|
| 1 |
|
| ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះនឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញព្រះរាជ្យរបស់ព្រះមកដល់ ប្រកបដោយចេស្តា»។ |
|
| 2 |
|
| ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវបានយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ ដាច់ដោយឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ។ |
|
| 3 |
|
| ព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាសដូចពន្លឺ ដែលគ្មានអ្នកណានៅលើផែនដី អាចធ្វើឲ្យសដូច្នេះបានឡើយ។ |
|
| 4 |
|
| ពេលនោះ ពួកសិស្សឃើញលោកអេលីយ៉ា និងលោកម៉ូសេបានលេចមក ហើយសន្ទនាជាមួយព្រះយេស៊ូវ។ |
|
| 5 |
|
| ពេត្រុសទូលទៅព្រះអង្គថា៖ «រ៉ាប៊ី ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ សូមឲ្យយើងខ្ញុំធ្វើត្រសាលបី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។ |
|
| 6 |
|
| គាត់មិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចជាខ្លាំង។ |
|
| 7 |
|
| ពេលនោះ មានពពកមកគ្របបាំងពួកគេ ហើយមានសំឡេងចេញពីពពកនោះមកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង ចូរស្តាប់តាមព្រះអង្គចុះ»។ |
|
| 8 |
|
| រំពេចនោះ គេក្រឡេកមើលជុំវិញខ្លួន ពុំឃើញមានអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះគង់ជាមួយពួកគេ។ |
|
| 9 |
|
| ពេលកំពុងចុះពីភ្នំមក ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ។ |
|
| 10 |
|
| អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។ |
|
| 11 |
|
| បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថា លោកអេលីយ៉ាត្រូវមកមុនដូច្នេះ?» |
|
| 12 |
|
| ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីតាំងការទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានសេចក្តីចែងទុកអំពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង? |
|
| 13 |
|
| ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេបានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចមានសេចក្តីចែងទុកអំពីលោកស្រាប់»។ |
|
| 14 |
|
| ពេលបានមកជួបពួកសិស្សឯទៀតៗវិញហើយ គេឃើញមានមហាជនច្រើនកុះករឈរព័ទ្ធជុំវិញអ្នកទាំងនោះ ហើយមានពួកអាចារ្យខ្លះកំពុងជជែកជាមួយពួកគេ។ |
|
| 15 |
|
| កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។ |
|
| 16 |
|
| ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយអ្នកទាំងនេះអំពីអ្វី?» |
|
| 17 |
|
| ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល |
|
| 18 |
|
| ហើយពេលណាវិញ្ញាណនោះចូលម្តងៗ វាធ្វើឲ្យកូនខ្ញុំប្រកាច់ជាខ្លាំង បែកពពុះមាត់ សង្កៀតធ្មេញ ហើយទៅជារឹងខ្លួន។ ខ្ញុំបានសុំឲ្យពួកសិស្សរបស់លោកគ្រូដេញវិញ្ញាណនោះដែរ តែគេពុំអាចដេញវាចេញបានសោះ»។ |
|
| 19 |
|
| ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ឱជំនាន់មនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ |
|
| 20 |
|
| គេក៏នាំក្មេងនោះមក។ កាលវិញ្ញាណនោះឃើញព្រះអង្គ វាក៏ធ្វើឲ្យក្មេងនោះប្រកាច់ប្រកិន ដួលននៀលនៅលើដី ទាំងបែកពពុះមាត់ភ្លាមមួយរំពេច។ |
|
| 21 |
|
| ព្រះអង្គមានព្រះបន្ទូលសួរឪពុកថា៖ «តើក្មេងនេះធ្វើទុក្ខដូច្នេះតាំងពីពេលណាមក?» គាត់ទូលឆ្លើយថា៖ «តាំងតែពីតូចមកម៉្លេះ។ |
|
| 22 |
|
| វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។ |
|
| 23 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។ |
|
| 24 |
|
| ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!» |
|
| 25 |
|
| កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ |
|
| 26 |
|
