|
| 1 |
|
| ពេលនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅទីរហោស្ថាន ដើម្បីឲ្យអារក្សល្បួង។ |
|
| 2 |
|
| ក្រោយពីបានតមសែសិបថ្ងៃ សែសិបយប់មក ទ្រង់ក៏ឃ្លាន។ |
|
| 3 |
|
| មេល្បួងក៏ចូលមក ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំបុ័ងទៅ!»។ |
|
| 4 |
|
| ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។ |
|
| 5 |
|
| បន្ទាប់មក អារក្សក៏នាំព្រះអង្គទៅកាន់ក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គលើកំពូលព្រះវិហារ ទូលថា៖ |
|
| 6 |
|
| «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក" ហើយថា "ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។ |
|
| 7 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «មានសេចក្តីចែងទុកដូច្នេះទៀតថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។ |
|
| 8 |
|
| មួយទៀត អារក្សបាននាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញអស់ទាំងនគរក្នុងពិភពលោក និងសិរីល្អរបស់នគរទាំងនោះ ថ្វាយព្រះអង្គទត |
|
| 9 |
|
| រួចវាទូលព្រះអង្គថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងនេះដល់អ្នក»។ |
|
| 10 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។ |
|
| 11 |
|
| ពេលនោះ អារក្សក៏ថយចេញពីព្រះអង្គទៅ ហើយរំពេចនោះ ស្រាប់តែមានពួកទេវតាចូលមកបម្រើព្រះអង្គ។ |
|
| 12 |
|
| កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។ |
|
| 13 |
|
| ព្រះអង្គយាងចេញពីណាសារ៉ែត ទៅគង់នៅក្រុងកាពើណិម ជាប់មាត់សមុទ្រក្នុងតំបន់សាប់យូឡូន និងណែបថាលី |
|
| 14 |
|
| ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ |
|
| 15 |
|
| «ស្រុកសាប់យូឡូន និងណែបថាលី តាមផ្លូវជាប់មាត់សមុទ្រ ខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេរបស់សាសន៍ដទៃអើយ |
|
| 16 |
|
| ប្រជាជនដែលអង្គុយក្នុងសេចក្តីងងឹត បានឃើញពន្លឺមួយយ៉ាងអស្ចារ្យ មានពន្លឺរះឡើងបំភ្លឺដល់អស់អ្នក ដែលអង្គុយក្នុងស្រុក និងម្លប់នៃសេចក្តីស្លាប់» ។ |
|
| 17 |
|
| តាំងពីពេលនោះមក ព្រះយេស៊ូវបានចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ»។ |
|
| 18 |
|
| ពេលព្រះយេស៊ូវយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ ដ្បិតពួកគេជាអ្នកនេសាទ។ |
|
| 19 |
|
| ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។ |
|
| 20 |
|
| គេក៏ទុកសំណាញ់ចោល ហើយដើរតាមព្រះអង្គភ្លាម។ |
|
| 21 |
|
| ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ |
|
| 22 |
|
| ភ្លាមនោះ គេក៏ចេញពីទូក និងពីឪពុករបស់ខ្លួន ហើយដើរតាមព្រះអង្គទៅ។ |
|
| 23 |
|
| ព្រះយេស៊ូវយាងទៅពាសពេញក្នុងស្រុកកាលីឡេ ព្រះអង្គបង្រៀននៅតាមសាលាប្រជុំរបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីព្រះរាជ្យ ទាំងប្រោសជំងឺរោគាគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជា។ |
|
| 24 |
|
| ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ |
|
| 25 |
|
| មានមហាជនច្រើនកុះករ មកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងពីខាងនាយទន្លេយ័រដាន់ គេនាំគ្នាដើរតាមព្រះអង្គ។ |
|
|
|
|