|
| 1 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ |
|
| 2 |
|
| «ចូរប្រាប់ហារូនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។ |
|
| 3 |
|
| ហារូនក៏ធ្វើតាម គឺគាត់ដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូច អុលឡោះតាអាឡា មានបន្ទូលបង្គាប់មកម៉ូសា។ |
|
| 4 |
|
| ជើងចង្កៀងធ្វើពីមាស មានក្បាច់រចនា គឺចាប់ពីជើង រហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះ តាមគំរូដែល អុលឡោះតាអាឡា បង្ហាញឲ្យម៉ូសាឃើញ។ |
|
| 5 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ |
|
| 6 |
|
| «ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបានបរិសុទ្ធ។ |
|
| 7 |
|
| អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន ឲ្យពួកគេបោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបានបរិសុទ្ធ។ |
|
| 8 |
|
| បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងជំនូនដែលត្រូវជូនជាមួយ គឺម្សៅម៉ដ្តលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើគូរបានរំដោះបាប។ |
|
| 9 |
|
| ចូរនាំពួកលេវីឲ្យចូលមកជិតជំរំជួបអុលឡោះតាអាឡា ហើយប្រមូលផ្តុំសហគមន៍អ៊ីស្រអែលទាំងមូល។ |
|
| 10 |
|
| ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រអែលដាក់ដៃលើពួកគេ។ |
|
| 11 |
|
| ហារូនត្រូវធ្វើពិធីញែកពួកលេវី ទុកជាជំនូនដែលកូនចៅអ៊ីស្រអែលយកមកជូនយើង ដើម្បីឲ្យបម្រើយើង។ |
|
| 12 |
|
| ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវធ្វើគោមួយជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។ |
|
| 13 |
|
| បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខហារូន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាជំនូនសម្រាប់យើង។ |
|
| 14 |
|
| ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ |
|
| 15 |
|
| បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ អ្នកត្រូវជម្រះពួកគេឲ្យបានបរិសុទ្ធ និងធ្វើពិធីញែកពួកគេ ទុកជាជំនូនសម្រាប់យើងបែបនេះឯង។ |
|
| 16 |
|
| យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល |
|
| 17 |
|
| ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង។ |
|
| 18 |
|
| ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។ |
|
| 19 |
|
| យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រអែលប្រគល់ទៅឲ្យហារូន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រអែល នៅក្នុងជំរំជួបអុលឡោះតាអាឡាឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រអែល។ ធ្វើដូច្នេះ អ៊ីស្រអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។ |
|
| 20 |
|
| ម៉ូសា ហារូន និងសហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នាអនុវត្តតាមបន្ទូលទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ |
|
| 21 |
|
| ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ ហារូនបានធ្វើពិធីញែកពួកគេជូន អុលឡោះតាអាឡា នៅចំពោះទ្រង់ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបានបរិសុទ្ធ។ |
|
| 22 |
|
| បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា ក្រោមការទទួលខុសត្រូវរបស់ហារូន និងកូនចៅរបស់គាត់។ គេបានអនុវត្តតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ |
|
| 23 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ |
|
| 24 |
|
| «ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡាទាំងអស់គ្នា។ |
|
| 25 |
|
| ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។ |
|
| 26 |
|
| គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។ |
|
|
|
|