|
| 15 |
|
| ហើយយកកញ្ច្រែងមួយដែលមានដាក់នំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំក្រៀបឥតដំបែប្រោះដោយប្រេង ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចមកជាមួយផង។ |
|
| 16 |
|
| សង្ឃត្រូវយកតង្វាយទាំងនោះ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់អ្នកនោះដែរ |
|
| 17 |
|
| ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។ |
|
| 18 |
|
| ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។ |
|
| 19 |
|
| សង្ឃត្រូវយកស្មាចៀមដែលស្ងោរឆ្អិនហើយ និងនំឥតដំបែមួយពីក្នុងកញ្រ្ចែង ព្រមទាំងនំក្រៀបឥតដំបែមួយ មកដាក់ក្នុងដៃរបស់អ្នកណាសារីតនោះ ក្រោយដែលគេបានកោរសក់ដែលបានញែកជាបរិសុទ្ធចេញហើយ។ |
|
| 20 |
|
| បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។ |
|
| 21 |
|
| នេះហើយជាច្បាប់សម្រាប់អ្នកណាសារីត ដែលបានស្បថញែកខ្លួន។ តង្វាយដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ត្រូវធ្វើតាមពាក្យដែលខ្លួនបានស្បថញែកខ្លួនជាអ្នកណាសារីត ក្រៅពីតង្វាយណាផ្សេងដែលគេអាចយកមកបាន។ ពាក្យសម្បថរបស់គេយ៉ាងណា គេក៏ត្រូវធ្វើតាមពាក្យសម្បថរបស់ខ្លួនយ៉ាងនោះដែរ ឲ្យស្របតាមច្បាប់នៃការញែកខ្លួនជាបរិសុទ្ធ»។ |
|
| 22 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 23 |
|
| «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា |
|
| 24 |
|
| "សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក |
|
| 25 |
|
| សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក |
|
| 26 |
|
| សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។ |
|
| 27 |
|
| គេត្រូវប្រកាសឈ្មោះយើងលើកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយយើងនឹងឲ្យពរគេ»។ |
|
|
|
|