|
| 1 |
|
| កាលព្រះអង្គកំពុងយាងទៅ ព្រះអង្គក៏ទតឃើញបុរសម្នាក់ខ្វាក់ភ្នែកតាំងពីកំណើត |
|
| 2 |
|
| ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើបុរសនេះជាអ្នកមានបាប ឬមួយឪពុកម្តាយរបស់គាត់ជាអ្នកមានបាប បានជាគាត់កើតមកខ្វាក់ភ្នែកដូច្នេះ» |
|
| 3 |
|
| ព្រះយេស៊ូមានបន្ទូលតបថា៖ «មិនមែនដោយសារបុរសនេះ ឬឪពុកម្តាយរបស់គាត់បានធ្វើបាបទេ ប៉ុន្ដែដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានសំដែងមកតាមរយៈគាត់វិញ |
|
| 4 |
|
| ដ្បិតយើងត្រូវបំពេញកិច្ចការរបស់ព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដល់ពេលយប់គ្មាននរណាអាចធ្វើការបានទៀតទេ។ |
|
| 5 |
|
| កាលណាខ្ញុំនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺនៃពិភពលោកនេះ»។ |
|
| 6 |
|
| ពេលមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ស្តោះទឹកមាត់ទៅលើដី ហើយយកទឹកមាត់ធ្វើជាភក់លាបលើភ្នែករបស់បុរសនោះ |
|
| 7 |
|
| រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ» (ពាក្យស៊ីឡោម មានន័យថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាងហើយត្រលប់មកវិញ ទាំងមើលឃើញ។ |
|
| 8 |
|
| នោះពួកអ្នកជិតខាង និងពួកអ្នកដែលធ្លាប់ឃើញគាត់ជាអ្នកសុំទានពីដើមមកបាននិយាយថា៖ «តើបុរសនេះមិនមែនជាអ្នកដែលធ្លាប់តែអង្គុយសុំទានទេឬ?» |
|
| 9 |
|
| អ្នកខ្លះថា៖ «គឺគាត់ហ្នឹងហើយ!» អ្នកខ្លះទៀតថា៖ «ទេ! គាត់គ្រាន់តែស្រដៀងនឹងអ្នកនោះ!» ប៉ុន្ដែគាត់ឆ្លើយថា៖ «ខ្ញុំហ្នឹងហើយ!» |
|
| 10 |
|
| ដូច្នេះពួកគេក៏សួរគាត់ថា៖ «តើដូចម្តេចបានជាភ្នែករបស់អ្នកភ្លឺ?» |
|
| 11 |
|
| បុរសនោះឆ្លើយថា៖ «មានម្នាក់ឈ្មោះយេស៊ូបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំឲ្យទៅលាងនៅក្នុងស្រះស៊ីឡោម ដូច្នេះខ្ញុំបានទៅលាង ហើយក៏មើលឃើញ» |
|
| 12 |
|
| ពួកគេសួរគាត់ទៀតថា៖ «តើអ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!» |
|
| 13 |
|
| ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។ |
|
| 14 |
|
| ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។ |
|
| 15 |
|
| ដូច្នេះពួកអ្នកខាងគណៈផារិស៊ីបានសួរគាត់ម្តងទៀត អំពីរបៀបដែលធ្វើឲ្យគាត់មើលឃើញ នោះគាត់ប្រាប់ពួកគេវិញថា៖ «គាត់បានយកភក់មកលាបលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានទៅលាង ហើយក៏មើលឃើញ»។ |
|
| 16 |
|
| ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។ |
|
| 17 |
|
| ពួកគេក៏សួរបុរសខ្វាក់ភ្នែកពីមុននោះម្តងទៀតថា៖ «តើអ្នកគិតថា អ្នកដែលធ្វើឲ្យភ្នែករបស់អ្នកភ្លឺនោះជានរណា?» គាត់ឆ្លើយថា៖ «គាត់ជាអ្នកនាំព្រះបន្ទូល»។ |
|
| 18 |
|
| ប៉ុន្ដែពួកជនជាតិយូដាមិនជឿថាគាត់ជាមនុស្សខ្វាក់ ហើយបានមើលឃើញវិញទេ ដូច្នេះក៏ហៅឪពុកម្តាយរបស់គាត់ដែលមានភ្នែកភ្លឺនោះមក |
|
| 19 |
|
| សួរថា៖ «តើអ្នកនេះជាកូនប្រុសរបស់ពួកអ្នក ដែលពួកអ្នកបានប្រាប់ថា ខ្វាក់ភ្នែកពីកំណើតឬ ចុះឥឡូវនេះ ដូចម្ដេចបានជាគាត់មើលឃើញ?» |
|
| 20 |
|
| ឪពុកម្តាយរបស់គាត់ឆ្លើយថា៖ «យើងព្រមទទួលថា នេះជាកូនប្រុសរបស់យើង ហើយវាពិតជាខ្វាក់ពីកំណើតមែន! |
|
| 21 |
|
| ប៉ុន្ដែយើងមិនដឹងថា ឥឡូវនេះ វាមើលឃើញបានយ៉ាងដូចម្ដេចទេ ហើយក៏មិនដឹងថា នរណាបានធ្វើឲ្យភ្នែករបស់វាភ្លឺដែរ វាដឹងក្ដីហើយ សូមសួរវាចុះ វាអាចឆ្លើយដោយខ្លួនឯងបាន»។ |
|
| 22 |
|
