|
| 1 |
|
| នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី។ |
|
| 2 |
|
| ការចុះបញ្ជីមុនដំបូងនេះ ធ្វើឡើងនៅពេលលោកគីរេនាសធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ |
|
| 3 |
|
| មនុស្សទាំងអស់ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចុះបញ្ជី។ |
|
| 4 |
|
| រីឯយ៉ូសែប ក៏ធ្វើដំណើរពីភូមិណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ព្រះបាទដាវីឌ ឈ្មោះបេថ្លេហិម ព្រោះគាត់ជារាជវង្ស និងជាព្រះញាតិព្រះបាទដាវីឌ |
|
| 5 |
|
| ដើម្បីចុះបញ្ជីជាមួយម៉ារា ជាគូដណ្តឹងដែលមានគភ៌នោះ។ |
|
| 6 |
|
| ពេលអ្នកទាំងពីរកំពុងនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់។ |
|
| 7 |
|
| នាងប្រសូតបានបុត្រាច្បងមក ហើយរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ |
|
| 8 |
|
| នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។ |
|
| 9 |
|
| ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។ |
|
| 10 |
|
| ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់ |
|
| 11 |
|
| ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។ |
|
| 12 |
|
| នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយ រុំនឹងសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ |
|
| 13 |
|
| រំពេចនោះ មានពួកពលបរិវារកកកុញពីស្ថានសួគ៌ នៅជាមួយទេវតានោះ ហើយពោលសរសើរដល់ព្រះថា៖ |
|
| 14 |
|
| «សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឲ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។ |
|
| 15 |
|
| កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។ |
|
| 16 |
|
| ដូច្នេះ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំនៅក្នុងស្នូកសត្វ។ |
|
| 17 |
|
| កាលបានឃើញហើយ គេក៏រៀបរាប់អំពីសេចក្តីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ |
|
| 18 |
|
| ហើយអស់អ្នកដែលបានឮ ក៏មានសេចក្តីអស្ចារ្យនឹងពាក្យដែលពួកគង្វាលបានប្រាប់។ |
|
| 19 |
|
| ប៉ុន្តែ ម៉ារារក្សារឿងទាំងនោះ ទាំងត្រិះរិះពិចារណានៅតែក្នុងចិត្តវិញ។ |
|
| 20 |
|
| ឯពួកគង្វាលក៏វិលត្រឡប់ទៅវិញ ទាំងថ្វាយសិរីល្អ ហើយសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញ ដូចជាទេវតាបានប្រាប់។ |
|
| 21 |
|
| លុះដល់គម្រប់ប្រាំបីថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនពេលទ្រង់ចាប់កំណើតក្នុងផ្ទៃ។ |
|
| 22 |
|
| លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ |
|
| 23 |
|
| ដូចមានសេចក្តីចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា៖ «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» |
|
| 24 |
|
| ហើយគេថ្វាយយញ្ញបូជា តាមសេចក្តីដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលកមួយគូ ឬព្រាបជំទើរពីរ» ។ |
|
| 25 |
|
| នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។ |
|
| 26 |
|
| ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ |
|
| 27 |
|
| ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ហើយពេលមាតាបិតានាំព្រះឱរសព្រះយេស៊ូវចូលមក ដើម្បីថ្វាយដល់ព្រះអម្ចាស់តាមទម្លាប់ក្រឹត្យវិន័យ |
|
| 28 |
|
| នោះគាត់ក៏ទទួលព្រះឱរសមកបី រួចសរសើរតម្កើងព្រះ ដោយពាក្យថា៖ |
|
| 29 |
|
| «ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គបានបើកឲ្យបាវបម្រើ របស់ព្រះអង្គចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គហើយ |
