|
| 1 |
|
| បីថ្ងៃក្រោយមក មានពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវនៅទីនោះ។ |
|
| 2 |
|
| គេបានយាងព្រះយេស៊ូវ និងអញ្ជើញពួកសិស្សរបស់ព្រះអង្គ ទៅចូលរួមពិធីមង្គលការនោះដែរ។ |
|
| 3 |
|
| ពេលអស់ស្រាទំពាំងបាយជូរ មាតាព្រះយេស៊ូវទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ»។ |
|
| 4 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។ |
|
| 5 |
|
| មាតាព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលលោកប្រាប់ចុះ»។ |
|
| 6 |
|
| នៅទីនោះ មានពាងថ្មប្រាំមួយ ដែលសាសន៍យូដាប្រើសម្រាប់ធ្វើពិធីជម្រះកាយ ពាងមួយៗចំណុះទឹកពីរឬបីអម្រែក។ |
|
| 7 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ» គេក៏ចាក់ទឹកពេញដល់មាត់ពាង។ |
|
| 8 |
|
| ព្រះអង្គមានព្រះបន្ទូលប្រាប់គេថា៖ «ឥឡូវនេះ ចូរដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ |
|
| 9 |
|
| ពេលចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ ហើយមិនដឹងថាស្រានេះមកពីណា (មានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹង) ចៅមហាក៏ហៅកូនកំលោះមកនិយាយថា៖ |
|
| 10 |
|
| «មនុស្សគ្រប់គ្នាតែងលើកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះបានពិសាច្រើនហើយ ទើបលើកស្រាមិនសូវឆ្ងាញ់មកជាក្រោយ តែអ្នកវិញ បែរជាទុកស្រាឆ្ងាញ់មកទល់ពេលនេះ»។ |
|
| 11 |
|
| ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។ |
|
| 12 |
|
| ក្រោយមក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា បងប្អូន និងពួកសិស្សព្រះអង្គ ហើយស្នាក់នៅទីនោះបួនប្រាំថ្ងៃ។ |
|
| 13 |
|
| បុណ្យរំលងរបស់សាសន៍យូដាជិតមកដល់ហើយ ព្រះយេស៊ូវក៏យាងឡើងទៅក្រុងយេរូសាឡិម។ |
|
| 14 |
|
| ពេលព្រះអង្គឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ |
|
| 15 |
|
| ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ ទាំងចៀម ទាំងគោ ហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញ ព្រមទាំងផ្កាប់តុរបស់គេផង។ |
|
| 16 |
|
| ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!» |
|
| 17 |
|
| សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។ |
|
| 18 |
|
| ពេលនោះ ពួកសាសន៍យូដាទូលសួរព្រះអង្គថា៖ «ដែលលោកធ្វើដូច្នេះ តើលោកមានទីសម្គាល់អ្វីបង្ហាញយើង?» |
|
| 19 |
|
| ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ»។ |
|
| 20 |
|
| ពួកសាសន៍យូដាទូលថា៖ «គេសង់ព្រះវិហារនេះអស់សែសិបប្រាំមួយឆ្នាំ តែលោកនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃឬ?» |
|
| 21 |
|
| ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលអំពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ។ |
|
| 22 |
|
| ក្រោយពីព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទើបពួកសិស្សព្រះអង្គនឹកឃើញថា ព្រះអង្គបានមានព្រះបន្ទូលពាក្យនេះ ហើយគេក៏ជឿព្រះគម្ពីរ និងសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល។ |
|
| 23 |
|
| ពេលព្រះអង្គគង់នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យរំលង មនុស្សជាច្រើនបានជឿដល់ព្រះនាមព្រះអង្គ ព្រោះគេឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ |
|
| 24 |
|
| ប៉ុន្តែ ព្រះយេស៊ូវមិនទុកចិត្តគេទេ ព្រោះព្រះអង្គស្គាល់មនុស្សទាំងអស់ |
|
| 25 |
|
| ហើយព្រះអង្គមិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយ ដ្បិតព្រះអង្គជ្រាបពីជម្រៅចិត្តរបស់មនុស្ស។ |
|
|
|
|