|
| 1 |
|
| «អ្នករាល់គ្នាជាបងប្អូន និងជាឪពុកអើយ សូមស្តាប់ពាក្យស្រាយបំភ្លឺរបស់ខ្ញុំសិន!»។ |
|
| 2 |
|
| កាលគេឮលោកនិយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀម។ លោកមានប្រសាសន៍ថា៖ |
|
| 3 |
|
| «ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានមករស់នៅទីក្រុងនេះ បានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរឹង នៅទៀបជើងរបស់លោកកាម៉ាលាល ហើយខ្ញុំមានចិត្តខ្នះខ្នែងចំពោះព្រះ ដូចអ្នករាល់គ្នានៅថ្ងៃនេះដែរ។ |
|
| 4 |
|
| ខ្ញុំបានបៀតបៀនអ្នកដែលដើរតាមផ្លូវនេះ រហូតដល់សម្លាប់គេ ដោយចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកទៀតផង |
|
| 5 |
|
| ដូចមានសម្តេចសង្ឃ និងក្រុមប្រឹក្សារបស់ពួកចាស់ទុំទាំងមូល ជាបន្ទាល់ពីខ្ញុំស្រាប់។ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនោះ យកទៅជូនពួកបងប្អូននៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅចាប់ចងអស់អ្នកដែលនៅទីនោះ ហើយនាំពួកគេមកធ្វើទោសនៅក្រុងយេរូសាឡិម»។ |
|
| 6 |
|
| «ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស ប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។ |
|
| 7 |
|
| ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមួយពោលមកខ្ញុំថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?"។ |
|
| 8 |
|
| ខ្ញុំបានឆ្លើយថា៖ "ព្រះអម្ចាស់អើយ តើព្រះអង្គជាអ្នកណា?" ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ខ្ញុំជាយេស៊ូវ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន"។ |
|
| 9 |
|
| ពេលនោះ អស់អ្នកដែលនៅជាមួយខ្ញុំ ក៏ឃើញពន្លឺនោះដែរ តែមិនឮសំឡេងព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំនោះទេ។ |
|
| 10 |
|
| ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្តេច?" ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាសទៅ ដ្បិតនៅទីនោះ គេនឹងប្រាប់អ្នកពីកិច្ចការដែលព្រះតម្រូវឲ្យអ្នកធ្វើ"។ |
|
| 11 |
|
| ដោយខ្ញុំមើលអ្វីមិនឃើញសោះ ដោយសាររស្មីដ៏រុងរឿងនៃពន្លឺនោះ អស់អ្នកដែលនៅជាមួយខ្ញុំក៏បានដឹកដៃនាំខ្ញុំចូលទៅក្រុងដាម៉ាស។ |
|
| 12 |
|
| មានបុរសម្នាក់ឈ្មោះអាណានាស ជាអ្នកគោរពកោតខ្លាចព្រះ ស្របតាមក្រឹត្យវិន័យ ហើយមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមសាសន៍យូដាទាំងអស់ដែលរស់នៅទីនោះ |
|
| 13 |
|
| គាត់បានមកជួបខ្ញុំ ហើយឈរជិតខ្ញុំនិយាយថា "សុលអើយ សូមឲ្យភ្នែកបងបានភ្លឺឡើងវិញចុះ!" នៅវេលានោះឯង ភ្នែកខ្ញុំក៏ភ្លឺ ហើយមើលឃើញគាត់។ |
|
| 14 |
|
| គាត់និយាយថា "ព្រះនៃបុព្វបុរសរបស់យើង បានតម្រូវឲ្យបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់ |
|
| 15 |
|
| ដ្បិតបងត្រូវធ្វើជាស្មរបន្ទាល់របស់ព្រះអង្គ ដល់មនុស្សទាំងអស់ ពីហេតុការណ៍ដែលបងបានឃើញ និងបានឮ។ |
|
| 16 |
|
| ឥឡូវនេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់ ដើម្បីលាងបាបរបស់បងទៅ!"។ |
|
| 17 |
|
| កាលខ្ញុំបានត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយពេលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មាតីទៅ |
|
| 18 |
|
| ហើយឃើញព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅ ព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់អំពីខ្ញុំទេ"។ |
|
| 19 |
|
| ខ្ញុំក៏ទូលថា "ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងស្រាប់ហើយថា នៅតាមសាលាប្រជុំ ទូលបង្គំបានចាប់អស់អ្នកដែលបានជឿដល់ព្រះអង្គដាក់គុក ហើយវាយដំទៀតផង។ |
|
| 20 |
|
| កាលឈាមរបស់លោកស្ទេផាន ជាស្មរបន្ទាល់របស់ព្រះអង្គបានខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ ទាំងយល់ព្រមឲ្យគេសម្លាប់គាត់ ដោយនៅយាមអាវរបស់ពួកអ្នកដែលសម្លាប់គាត់ផងដែរ"។ |
|
| 21 |
|
| ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរចេញទៅ យើងនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ"»។ |
|
| 22 |
|
| ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។ |
|
| 23 |
|
| ពេលគេកំពុងស្រែក ទាំងគ្រវែងអាវរបស់គេចោល ហើយបាចធូលីដីទៅលើ |
|
| 24 |
|
| នោះមេទ័ពធំក៏បង្គាប់ឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ ដោយប្រាប់គេឲ្យវាយសួរចម្លើយ ដើម្បីចង់ដឹងពីហេតុដែលគេស្រែកទាស់នឹងលោកបែបនេះ។ |
|
| 25 |
|
| ប៉ុន្តែ នៅពេលគេយកខ្សែមកចងសន្ធឹងលោកប៉ុល នោះលោកក៏មានប្រសាសន៍ទៅមេទ័ពរងដែលឈរនៅជិតនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យវាយសាសន៍រ៉ូមនឹងរំពាត់ ដោយមិនបានកាត់ទោសដូច្នេះឬ?» |
|
| 26 |
|
| ពេលមេទ័ពរងឮដូច្នេះ គាត់ក៏ទៅជម្រាបមេទ័ពធំថា៖ «តើលោកគិតធ្វើអ្វីហ្នឹង? ដ្បិតអ្នកនេះជាសាសន៍រ៉ូមទេតើ»។ |
|
| 27 |
|
| មេទ័ពធំក៏ចូលមកសួរលោកប៉ុលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាសាសន៍រ៉ូមមែនឬ?» លោកឆ្លើយថា៖ «បាទ!» |
|
| 28 |
|
| មេទ័ពធំពោលថា៖ «ខ្ញុំបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានសញ្ជាតិរ៉ូមនេះ»។ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំមានសញ្ជាតិរ៉ូមតាំងពីកំណើតមកម៉្លេះ»។ |
|
| 29 |
|
| ដូច្នេះ អស់អ្នកបម្រុងនឹងសួរចម្លើយលោកប៉ុល ក៏ដកខ្លួនថយចេញពីលោកភ្លាម ហើយមេទ័ពធំក៏ភិតភ័យដែរ ដ្បិតគាត់ដឹងថា លោកប៉ុលមានសញ្ជាតិរ៉ូម ព្រោះគាត់បានជ្រុលចងលោកទៅហើយ។ |
|
| 30 |
|
| ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់ពីមូលហេតុ ដែលសាសន៍យូដាចោទប្រកាន់លោកប៉ុល លោកមេទ័ពក៏ស្រាយចំណង ហើយបង្គាប់ឲ្យពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចក៏នាំលោកប៉ុលចុះមក ហើយឲ្យឈរនៅមុខពួកគេ។ |
|
|
|
|