|
| 1 |
|
| នៅខែទីមួយក្នុងឆ្នាំទីពីរ ក្រោយពីគេចេញពីស្រុកអេស៊ីព្ទមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅទីរហោស្ថានស៊ីណាយថា៖ |
|
| 2 |
|
| «ចូរឲ្យកូនចៅអ៊ីស្រាអែលប្រារព្ធពិធីបុណ្យរំលងនៅវេលាដែលបានកំណត់ ។ |
|
| 3 |
|
| នៅថ្ងៃទីដប់បួនក្នុងខែនេះ នៅពេលថ្ងៃលិច អ្នកត្រូវប្រារព្ធពិធីបុណ្យនេះ នៅវេលាដែលបានកំណត់។ អ្នកត្រូវធ្វើតាមច្បាប់ និងបញ្ញត្តិទាំងអស់សម្រាប់ពិធីបុណ្យនេះ»។ |
|
| 4 |
|
| ដូច្នេះ លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលឲ្យគេប្រារព្ធពិធីបុណ្យរំលង។ |
|
| 5 |
|
| គេក៏ប្រារព្ធពិធីបុណ្យរំលងនៅទីរហោស្ថានស៊ីណាយ នៅថ្ងៃទីដប់បួនក្នុងខែទីមួយ នៅវេលាថ្ងៃលិច ។ កូនចៅអ៊ីស្រាអែលក៏បានធ្វើយ៉ាងដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ |
|
| 6 |
|
| ពេលនោះ មានអ្នកខ្លះដែលត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហើយគេមិនអាចប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃនោះបាន។ គេចូលទៅជួបលោកម៉ូសេ និងលោកអើរ៉ុននៅថ្ងៃនោះ |
|
| 7 |
|
| ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហេតុអ្វីបានជាឃាត់មិនឲ្យយើងខ្ញុំយកតង្វាយមកថ្វាយព្រះយេហូវ៉ា នៅវេលាដែលបានកំណត់ជាមួយកូនចៅអ៊ីស្រាអែលឯទៀតៗដូច្នេះ?» |
|
| 8 |
|
| លោកម៉ូសេប្រាប់គេថា៖ «ចូររង់ចាំសិន ទម្រាំនឹងខ្ញុំបានឮសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់អំពីដំណើរអ្នករាល់គ្នាជាយ៉ាងណា»។ |
|
| 9 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ |
|
| 10 |
|
| «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬកូនចៅអ្នករាល់គ្នាដែលត្រូវសៅហ្មងដោយសារប៉ះពាល់សាកសព ឬធ្វើដំណើរទៅឆ្ងាយ គេក៏ត្រូវប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ។ |
|
| 11 |
|
| គេត្រូវប្រារព្ធពិធីនេះនៅពេលថ្ងៃលិច ក្នុងខែទីពីរ ថ្ងៃទីដប់បួន។ គេត្រូវបរិភោគអាហារបុណ្យរំលងជាមួយនំបុ័ងឥតដំបែ និងបន្លែល្វីង។ |
|
| 12 |
|
| គេមិនត្រូវទុកអ្វីឲ្យសល់រហូតដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ គឺគេត្រូវធ្វើតាមច្បាប់ទាំងអស់សម្រាប់ពិធីបុណ្យរំលង។ |
|
| 13 |
|
| ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ដែលស្អាត ហើយមិនធ្វើដំណើរទៅណា តែមិនព្រមប្រារព្ធពិធីបុណ្យរំលងទេ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកតង្វាយមកថ្វាយព្រះយេហូវ៉ា នៅវេលាដែលបានកំណត់ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។ |
|
| 14 |
|
| ប្រសិនបើមានអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយអ្នករាល់គ្នា ចង់ប្រារព្ធពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវធ្វើតាមបញ្ញត្តិ និងច្បាប់អំពីបុណ្យរំលងនេះចុះ ដ្បិតអ្នកមានច្បាប់តែមួយទេ ដែលសម្រាប់ទាំងអ្នកប្រទេសក្រៅ ទាំងអ្នកក្នុងស្រុក»។ |
|
| 15 |
|
| នៅថ្ងៃដែលគេដំឡើងរោងឧបោសថ នោះមានពពកមកគ្របបាំងរោងឧបោសថ គឺត្រសាលនៃសេចក្ដីសញ្ញា ហើយនៅពេលល្ងាច មានទ្រង់ទ្រាយដូចជាភ្លើងស្ថិតនៅពីលើរោងឧបោសថរហូតដល់ព្រឹក។ |
|
| 16 |
|
| ហេតុការណ៍មានដូច្នេះជាប់ជានិច្ច គឺមានពពកគ្របបាំងរោងឧបោសថនៅពេលថ្ងៃ ហើយនៅពេលយប់ មានទ្រង់ទ្រាយដូចជាភ្លើង។ |
|
| 17 |
|
| ពេលណាពពកអណ្ដែតឡើងចេញពីត្រសាល នោះកូនចៅអ៊ីស្រាអែលក៏ចេញដំណើរ ហើយនៅកន្លែងណាដែលពពកឈប់ នោះកូនចៅអ៊ីស្រាអែលក៏បោះជំរំនៅទីនោះ។ |
|
| 18 |
|
| កូនចៅអ៊ីស្រាអែលចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។ ពេលពពកស្ថិតនៅលើរោងឧបោសថយូរប៉ុនណា គេក៏បោះជំរំនៅរយៈពេលយូរប៉ុណ្ណោះដែរ។ |
|
| 19 |
|
| កាលណាពពកស្ថិតនៅលើរោងឧបោសថយូរថ្ងៃ នោះកូនចៅអ៊ីស្រាអែលក៏ស្ដាប់តាមបង្គាប់ព្រះយេហូវ៉ា គឺមិនចេញដំណើរទេ។ |
|
| 20 |
|
| ជួនកាលពពកស្ថិតនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏នៅតែក្នុងជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយពេលគេចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ។ |
|
| 21 |
|
| ជួនកាលពពកស្ថិតនៅពីល្ងាចដល់ព្រឹក ហើយពេលពពកអណ្ដែតឡើងនៅពេលព្រឹក នោះគេក៏ចេញដំណើរ។ ប្រសិនបើពពកបន្តស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង គេក៏ចេញដំណើរ។ |
|
| 22 |
|
| ទោះជារយៈពេលពីរថ្ងៃ ឬមួយខែ ឬយូរជាងនេះក្ដី ដរាបណាពពកបន្តនៅពីលើរោងឧបោសថ ស្ថិតជាប់នៅទីនោះ កូនចៅអ៊ីស្រាអែលក៏បន្តនៅតែក្នុងជំរំ មិនចេញដំណើរឡើយ តែវេលាណាដែលពពកអណ្ដែតឡើង នោះទើបគេចេញដំណើរ។ |
|
| 23 |
|
| គេបោះជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏ចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ាដែរ។ គេស្តាប់តាមបង្គាប់ព្រះយេហូវ៉ា តាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកដោយសារលោកម៉ូសេ។ |
|
|
|
|