|
| 1 |
|
| កាលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្មោះកោះមេលីត។ |
|
| 2 |
|
| អ្នកស្រុកនោះបានទទួលយើងដោយចិត្តសប្បុរសលើសជាងធម្មតា ដ្បិតគេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ព្រោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។ |
|
| 3 |
|
| លោកប៉ុលបានប្រមូលរំកាច់មែកឈើមួយកង យកមកដាក់លើភ្លើង ហើយដោយត្រូវនឹងកម្ដៅភ្លើង ពស់វែកមួយបានចេញមកចឹកដៃលោកជាប់។ |
|
| 4 |
|
| កាលពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃលោកដូច្នេះ គេក៏និយាយគ្នាថា៖ «អ្នកនេះប្រាកដជាបានសម្លាប់គេហើយ ទោះបើបានរួចពីសមុទ្រក៏ដោយ គង់តែព្រះយុត្តិធម៌ មិនព្រមឲ្យនៅរស់ដែរ»។ |
|
| 5 |
|
| ក៏ប៉ុន្ដែ លោកប៉ុលរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ។ |
|
| 6 |
|
| គេរង់ចាំមើលលោកប៉ុលហើម ឬក៏ត្រូវដួលស្លាប់ តែកាលគេបានរង់ចាំមើលអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញមានហេតុអាក្រក់កើតឡើងដល់លោកសោះ គេក៏ដូរគំនិត ហើយគិតថាលោកជាព្រះវិញ។ |
|
| 7 |
|
| នៅជិតកន្លែងនោះ មានដីដែលជាកម្មសិទ្ធិរបស់មេកោះ ឈ្មោះពូញ្លស គាត់ទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់អស់រយៈពេលបីថ្ងៃ។ |
|
| 8 |
|
| គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។ |
|
| 9 |
|
| បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រជាជនឯទៀតនៅលើកោះនោះដែលមានជំងឺ ក៏បាននាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ |
|
| 10 |
|
| គេគោរពរាប់អានយើងយ៉ាងខ្លាំង ហើយពេលយើងបម្រុងនឹងចេញដំណើរ គេបានជួយឧបត្ថម្ភគ្រប់ទាំងរបស់ដែលយើងត្រូវការ។ |
|
| 11 |
|
| បីខែក្រោយមក យើងចេញដំណើរតាមសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលមានរូបចម្លាក់ព្រះកូនភ្លោះ ចតនៅកោះនោះក្នុងរដូវរងា។ |
|
| 12 |
|
| កាលបានចូលចតនៅក្រុងស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ។ |
|
| 13 |
|
| បន្ទាប់មក យើងចេញពីទីនោះ វាងទៅដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់បក់ពីទិសខាងត្បូង ហើយនៅថ្ងៃទីពីរ យើងមកដល់ក្រុងពូទីយ៉ូលី។ |
|
| 14 |
|
| នៅទីនោះ យើងបានជួបពួកបងប្អូន ហើយគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយគេ អស់រយៈពេលប្រាំពីរថ្ងៃ។ យើងបានមកដល់ក្រុងរ៉ូម គឺដូច្នេះឯង។ |
|
| 15 |
|
| ពួកបងប្អូនដែលនៅទីនោះ កាលគេបានឮដំណឹងអំពីយើង គេក៏ចេញមកជួបយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី។ កាលលោកប៉ុលឃើញគេ លោកក៏អរព្រះគុណព្រះ ហើយមានចិត្តក្លាហានឡើងវិញ។ |
|
| 16 |
|
| ពេលយើងមកដល់ក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅម្នាក់ឯង ជាមួយទាហានម្នាក់ដែលនៅយាមលោក។ |
|
| 17 |
|
| បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។ |
|
| 18 |
|
| ពេលគេបានសួរចម្លើយខ្ញុំរួចហើយ គេចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសអ្វីសមនឹងស្លាប់ទេ។ |
|
| 19 |
|
| ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។ |
|
| 20 |
|
| ហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីឲ្យបានឃើញមុខ ហើយនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ច្រវាក់នេះ គឺដោយសារតែសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល»។ |
|
| 21 |
|
| អ្នកទាំងនោះតបថា៖ «យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ស្ដីអំពីរឿងលោកឡើយ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីលោកដែរ។ |
|
| 22 |
|
| ប៉ុន្ដែ យើងចង់ស្ដាប់គំនិតរបស់លោក ដ្បិតយើងដឹងថា មានគេនិយាយជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។ |
|
| 23 |
|
| កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។ |
|
| 24 |
|
| អ្នកខ្លះក៏ជឿសេចក្ដីដែលលោកមានប្រសាសន៍ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ |
|
| 25 |
|
| ដូច្នេះ គេក៏ចាកចេញទៅទាំងទាស់ទែងគ្នា ក្រោយពីលោកប៉ុលមានប្រាសន៍មួយឃ្លាថា៖ «ព្រះវិញ្ញាណបរិសុទ្ធ មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង តាមរយៈហោរាអេសាយត្រូវណាស់ថា |
|
| 26 |
|
| "ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ |
|
| 27 |
|
| ដ្បិតចិត្តរបស់ប្រជាជននេះរឹងណាស់ គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់បាននៅក្នុងចិត្ត រួចវិលមកវិញ ហើយយើងប្រោសឲ្យគេជា" ។ |
|
| 28 |
|
| ដូច្នេះ សូមបងប្អូនដឹងថា ព្រះប្រទានការសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ព្រោះគេនឹងស្តាប់»។ |
|
| 29 |
|
| [ពេលលោកប៉ុលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ ពួកសាសន៍យូដាក៏ចេញទៅ ទាំងជជែកគ្នាជាខ្លាំង]។ |
|
| 30 |
|
| លោកប៉ុលរស់នៅក្នុងផ្ទះដែលលោកជួលពេញពីរឆ្នាំ ហើយលោកបានទទួលអស់អ្នកដែលមកជួបលោក |
|
| 31 |
|
| ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ និងបង្រៀនអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយក្លាហាន ហើយគ្មានអ្វីរាំងរាឡើយ។:៚ |
|
|
|
|