|
| 1 |
|
| កាលយាងចុះទូករួចហើយ ព្រះអង្គក៏ឆ្លងទៅដល់ក្រុងរបស់ព្រះអង្គ។ |
|
| 2 |
|
| មើល៍មានគេនាំមនុស្សស្លាប់ដៃជើងម្នាក់ ដេកលើគ្រែ មករកព្រះអង្គ ពេលព្រះយេស៊ូទតឃើញជំនឿរបស់ពួកគេ ព្រះអង្គក៏មានបន្ទូលទៅមនុស្សស្លាប់ដៃជើងនោះថា៖ «ចូរមានទឹកចិត្ដឡើង កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។ |
|
| 3 |
|
| ឯពួកគ្រូវិន័យខ្លះបាននិយាយគ្នាថា៖ «មើល៍! មនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ហើយ» |
|
| 4 |
|
| កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ? |
|
| 5 |
|
| ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង? |
|
| 6 |
|
| ប៉ុន្ដែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅមនុស្សស្លាប់ដៃជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ទៅផ្ទះចុះ» |
|
| 7 |
|
| គាត់ក្រោកឡើង ហើយទៅផ្ទះរបស់គាត់វិញ។ |
|
| 8 |
|
| កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។ |
|
| 9 |
|
| កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ |
|
| 10 |
|
| ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារនៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួមបរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។ |
|
| 11 |
|
| ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?» |
|
| 12 |
|
| ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ |
|
| 13 |
|
| ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។ |
|
| 14 |
|
| បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ីតមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?» |
|
| 15 |
|
| ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។ |
|
| 16 |
|
| ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត |
|
| 17 |
|
| ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។ |
|
| 18 |
|
| ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។ |
|
| 19 |
|
| ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់។ |
|
| 20 |
|
| មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ |
|
| 21 |
|
| ដ្បិតស្ដ្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។ |
|
| 22 |
|
| ព្រះយេស៊ូក៏ងាកមើលស្ដ្រីនោះ ហើយមានបន្ទូលថា៖ «កូនស្រីអើយ! ចូររីករាយឡើង ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។ |
|
| 23 |
|
| កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។ |
|
| 24 |
|
| ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។ |
|
| 25 |
|
| ពេលបណ្ដេញបណ្ដាជនទៅក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។ |
|
| 26 |
|
| ដំណឹងនេះបានឮសុសសាយពាសពេញតំបន់នោះ។ |
|
| 27 |
|
| កាលព្រះយេស៊ូយាងចេញឆ្ងាយពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គ ទាំងស្រែកថា៖ «ឱពូជពង្សដាវីឌអើយ! សូមមេត្ដាដល់យើងខ្ញុំផង»។ |
|
| 28 |
|
| ពេលយាងចូលដល់ក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងពីរនាក់បានចូលមកជិតព្រះអង្គ ហើយព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកទាំងពីរជឿថាខ្ញុំអាចធ្វើការនេះបានដែរឬទេ?» ពួកគេទូលថា៖ «បាទ លោកម្ចាស់» |
|
| 29 |
|
| បន្ទាប់មក ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ដោយមានបន្ទូលថា៖ «សូមឲ្យបានសម្រេចតាមជំនឿរបស់អ្នកទាំងពីរចុះ» |
|
| 30 |
|
| ភ្នែករបស់ពួកគេក៏ភ្លឺឡើង រួចព្រះយេស៊ូមានបន្ទូលហាមពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «ចូរប្រយ័ត្ន! កុំឲ្យនរណាម្នាក់ដឹងឲ្យសោះ» |
|
| 31 |
|
| ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។ |
|
| 32 |
|
| ពេលអ្នកទាំងពីរនោះកំពុងចេញទៅ មើល៍ មានគេនាំយកមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះអង្គ |
|
| 33 |
|
| ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ» |
|
| 34 |
|
| ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ីបាននិយាយថា៖ «ម្នាក់នេះបណ្ដេញអារក្សដោយសារមេអារក្សទេ»។ |
|
| 35 |
|
| ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា។ |
|
| 36 |
|
| ពេលឃើញបណ្ដាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។ |
|
| 37 |
|
| បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច |
|
| 38 |
|
| ដូច្នេះ ចូរទូលសុំព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។ |
|
|
|
|