|
| 1 |
|
| មានបុរសម្នាក់ក្នុងពួកផារិស៊ីឈ្មោះនីកូដេម លោកជាអ្នកដឹកនាំសាសន៍យូដា។ |
|
| 2 |
|
| លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ |
|
| 3 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។ |
|
| 4 |
|
| លោកនីកូដេមទូលព្រះអង្គថា៖ «ពេលមនុស្សចាស់ហើយ ធ្វើដូចម្តេចឲ្យកើតម្តងទៀតបាន? តើគេអាចចូលទៅក្នុងពោះម្តាយវិញ ហើយកើតម្តងទៀតបានឬ?» |
|
| 5 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា បើមិនបានកើតពីទឹក និងពីព្រះវិញ្ញាណ អ្នកនោះមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះបានឡើយ។ |
|
| 6 |
|
| អ្វីដែលកើតពីសាច់ នោះជាសាច់ ហើយអ្វីដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណ |
|
| 7 |
|
| កុំឆ្ងល់ពីពាក្យដែលខ្ញុំជម្រាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី" នោះឡើយ។ |
|
| 8 |
|
| ខ្យល់ ចង់បក់ទៅណាក៏បាន ហើយអ្នកឮសូរសព្ទរបស់វា តែមិនដឹងថាមកពីណា ឬទៅណាទេ។ អស់អ្នកដែលកើតពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ |
|
| 9 |
|
| លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចកើតឡើងដូចម្តេចបាន?» |
|
| 10 |
|
| ព្រះយេស៊ូវឆ្លើយទៅលោកថា៖ «លោកជាគ្រូរបស់សាសន៍អ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ? |
|
| 11 |
|
| ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។ |
|
| 12 |
|
| បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីអ្វីៗខាងផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចំណង់បើខ្ញុំប្រាប់ពីអ្វីៗខាងស្ថានសួគ៌វិញ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿទៅបាន? |
|
| 13 |
|
| គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស[ដែលគង់នៅស្ថានសួគ៌] |
|
| 14 |
|
| ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ |
|
| 15 |
|
| ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។ |
|
| 16 |
|
| ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ |
|
| 17 |
|
| ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។ |
|
| 18 |
|
| អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។ |
|
| 19 |
|
| ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ |
|
| 20 |
|
| ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ |
|
| 21 |
|
| ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។ |
|
| 22 |
|
| ក្រោយមក ព្រះយេស៊ូវ និងពួកសិស្សព្រះអង្គបានទៅស្រុកយូដា ព្រះអង្គគង់នៅទីនោះជាមួយពួកគេ ហើយធ្វើពិធីជ្រមុជទឹកផង។ |
|
| 23 |
|
| រីឯលោកយ៉ូហាន ក៏កំពុងធ្វើពិធីជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន ហើយមនុស្សចេះតែចូលមក ដើម្បីឲ្យគាត់ជ្រមុជទឹកឲ្យ |
|
| 24 |
|
| ដ្បិតលោកយ៉ូហានមិនទាន់ជាប់គុកនៅឡើយ។ |
|
| 25 |
|
| ពេលនោះ ពួកសិស្សលោកយ៉ូហាន និងសាសន៍យូដាម្នាក់ជជែកគ្នាពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ |
|
| 26 |
|
| ពួកគេមកជួបលោកយ៉ូហាន ជម្រាបថា៖ «រ៉ាប៊ី ម្នាក់ដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ |
|
| 27 |
|
| លោកយ៉ូហានឆ្លើយថា៖ «គ្មានមនុស្សណាអាចទទួលអ្វីបានទេ លើកលែងតែបានប្រទានមកពីស្ថានសួគ៌ប៉ុណ្ណោះ។ |
|
| 28 |
|
| អ្នករាល់គ្នានេះហើយជាបន្ទាល់ពីខ្ញុំ ដែលខ្ញុំបាននិយាយថា "ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែបានចាត់ឲ្យមកមុនព្រះអង្គប៉ុណ្ណោះ"។ |
|
| 29 |
|
| អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។ |
|
| 30 |
|
| ព្រះអង្គត្រូវតែចម្រើនឡើង ហើយខ្ញុំត្រូវតែថយចុះ»។ |
|
| 31 |
|
| «ព្រះអង្គដែលយាងមកពីស្ថានលើ ទ្រង់ខ្ពស់លើសជាងទាំងអស់ ឯអ្នកដែលកើតពីផែនដី នោះជារបស់ផែនដី ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ ទ្រង់ខ្ពស់លើសជាងទាំងអស់។ |
|
| 32 |
|
| ព្រះអង្គធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ និងបានឮ តែគ្មានអ្នកណាទទួលសេចក្តីបន្ទាល់របស់ព្រះអង្គឡើយ។ |
|
| 33 |
|
| អ្នកណាដែលទទួលបន្ទាល់របស់ព្រះអង្គ នោះបានបោះត្រា បញ្ជាក់ថា ទ្រង់ពិតត្រង់មែន។ |
|
| 34 |
|
| ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។ |
|
| 35 |
|
| ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្តព្រះអង្គ។ |
|
| 36 |
|
| អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។ |
|
|
|
|