|
| 1 |
|
| នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសានៅវាលរហោស្ថានស៊ីណៃ ដូចតទៅនេះ៖ |
|
| 2 |
|
| «ចូរឲ្យជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃដែលបានកំណត់ទុក។ |
|
| 3 |
|
| ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើត ក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមហ៊ូកុំ និងតាមវិន័យដែលមានចែងទុក»។ |
|
| 4 |
|
| ម៉ូសាជម្រាបជនជាតិអ៊ីស្រអែលឲ្យធ្វើពិធីបុណ្យរំលង។ |
|
| 5 |
|
| ពួកគេក៏ប្រារព្ធពិធីបុណ្យរំលង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបន្ទូលទាំងប៉ុន្មានដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា។ |
|
| 6 |
|
| ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យរំលងបានឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបម៉ូសា និងហារូន |
|
| 7 |
|
| ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមជូនជំនូនដល់ អុលឡោះតាអាឡា តាមពេលកំណត់ ដូចជនជាតិអ៊ីស្រអែលឯទៀតៗឬទេ?»។ |
|
| 8 |
|
| ម៉ូសាមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពី អុលឡោះតាអាឡា ស្តីអំពីករណីរបស់អ្នករាល់គ្នាសិន»។ |
|
| 9 |
|
| អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ |
|
| 10 |
|
| «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យរំលងជូន អុលឡោះតាអាឡា បាន។ |
|
| 11 |
|
| ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យរំលង ជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។ |
|
| 12 |
|
| គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមហ៊ូកុំទាំងអស់ដែលមានចែងទុកអំពីបុណ្យរំលង។ |
|
| 13 |
|
| ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យរំលងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានជូនជំនូនទៅ អុលឡោះតាអាឡា តាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។ |
|
| 14 |
|
| ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យរំលងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រិតវិន័យ និងហ៊ូកុំដែលមានចែងទុកអំពីបុណ្យរំលងនេះ ដ្បិតមានហ៊ូកុំតែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្តី ម្ចាស់ស្រុកក្តី។ |
|
| 15 |
|
| នៅថ្ងៃដែលគេដំឡើងជំរំសក្ការៈ នោះមានពពកមកគ្របបាំងជំរំសក្ការៈ គឺជំរំនៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើងស្ថិតនៅពីលើជំរំសក្ការៈ ចាប់ពីល្ងាចរហូតដល់ព្រឹក។ |
|
| 16 |
|
| ពពកស្ថិតនៅលើជំរំសក្ការៈដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។ |
|
| 17 |
|
| ពេលណាពពកអណ្តែតឡើងផុតពីជំរំសក្ការៈ ជនជាតិអ៊ីស្រអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រអែលនាំគ្នាបោះជំរំ។ |
|
| 18 |
|
| ជនជាតិអ៊ីស្រអែលចេញដំណើរតាមបញ្ជារបស់ អុលឡោះតាអាឡា ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់អុលឡោះដែរ។ ពពកស្ថិតនៅលើជំរំសក្ការៈអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ |
|
| 19 |
|
| ពេលពពកស្ថិតនៅលើជំរំសក្ការៈយ៉ាងយូរនោះ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបង្គាប់របស់ អុលឡោះតាអាឡា គឺពួកគេមិនចេញដំណើរទេ។ |
|
| 20 |
|
| ប្រសិនបើពពកស្ថិតនៅលើជំរំសក្ការៈតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំតាមបញ្ជារបស់ អុលឡោះតាអាឡា ។ |
|
| 21 |
|
| ជួនកាលពពកស្ថិតនៅលើជំរំសក្ការៈពីល្ងាចដល់ព្រឹក ហើយពេលព្រលឹមពពកអណ្តែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្តែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ |
|
| 22 |
|
| ប្រសិនបើពពកស្ថិតនៅលើជំរំសក្ការៈ ចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្តែតឡើង ទើបពួកគេចេញដំណើរ។ |
|
| 23 |
|
| ពួកគេនាំគ្នាបោះជំរំ តាមបញ្ជារបស់ អុលឡោះតាអាឡា ហើយក៏ចេញដំណើរតាមបញ្ជារបស់ទ្រង់ដែរ។ ពួកគេគោរពបម្រើ អុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកម៉ូសា។ |
|
|
|
|