|
| 1 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ |
|
| 2 |
|
| «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យព្រះរាជបុត្រា។ |
|
| 3 |
|
| ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងពិធីមង្គលការនោះ ប៉ុន្តែ គេមិនព្រមមកទេ។ |
|
| 4 |
|
| ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ" |
|
| 5 |
|
| ប៉ុន្តែ គេមិនយកចិត្តទុកដាក់ទេ ហើយក៏ចេញទៅ ម្នាក់ទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញ |
|
| 6 |
|
| រីឯអ្នកដទៃទៀត ចាប់ពួករាជបម្រើទាំងនោះវាយធ្វើបាប ហើយសម្លាប់ពួកគេចោល។ |
|
| 7 |
|
| ស្តេចមានព្រះហឫទ័យកេ្រវក្រោធជាខ្លាំង ក៏ចាត់ទាហានឲ្យទៅបំផ្លាញពួកឃាតកទាំងនោះ ហើយដុតទីក្រុងរបស់គេចោល។ |
|
| 8 |
|
| បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា "ពិធីមង្គលការបានរៀបចំរួចហើយ តែពួកអ្នកដែលយើងបានអញ្ជើញទាំងនោះ មិនស័ក្ដិសមនឹងចូលរួមទេ។ |
|
| 9 |
|
| ដូច្នេះ ចូរទៅតាមផ្លូវប្រសព្វ ហើយអញ្ជើញមនុស្សគ្រប់គ្នាដែលអ្នកឃើញ ឲ្យមកចូលរួមពិធីមង្គលការនេះ"។ |
|
| 10 |
|
| រាជបម្រើទាំងនោះក៏ចេញទៅតាមផ្លូវ ហើយប្រមូលអស់អ្នកដែលគេបានឃើញទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ ដូច្នេះរោងការក៏មានភ្ញៀវពេញ។ |
|
| 11 |
|
| ប៉ុន្តែ ពេលស្តេចយាងចូលទៅទតមើលភ្ញៀវ ទ្រង់ឃើញបុរសម្នាក់នៅទីនោះ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ |
|
| 12 |
|
| ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ |
|
| 13 |
|
| ពេលនោះ ស្ដេចបង្គាប់ទៅពួករាជបម្រើថា "ចូរចងដៃចងជើងអ្នកនេះ ហើយយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។" |
|
| 14 |
|
| ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»។ |
|
| 15 |
|
| បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។ |
|
| 16 |
|
| ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។ |
|
| 17 |
|
| ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?» |
|
| 18 |
|
| ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? |
|
| 19 |
|
| ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ |
|
| 20 |
|
| ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» |
|
| 21 |
|
| គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ |
|
| 22 |
|
| ពេលគេឮដូច្នេះ គេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីព្រះអង្គបាត់ទៅ។ |
|
| 23 |
|
| នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលប្រកាសថា គ្មានសេចក្តីរស់ឡើងវិញ គេចូលមកជួបព្រះអង្គហើយទូលសួរថា៖ |
|
| 24 |
|
| «លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថា "បើបុរសណាស្លាប់ទៅដោយគ្មានកូន ប្អូនប្រុសអ្នកនោះត្រូវរៀបការនឹងប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន " |
|
| 25 |
|
| ឥឡូវនេះ ក្នុងចំណោមយើង មានបងប្អូនប្រាំពីរនាក់។ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងគ្មានកូន ទុកប្រពន្ធឲ្យប្អូន។ |
|
| 26 |
|
| ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរសុទ្ធតែស្លាប់ទៅទាំងគ្មានកូនដូចគ្នា។ |
|
| 27 |
|
| នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ |
|
| 28 |
|
| ដូច្នេះ នៅគ្រារស់ឡើងវិញ ក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នោះ តើនាងជាប្រពន្ធរបស់អ្នកណា? ដ្បិតគេសុទ្ធតែបានរៀបការនឹងនាងគ្រប់គ្នា»។ |
|
| 29 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។ |
|
| 30 |
|
| ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ |
|
| 31 |
|
| រីឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានសេចក្តីដែលព្រះមានព្រះបន្ទូលមកអ្នករាល់គ្នាទេឬថា |
|
| 32 |
|
| "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ»។ |
|
| 33 |
|
| កាលមហាជនឮដូច្នោះ គេក៏នឹកប្លែកក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់ព្រះអង្គ។ |
|
| 34 |
|
| ប៉ុន្តែ កាលពួកផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ គេក៏មកជួបជុំគ្នា |
|
| 35 |
|
| ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ |
|
| 36 |
|
| «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?» |
|
| 37 |
|
| ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" |
|
| 38 |
|
| នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ |
|
| 39 |
|
| ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" |
|
| 40 |
|
| គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។ |
|
| 41 |
|
| កាលពួកផារិស៊ីកំពុងនៅជួបជុំគ្នា ព្រះយេស៊ូវមានព្រះបន្ទូលសួរគេថា៖ |
|
| 42 |
|
| «តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច? តើព្រះអង្គជាព្រះរាជវង្សរបស់អ្នកណា?» គេទូលព្រះអង្គថា៖ «ជាព្រះរាជវង្សព្រះបាទដាវីឌ»។ |
|
| 43 |
|
| ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្តេចបានជាព្រះបាទដាវីឌមានរាជឱង្ការដោយព្រះវិញ្ញាណ ហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" ដោយមានរាជឱង្ការថា៖ |
|
| 44 |
|
| "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទារបស់ព្រះអង្គ"? |
|
| 45 |
|
| ដូច្នេះ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" តើព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?» |
|
| 46 |
|
| គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។ |
|
|
|
|