|
| 1 |
|
| ក្រោយថ្ងៃសប្ប័ទ គឺពេលទៀបភ្លឺថ្ងៃទីមួយក្នុងសប្ដាហ៍ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។ |
|
| 2 |
|
| ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ |
|
| 3 |
|
| សណ្ឋានរបស់ទេវតានោះភ្លឺដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចហិមៈ។ |
|
| 4 |
|
| ពួកយាមល្បាតញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់។ |
|
| 5 |
|
| ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង |
|
| 6 |
|
| ព្រះអង្គមិននៅទីនេះទេ ដ្បិតព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់បានមានព្រះបន្ទូលរួចមកហើយ សូមមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។ |
|
| 7 |
|
| ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។ |
|
| 8 |
|
| ដូច្នេះ ពួកនាងក៏ចេញពីផ្នូរជាប្រញាប់ ទាំងភ័យទាំងអរជាខ្លាំង ហើយរត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ។ |
|
| 9 |
|
| រំពេចនោះ ព្រះយេស៊ូវជួបពួកនាង ហើយមានព្រះបន្ទូលថា៖ «ជម្រាបសួរ!» ពួកនាងក៏ចូលមកជិត ឱបព្រះបាទ ហើយថ្វាយបង្គំព្រះអង្គ។ |
|
| 10 |
|
| ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ |
|
| 11 |
|
| កាលពួកនាងកំពុងធ្វើដំណើរទៅ ទាហានខ្លះក៏ចូលទៅក្នុងទីក្រុង ជម្រាបពួកសង្គ្រាជ អំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតឡើង។ |
|
| 12 |
|
| កាលអ្នកទាំងនោះជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំរួចហើយ គេឲ្យប្រាក់យ៉ាងច្រើនទៅពួកទាហាន |
|
| 13 |
|
| ដោយប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ ពួកសិស្សរបស់វាបានចូលមកលួចយកសពទៅទាំងយប់"។ |
|
| 14 |
|
| បើរឿងនេះឮទៅដល់លោកទេសាភិបាល យើងនឹងទៅពន្យល់លោកកុំឲ្យឯងរាល់គ្នាមានទោស»។ |
|
| 15 |
|
| ដូច្នេះ គេក៏ទទួលយកប្រាក់នោះ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះនៅតែមានឮសុសសាយក្នុងចំណោមពួកសាសន៍យូដា រហូតដល់សព្វថ្ងៃ។ |
|
| 16 |
|
| រីឯពួកសិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ទៅភ្នំមួយដែលព្រះយេស៊ូវបានបង្គាប់គេឲ្យទៅ។ |
|
| 17 |
|
| កាលគេបានឃើញព្រះអង្គ គេក៏ថ្វាយបង្គំព្រះអង្គ តែមានអ្នកខ្លះសង្ស័យ។ |
|
| 18 |
|
| ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។ |
|
| 19 |
|
| ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ |
|
| 20 |
|
| ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚ |
|
|
|
|