|
| 30 |
|
| ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ |
|
| 31 |
|
| ដែលទ្រង់បានរៀបចំនៅមុខមនុស្សទាំងអស់ |
|
| 32 |
|
| ជាពន្លឺសម្រាប់បើកសម្តែងឲ្យសាសន៍ដទៃឃើញ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ»។ |
|
| 33 |
|
| រីឯយ៉ូសែប និងម៉ារា មានសេចក្តីអស្ចារ្យនឹងពាក្យទាំងប៉ុន្មាន ដែលគេនិយាយអំពីព្រះអង្គ។ |
|
| 34 |
|
| ស៊ីម្មានជូនពរពួកគេ ហើយនិយាយទៅកាន់ម៉ារា ជាមាតាព្រះអង្គថា៖ «មើល៍! បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ និងសម្រាប់ជាទីសម្គាល់ដែលគេនឹងនិយាយប្រឆាំង |
|
| 35 |
|
| ឯនាងវិញ នឹងមានដាវចាក់ទម្លុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសម្តែងចេញមក»។ |
|
| 36 |
|
| មានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនរបស់ផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ គាត់ចាស់ណាស់ហើយ គាត់រស់នៅជាមួយប្តីបានប្រាំពីរឆ្នាំក្រោយពេលរៀបការ |
|
| 37 |
|
| គាត់នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់នៅតែក្នុងព្រះវិហារ មិនដែលចេញទៅណាឡើយ គាត់ថ្វាយបង្គំព្រះ ដោយតម និងអធិស្ឋានទាំងយប់ទាំងថ្ងៃ។ |
|
| 38 |
|
| គាត់បានឡើងមកនៅវេលានោះឯង ហើយចាប់ផ្តើមអរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅទន្ទឹងរង់ចាំការប្រោសលោះដល់ក្រុងយេរូសាឡិម។ |
|
| 39 |
|
| កាលបានធ្វើសម្រេចគ្រប់ទាំងអស់ តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ហើយ ពួកគាត់ក៏នាំគ្នាវិលត្រឡប់ទៅស្រុកវិញ គឺទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ |
|
| 40 |
|
| ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។ |
|
| 41 |
|
| ជារៀងរាល់ឆ្នាំ មាតាបិតារបស់ព្រះអង្គតែងតែធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យរំលង។ |
|
| 42 |
|
| កាលព្រះអង្គមានព្រះជន្មបានដប់ពីរព្រះវស្សា ពួកគេក៏នាំគ្នាឡើងទៅចូលរួមពិធីបុណ្យ តាមទំនៀមទម្លាប់។ |
|
| 43 |
|
| លុះពិធីបុណ្យបានចប់សព្វគ្រប់ ពេលពួកគេត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវបានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតារបស់ព្រះអង្គ ពុំបានដឹងទេ |
|
| 44 |
|
| ដោយស្មានថា ព្រះអង្គស្ថិតនៅក្នុងចំណោមអស់អ្នកដែលរួមដំណើរ គេក៏ធ្វើដំណើរអស់រយៈពេលមួយថ្ងៃ បន្ទាប់មក ទើបពួកគាត់ចាប់ផ្តើមសួររកព្រះអង្គ ក្នុងចំណោមញាតិសន្តាន និងពួកអ្នកដែលស្គាល់គ្នា។ |
|
| 45 |
|
| កាលរកមិនឃើញ ពួកគាត់ក៏ត្រឡប់ទៅរកព្រះអង្គនៅក្រុងយេរូសាឡិមវិញ។ |
|
| 46 |
|
| បីថ្ងៃក្រោយមក ពួកគាត់ឃើញព្រះអង្គគង់នៅក្នុងចំណោមពួកគ្រូ ក្នុងព្រះវិហារ កំពុងស្តាប់ និងសួរសំណួរដល់គេ។ |
|
| 47 |
|
| អស់អ្នកដែលស្តាប់ព្រះអង្គ ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។ |
|
| 48 |
|
| ពេលមាតាបិតាបានឃើញព្រះអង្គ ពួកគាត់ក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា៖ «កូនអើយ ហេតុអ្វីបានជាកូនប្រព្រឹត្តនឹងយើងដូច្នេះ? មើល៍! ឪពុក និងម្តាយរបស់កូន ខំដើររកកូនទាំងចិត្តថប់ព្រួយជាខ្លាំង»។ |
|
| 49 |
|
| ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើលោកឪពុកអ្នកម្តាយរកកូនធ្វើអ្វី? តើមិនជ្រាបថា កូនត្រូវនៅក្នុងព្រះដំណាក់របស់ព្រះវរបិតាកូនទេឬ?» |
|
| 50 |
|
| តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ |
|
| 51 |
|
| បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។ |
|
| 52 |
|
| ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។ |
|
|
|
|