|
| 1 |
|
| កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន |
|
| 2 |
|
| (តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) |
|
| 3 |
|
| ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ |
|
| 4 |
|
| ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។ |
|
| 5 |
|
| ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។ |
|
| 6 |
|
| នៅទីនោះ មានអណ្តូងរបស់លោកយ៉ាកុប ហើយដោយព្រះយេស៊ូវធ្វើដំណើរអស់កម្លាំង ទ្រង់ក៏គង់នៅមាត់អណ្តូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ |
|
| 7 |
|
| មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។ |
|
| 8 |
|
| (ដ្បិតពួកសិស្សរបស់ព្រះអង្គបានចូលទៅក្នុងក្រុងដើម្បីទិញអាហារ)។ |
|
| 9 |
|
| ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។ |
|
| 10 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។ |
|
| 11 |
|
| ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទេ ហើយអណ្តូងក៏ជ្រៅផង តើលោកបានទឹករស់នោះពីណាមក? |
|
| 12 |
|
| តើលោកធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្តូងនេះមកយើងឬ? លោកយ៉ាកុប កូនចៅរបស់លោក និងហ្វូងសត្វរបស់លោកក៏ផឹកទឹកនេះដែរ»។ |
|
| 13 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត |
|
| 14 |
|
| តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។ |
|
| 15 |
|
| ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក ហើយរវល់តែមកដងនៅទីនេះទៀត»។ |
|
| 16 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។ |
|
| 17 |
|
| ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ដែលនាងថា "នាងខ្ញុំគ្មានប្តីទេ" នោះត្រូវហើយ |
|
| 18 |
|
| ដ្បិតនាងធ្លាប់មានប្តីប្រាំមកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្តីនាងទេ នាងនិយាយនេះត្រូវហើយ!» |
|
| 19 |
|
| ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ |
|
| 20 |
|
| បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។ |
|
| 21 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ពេលវេលានោះមកដល់ហើយ ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតានៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ |
|
| 22 |
|
| អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ |
|
| 23 |
|
| ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ |
|
| 24 |
|
| ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ |
|
| 25 |
|
| ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងថា ព្រះមែស្ស៊ី (ដែលហៅថាព្រះគ្រីស្ទ)នឹងយាងមក ពេលព្រះអង្គយាងមក ព្រះអង្គនឹងប្រាប់ឲ្យយើងដឹងគ្រប់ទាំងអស់»។ |
|
| 26 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ ជាអ្នកដែលកំពុងនិយាយជាមួយនាង»។ |
|
| 27 |
|
| ពេលនោះ ពួកសិស្សព្រះអង្គក៏មកដល់ គេនឹកប្លែកដោយឃើញព្រះអង្គមានព្រះបន្ទូលជាមួយស្ត្រីដូច្នេះ តែគ្មានអ្នកណាហ៊ានទូលសួរថា ព្រះអង្គសួររកអ្វី ឬហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលជាមួយនាងឡើយ។ |
|
| 28 |
|
| ស្ត្រីនោះទុកក្អមចោល ចូលទៅក្នុងក្រុង ហើយប្រាប់គេថា៖ |
|
| 29 |
|
| «ចូរមកមើល៍! មានបុរសម្នាក់ប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?» |
|
| 30 |
|
| គេក៏ចេញពីទីក្រុង ហើយនាំគ្នាមករកព្រះអង្គ។ |
|
| 31 |
|
| ខណៈនោះ ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី សូមអញ្ជើញពិសា!» |
|
| 32 |
|
| ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារទទួលទានហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។ |
|
| 33 |
|
| ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?» |
|
| 34 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ។ |
|
| 35 |
|
| តើអ្នករាល់គ្នាមិនថា "នៅបួនខែទៀតដល់រដូវចម្រូត" ទេឬ? តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែជុំវិញអ្នកចុះ ស្រូវទុំល្មមច្រូតហើយ។ |
|
| 36 |
|
| អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។ |
|
| 37 |
|
| ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ |
|
| 38 |
|
| ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបាននឿយហត់ គឺអ្នកផ្សេងទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានទទួលផលពីការនឿយហត់របស់គេ»។ |
|
| 39 |
|
| មានសាសន៍សាម៉ារីជាច្រើន នៅក្រុងនោះបានជឿដល់ព្រះអង្គ ដោយព្រោះស្ត្រីនោះបានធ្វើបន្ទាល់ថា៖ «លោកប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត»។ |
|
| 40 |
|
| ដូច្នេះ ពេលពួកសាសន៍សាម៉ារីបានមកជួបព្រះអង្គ គេសូមឲ្យព្រះអង្គស្នាក់នៅជាមួយគេ ហើយព្រះអង្គគង់នៅទីនោះពីរថ្ងៃ។ |
|
| 41 |
|
| មានមនុស្សជាច្រើនទៀតបានជឿ ដោយព្រោះព្រះបន្ទូលព្រះអង្គ។ |
|
| 42 |
|
| ពួកគេនិយាយទៅស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនដោយព្រោះពាក្យសម្ដីរបស់នាងប៉ុណ្ណោះទេ យើងជឿដោយព្រោះបានឮព្រះអង្គផ្ទាល់ ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះមនុស្សលោកមែន»។ |
|
| 43 |
|
| ពីរថ្ងៃក្រោយមកទៀត ព្រះយេស៊ូវយាងចេញពីទីនោះទៅស្រុកកាលីឡេ។ |
|
| 44 |
|
| ព្រះអង្គធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា៖ «គេមិនគោរពហោរានៅក្នុងស្រុករបស់ខ្លួនឡើយ»។ |
|
| 45 |
|
| ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ ពួកអ្នកនៅស្រុកក៏ទទួលព្រះអង្គ ព្រោះគេបានឃើញអស់ទាំងការដែលព្រះអង្គបានធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ដ្បិតគេក៏បានទៅបុណ្យនោះដែរ។ |
|
| 46 |
|
| បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។ |
|
| 47 |
|
| កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។ |
|
| 48 |
|
| ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។ |
|
| 49 |
|
| នាម៉ឺននោះទូលព្រះអង្គថា៖ «លោកម្ចាស់ សូមអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។ |
|
| 50 |
|
| ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។ |
|
| 51 |
|
| ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។ |
|
| 52 |
|
| ដូច្នេះ លោកក៏សួរគេពីកូនរបស់លោកបានធូរស្បើយនៅពេលណា រួចគេជម្រាបថា «កូនរបស់លោកបាត់គ្រុន កាលពីម៉ោងមួយរសៀលម្សិលមិញ»។ |
|
| 53 |
|
| ឪពុកដឹងថា ពេលនោះឯងដែលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កូនរបស់លោករស់ហើយ» ហើយលោកក៏ជឿ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់គ្នាផង។ |
|
| 54 |
|
| នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។ |
|
|
|
|