|
| 1 |
|
| កាលព្រះយេស៊ូមានបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គបានយាងចេញពីស្រុកកាលីឡេ រួចបានមកដល់តំបន់ស្រុកយូដា នៅឯត្រើយនាយអូរយ័រដាន់ |
|
| 2 |
|
| នោះមានបណ្ដាជនច្រើនកុះករបានមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសពួកគេឲ្យបានជានៅទីនោះ។ |
|
| 3 |
|
| ពួកអ្នកខាងគណៈផារិស៊ីបានចូលមកជិតល្បងលព្រះអង្គ ដោយទូលសួរថា៖ «តើវិន័យអនុញ្ញាតដែរឬទេ បើបុរសលែងប្រពន្ធដោយហេតុផលណាក៏ដោយនោះ?» |
|
| 4 |
|
| ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះជាម្ចាស់បានបង្កើតមនុស្សជាប្រុស ជាស្រីតាំងពីដើមដំបូងមក?» |
|
| 5 |
|
| ព្រះអង្គមានបន្ទូលទៀតថា៖ «ដោយហេតុនេះបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយទៅនៅជាប់នឹងប្រពន្ធ រួចអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ |
|
| 6 |
|
| ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ ប៉ុន្ដែជាសាច់តែមួយវិញ ហើយមិនត្រូវឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ» |
|
| 7 |
|
| ពួកគេទូលព្រះអង្គថា៖ «បើដូច្នោះ ហេតុអ្វីបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ រួចឲ្យលែងប្រពន្ធដូច្នេះ?»។ |
|
| 8 |
|
| ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្ដរឹងរូសរបស់អ្នករាល់គ្នា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ទោះជាពីដើមដំបូងមិនមានដូច្នេះក្ដី |
|
| 9 |
|
| ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ រួចរៀបការមួយទៀត នោះគឺផិតក្បត់ហើយ»។ |
|
| 10 |
|
| ពួកសិស្សរបស់ព្រះអង្គទូលថា៖ «បើរវាងប្ដីប្រពន្ធក្នុងករណីបែបនេះ នោះមិនរៀបការប្រសើរជាង» |
|
| 11 |
|
| ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូបអាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ |
|
| 12 |
|
| ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»។ |
|
| 13 |
|
| បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។ |
|
| 14 |
|
| ព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងៗទាំងនេះឯង» |
|
| 15 |
|
| កាលព្រះអង្គដាក់ព្រះហស្ដលើក្មេងៗរួចហើយ ក៏យាងចេញពីទីនោះទៅ។ |
|
| 16 |
|
| មើល៍ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យខ្ញុំមានជិវិតអស់កល្បជានិច្ច?» |
|
| 17 |
|
| ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអំពើល្អ គឺមានតែព្រះមួយអង្គប៉ុណ្ណោះដែលល្អ តែបើអ្នកចង់ចូលទៅក្នុងជីវិតអស់កល្បនោះ ចូរធ្វើតាមបញ្ញត្ដិចុះ» |
|
| 18 |
|
| គាត់ទូលសួរព្រះអង្គថា៖ «តើបញ្ញត្ដិមួយណា?» ព្រះយេស៊ូមានបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ |
|
| 19 |
|
| ចូរគោរពឪពុកម្ដាយរបស់អ្នក ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង» |
|
| 20 |
|
| កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?» |
|
| 21 |
|
| ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។ |
|
| 22 |
|
| ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។ |
|
| 23 |
|
| ព្រះយេស៊ូក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងនគរស្ថានសួគ៌ណាស់ |
|
| 24 |
|
| ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត» |
|
| 25 |
|
| ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» |
|
| 26 |
|
| ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។ |
|
| 27 |
|
| បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?» |
|
| 28 |
|
| ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ |
|
| 29 |
|
| ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្ដាយ កូន ឬស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញមួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។ |
|
| 30 |
|
| មនុស្សជាច្រើនដែលនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់ ឯអ្នកនៅក្រោយបង្អស់នឹងនៅមុខគេវិញ។ |
|
|
|
|