|
| 1 |
|
| ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ |
|
| 2 |
|
| «បពិត្រព្រះរាជា ទូលបង្គំមានកិត្តិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភក្ត្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ |
|
| 3 |
|
| ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និងអំពីសេចក្ដីដែលគេនិយមជជែកវែកញែក។ ហេតុនេះ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ |
|
| 4 |
|
| ជនជាតិយូដាទាំងមូលស្គាល់ប្រវត្តិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និងនៅក្រុងយេរូសាឡឹមរបៀបណាដែរ។ |
|
| 5 |
|
| គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី* ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។ |
|
| 6 |
|
| ប៉ុន្តែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស*របស់យើង។ |
|
| 7 |
|
| កុលសម្ព័ន្ធ*ទាំងដប់ពីររបស់យើងនាំគ្នាគោរពបំរើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះ នឹងបានសំរេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ |
|
| 8 |
|
| ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ អោយរស់ឡើងវិញ ជាការមួយមិនគួរអោយជឿដូច្នេះ! |
|
| 9 |
|
| ចំណែកឯទូលបង្គំផ្ទាល់ ពីដើមទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ |
|
| 10 |
|
| ហើយទូលបង្គំបានប្រព្រឹត្តដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ* ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។ |
|
| 11 |
|
| ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំអោយគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។ |
|
| 12 |
|
| ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។ |
|
| 13 |
|
| បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។ |
|
| 14 |
|
| ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។ |
|
| 15 |
|
| ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ |
|
| 16 |
|
| ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនអោយអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកអោយបំរើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញអោយអ្នកឃើញនៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញអោយអ្នកឃើញនៅពេលខាងមុខ។ |
|
| 17 |
|
| ខ្ញុំបានរំដោះអ្នកអោយរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកអោយទៅរកសាសន៍ទាំងនោះ |
|
| 18 |
|
| ដើម្បីបើកភ្នែកគេអោយភ្លឺ អោយគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសអោយរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសអោយបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។ |
|
| 19 |
|
| បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។ |
|
| 20 |
|
| ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃអោយកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។ |
|
| 21 |
|
| មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ* ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។ |
|
| 22 |
|
| ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ |
|
| 23 |
|
| ពោលគឺព្រះគ្រិស្ដ*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ»។ |
|
| 24 |
|
| កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។ |
|
| 25 |
|
| លោកប៉ូលតបវិញថា៖ «សូមជំរាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។ |
|
| 26 |
|
| ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គ ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថា ព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។ |
|
| 27 |
|
| បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថា ព្រះអង្គពិតជាជឿមែន!»។ |
|
| 28 |
|
| ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកមុខជាធ្វើអោយខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ!»។ |
|
| 29 |
|
| លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្តិចទៀត ឬយូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមអោយព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។ |
|
| 30 |
|
| ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង |
|
| 31 |
|
| ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។ |
|
| 32 |
|
| ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់ លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | | ២៦ | | ២៧ | | ២៨ | | ២៩ | | ៣០ | | ៣១ | | ៣២ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer/acts/026.mp3
28
26