|
| 1 |
|
| ព្រះអង្គបានចាប់ផ្ដើមបង្រៀនម្ដងទៀតនៅមាត់បឹង ហើយបណ្ដាជនបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គយាងចុះទៅអង្គុយលើទូកក្នុងបឹង រីឯបណ្ដាជនទាំងអស់ក៏នៅលើគោកតាមមាត់បឹង |
|
| 2 |
|
| ព្រះអង្គបានបង្រៀនពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូច ហើយនៅក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលទៅគេថា៖ |
|
| 3 |
|
| «ចូរស្ដាប់! មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ |
|
| 4 |
|
| ពេលកំពុងព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់ |
|
| 5 |
|
| គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី ហើយក៏ដុះឡើងភ្លាម ពីព្រោះដីមិនជ្រៅ |
|
| 6 |
|
| ហើយនៅពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិត ដោយព្រោះគ្មានឫស |
|
| 7 |
|
| គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន |
|
| 8 |
|
| ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។ |
|
| 9 |
|
| បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា៖ «អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។ |
|
| 10 |
|
| នៅពេលព្រះអង្គគង់នៅតែឯង សាវកទាំងដប់ពីរ និងអ្នកផ្សេងទៀតដែលនៅជុំវិញព្រះអង្គ បានទូលសួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ |
|
| 11 |
|
| ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់បានប្រទានមកអ្នករាល់គ្នា ប៉ុន្ដែសម្រាប់អ្នកក្រៅ សេចក្ដីទាំងនោះបានមកដល់គេតាមរយៈរឿងប្រៀបប្រដូចវិញ |
|
| 12 |
|
| ដើម្បីឲ្យពួកគេមើល តែមិនឃើញ ឲ្យស្ដាប់ តែមិនយល់ ក្រែងលោគេប្រែចិត្ដ ហើយទទួលបានការលើកលែងទោស» |
|
| 13 |
|
| ហើយព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបប្រដូចនេះទេឬ? បើដូច្នេះ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាយល់រឿងប្រៀបប្រដូចទាំងអស់បាន? |
|
| 14 |
|
| គឺមានអ្នកព្រោះពូជម្នាក់ព្រោះព្រះបន្ទូល |
|
| 15 |
|
| អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ |
|
| 16 |
|
| អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ |
|
| 17 |
|
| ប៉ុន្ដែដោយព្រោះគេមិនចាក់ឫស គេធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម |
|
| 18 |
|
| ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល |
|
| 19 |
|
| ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ |
|
| 20 |
|
| ហើយអ្នកខ្លះទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើដីល្អ គេឮព្រះបន្ទូលក៏ទទួលយក ហើយបង្កើតផលផ្លែ មួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។ |
|
| 21 |
|
| បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគេថា៖ «តើគេយកចង្កៀងទៅដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែឬ? តើគេមិនដាក់វានៅលើជើងចង្កៀងទេឬអី? |
|
| 22 |
|
| ដ្បិតគ្មានការលាក់កំបាំងអ្វីដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានលាតត្រដាងចេញមកនោះដែរ |
|
| 23 |
|
| អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ» |
|
| 24 |
|
| ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «ចូរពិចារណាពីសេចក្ដីដែលអ្នករាល់គ្នាស្ដាប់ចុះ។ រង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ អ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ ទាំងបន្ថែមឲ្យអ្នករាល់គ្នាទៀតផង |
|
| 25 |
|
| ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។ |
|
| 26 |
|
| ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរព្រះជាម្ចាស់ប្រៀបបាននឹងមនុស្សម្នាក់ ព្រោះគ្រាប់ពូជទៅលើដី |
|
| 27 |
|
| ហើយគាត់ដេកនៅពេលយប់ ក្រោកឡើងនៅពេលថ្ងៃ គាត់មិនបានដឹងថា គ្រាប់ពូជនោះចេញពន្លកដុះឡើងតាមរបៀបណាទេ។ |
|
| 28 |
|
| ដីបង្កើតផលដោយខ្លួនឯង មុនដំបូងជាពន្លក បន្ទាប់មក ចេញជាកួរ ហើយក្រោយមកទៀតចេញជាគ្រាប់ស្រូវពេញលេញ |
|
| 29 |
|
| ប៉ុន្ដែនៅពេលស្រូវទុំ គាត់ក៏យកកណ្ដៀវមកច្រូតភ្លាម ព្រោះដល់រដូវច្រូតកាត់ហើយ»។ |
|
| 30 |
|
| ព្រះអង្គមានបន្ទូលថា៖ «តើយើងប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី ឬតើយើងនឹងប្រើរឿងអ្វី ដើម្បីពន្យល់ពីនគរព្រះជាម្ចាស់? |
|
| 31 |
|
| នគរព្រះជាម្ចាស់ប្រៀបដូចជាគ្រាប់មូតា ជាគ្រាប់តូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់នៅលើផែនដី |
|
| 32 |
|
| ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។ |
|
| 33 |
|
| ព្រះអង្គបានប្រកាសព្រះបន្ទូលដល់ពួកគេជារឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែលពួកគេអាចស្ដាប់បាន។ |
|
| 34 |
|
| ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។ |
|
| 35 |
|
| នៅល្ងាចថ្ងៃនោះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅឯត្រើយម្ខាង»។ |
|
| 36 |
|
| ពួកគេក៏ចាកចេញពីបណ្ដាជន ឯព្រះយេស៊ូនៅតែគង់នៅលើទូកនោះ និងមានទូកផ្សេងទៀតបានទៅជាមួយព្រះអង្គដែរ។ |
|
| 37 |
|
| មានខ្យល់ព្យុះធំមួយកើតឡើង ហើយរលកបានបោកបក់ទៅលើទូក ធ្វើឲ្យទឹកចូលស្ទើរពេញទូក |
|
| 38 |
|
| តែព្រះអង្គគង់នៅកន្សៃទូក ផ្ទំលក់លើខ្នើយ ហើយពួកគេក៏ដាស់ព្រះអង្គ និងទូលទៅព្រះអង្គថា៖ «លោកគ្រូ! យើងវិនាសហើយ! តើលោកមិនខ្វល់ខ្វាយទេឬ?» |
|
| 39 |
|
| ព្រះអង្គបានភ្ញាក់ឡើង ហើយបន្ទោសខ្យល់ និងមានបន្ទូលទៅកាន់រលកថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» នោះខ្យល់ក៏ស្ងប់ ហើយក៏មានភាពស្ងាត់ឈឹង |
|
| 40 |
|
| ព្រះអង្គមានបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ? តើអ្នករាល់គ្នានៅតែគ្មានជំនឿឬ?» |
|
| 41 |
|
| នោះពួកគេកោតខ្លាចយ៉ាងខ្លាំង និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា សូម្បីតែខ្យល់ និងបឹងក៏ស្ដាប់បង្គាប់លោកដែរ?» |
|
|
|
|