| ឪពុកម្តាយរបស់គាត់និយាយដូច្នេះ ព្រោះខ្លាចពួកជនជាតិយូដា ដ្បិតពួកជនជាតិយូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាទទួលស្គាល់ព្រះអង្គថាជាព្រះគ្រិស្ដ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំ។ |
|
| 23 |
|
| ហេតុនេះបានជាឪពុកម្តាយរបស់គាត់និយាយថា វាដឹងក្ដីហើយ សូមសួរវាចុះ។ |
|
| 24 |
|
| ដូច្នេះ ពួកគេក៏ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជាលើកទីពីរ ប្រាប់ថា៖ «ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ដោយនិយាយការពិតចុះ ដ្បិតយើងដឹងថា អ្នកនោះជាមនុស្សបាប» |
|
| 25 |
|
| គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើអ្នកនោះជាមនុស្សបាប ឬយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ពីមុនខ្ញុំខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះ ខ្ញុំមើលឃើញ» |
|
| 26 |
|
| ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?» |
|
| 27 |
|
| គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ ប៉ុន្ដែអស់លោកពុំស្តាប់ខ្ញុំទេ ហេតុអ្វីបានជាអស់លោកចង់ស្តាប់ម្តងទៀត តើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?» |
|
| 28 |
|
| ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ ជាសិស្សរបស់លោកម៉ូសេ |
|
| 29 |
|
| ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!» |
|
| 30 |
|
| បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណា ប៉ុន្ដែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។ |
|
| 31 |
|
| យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់មនុស្សបាបទេ ប៉ុន្ដែបើមានអ្នកណាម្នាក់កោតខ្លាចព្រះជាម្ចាស់ ហើយធ្វើតាមបំណងរបស់ព្រះអង្គ ទើបព្រះអង្គស្តាប់អ្នកនោះ |
|
| 32 |
|
| តាំងពីដើមមកមិនដែលឮថា មានអ្នកណាម្នាក់ធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ពីកំណើតភ្លឺឡើយ |
|
| 33 |
|
| ដូច្នេះបើគាត់មិនមែនមកពីព្រះជាម្ចាស់ទេ គាត់ពុំអាចធ្វើអ្វីបានឡើយ» |
|
| 34 |
|
| ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុង តើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្តេញគាត់ចេញ។ |
|
| 35 |
|
| កាលព្រះយេស៊ូឮថា ពួកគេបណ្តេញគាត់ចេញ នោះពេលព្រះអង្គជួបគាត់ ព្រះអង្គក៏មានបន្ទូលសួរថា៖ «តើអ្នកជឿលើកូនមនុស្សដែរឬទេ?» |
|
| 36 |
|
| គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណា ដែលអាចឲ្យខ្ញុំជឿគាត់បាន?» |
|
| 37 |
|
| ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញគាត់ហើយ គឺអ្នកដែលកំពុងនិយាយជាមួយអ្នកនេះហើយ ជាកូនមនុស្ស» |
|
| 38 |
|
| គាត់ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំជឿហើយ!» រួចគាត់ក៏ថ្វាយបង្គំព្រះអង្គ។ |
|
| 39 |
|
| ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះ គឺដើម្បីឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញត្រលប់ជាខ្វាក់វិញ» |
|
| 40 |
|
| កាលពួកអ្នកខាងគណៈផារិស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលសួរព្រះអង្គថា៖ «តើយើងខ្វាក់ដែរឬទេ?» |
|
| 41 |
|
| ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាមនុស្សខ្វាក់ អ្នករាល់គ្នាគ្មានបាបទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នានិយាយថា យើងមើលឃើញ នោះបាបរបស់អ្នករាល់គ្នានៅតែមាន។ |
|
|
|
|