| វាក៏ស្រែកឡើង ទាំងធ្វើឲ្យក្មេងនោះប្រកាច់ជាខ្លាំង រួចចេញទៅ ឯក្មេងនោះត្រឡប់ដូចជាស្លាប់ ហើយមនុស្សជាច្រើននិយាយថា៖ «វាស្លាប់ហើយ!» |
|
| 27 |
|
| ប៉ុន្តែ ព្រះយេស៊ូវចាប់ដៃក្មេងនោះឲ្យក្រោកឡើង ហើយវាក៏ក្រោកឈរ។ |
|
| 28 |
|
| ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណនេះចេញបាន?» |
|
| 29 |
|
| ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណបែបនេះបាន គ្មានអ្វីក្រៅតែពីការអធិស្ឋាន [និងតម]នោះទេ»។ |
|
| 30 |
|
| ពួកគេបានចេញដំណើរពីទីនោះ កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹងឡើយ |
|
| 31 |
|
| ដ្បិតព្រះអង្គបានបង្រៀនពួកសិស្សព្រះអង្គ ដោយមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងសម្លាប់លោក ហើយបីថ្ងៃក្រោយពីគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ»។ |
|
| 32 |
|
| ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។ |
|
| 33 |
|
| បន្ទាប់មក ពួកគេបានមកដល់ក្រុងកាពើណិម ហើយពេលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាជជែកគ្នាអំពីអ្វីនៅតាមផ្លូវ?» |
|
| 34 |
|
| ប៉ុន្ដែ ពួកគេនៅស្ងៀម ព្រោះនៅតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាធំជាងគេ។ |
|
| 35 |
|
| ព្រះអង្គគង់ចុះ ហៅអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវធ្វើជាអ្នកចុងក្រោយគេបង្អស់ និងជាអ្នកបម្រើគេទាំងអស់គ្នា»។ |
|
| 36 |
|
| បន្ទាប់មក ព្រះអង្គយកក្មេងតូចម្នាក់មកដាក់នៅកណ្តាលពួកគេ ទ្រង់ឱបក្មេងនោះ ហើយមានព្រះបន្ទូលទៅគេថា៖ |
|
| 37 |
|
| «អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។ |
|
| 38 |
|
| យ៉ូហានទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំបានឃើញបុរសម្នាក់កំពុងដេញអារក្សក្នុងនាមលោកគ្រូ ហើយយើងខ្ញុំបានហាមឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»។ |
|
| 39 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាធ្វើការអស្ចារ្យក្នុងនាមខ្ញុំ អាចនឹងនិយាយអាក្រក់ពីខ្ញុំភា្លមនោះឡើយ។ |
|
| 40 |
|
| អ្នកណាដែលមិនទាស់នឹងយើង អ្នកនោះនៅខាងយើងហើយ។ |
|
| 41 |
|
| ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នាផឹកក្នុងនាមខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។ |
|
| 42 |
|
| «ប្រសិនបើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំជំពប់ដួល ស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយទម្លាក់ចុះទៅក្នុងសមុទ្រ ប្រសើរដល់អ្នកនោះជាជាង។ |
|
| 43 |
|
| ប្រសិនបើដៃរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង នោះប្រសើរជាងមានដៃទាំងពីរ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលមិនអាចពន្លត់បាន |
|
| 44 |
|
| [ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ |
|
| 45 |
|
| ប្រសិនបើជើងរបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរកាត់ចេញ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានជើងតែម្ខាង នោះប្រសើរជាងមានជើងទាំងពីរ ហើយត្រូវបោះទៅក្នុងនរក |
|
| 46 |
|
| [ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់]។ |
|
| 47 |
|
| ប្រសិនបើភ្នែករបស់អ្នក នាំឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ស៊ូឲ្យអ្នកចូលក្នុងព្រះរាជ្យរបស់ព្រះមានភ្នែកតែម្ខាង នោះប្រសើរជាងមានភ្នែកទាំងពីរ ហើយត្រូវបោះទៅក្នុងនរក |
|
| 48 |
|
| ជាកន្លែងដែលមានដង្កូវមិនចេះស្លាប់ ហើយភ្លើងដែលឆេះមិនរលត់។ |
|
| 49 |
|
| ដ្បិតគ្រប់គ្នានឹងមានជាតិប្រៃដោយសារភ្លើង ហើយគ្រប់ទាំងយញ្ញបូជានឹងមានជាតិប្រៃដោយសារអំបិល។ |
|
| 50 |
|
| អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចឲ្យប្រៃវិញបាន? ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយសុខសាន្តចុះ»។ |
|
|
|
|