|
| 1 |
|
| នៅពេលទូរអាម៉ោងបីរសៀល ពេត្រុស និងយ៉ូហានបានឡើងទៅម៉ាស្ជិទជាមួយគ្នា។ |
|
| 2 |
|
| រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងម៉ាស្ជិទ។ |
|
| 3 |
|
| កាលគាត់ឃើញពេត្រុស និងយ៉ូហានកំពុងដើរចូលម៉ាស្ជិទ គាត់ក៏សុំទាន។ |
|
| 4 |
|
| ពេត្រុស និងយ៉ូហានសម្លឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ |
|
| 5 |
|
| គាត់ក៏ក្រឡេកមើលទៅអ្នកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ |
|
| 6 |
|
| ប៉ុន្ដែ ពេត្រុសនិយាយទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នកដូច្នេះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ |
|
| 7 |
|
| លោកចាប់ដៃស្ដាំគាត់ឲ្យក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និងសន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន |
|
| 8 |
|
| គាត់ក៏ស្ទុះឈរឡើង ហើយដើរបាន។ គាត់ចូលក្នុងម៉ាស្ជិទជាមួយសាវ័កទាំងពីរនាក់ ទាំងដើរផង លោតផង និងសរសើរតម្កើងអុលឡោះផង។ |
|
| 9 |
|
| ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងអុលឡោះ |
|
| 10 |
|
| គេស្គាល់ជាក់ថាអ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។ |
|
| 11 |
|
| បុរសនោះនៅជាប់ជាមួយពេត្រុស និងយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមអ្នកទាំងពីរនៅបរិវេណស៊ូឡៃម៉ាន។ |
|
| 12 |
|
| ពេត្រុសឃើញដូច្នោះ ក៏និយាយទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីអំណាចរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍អុលឡោះ?។ |
|
| 13 |
|
| អុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម របស់អ៊ីសាហាក់ និងរបស់យ៉ាកកូប ជាម្ចាស់នៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកអ៊ីសា ជាអ្នកបម្រើទ្រង់។ បងប្អូនបានចាប់បញ្ជូនអ៊ីសាទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់គាត់ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងអ៊ីសាទៀតផង។ |
|
| 14 |
|
| បងប្អូនបានបដិសេធមិនទទួលស្គាល់អ្នកបរិសុទ្ធ អ្នកដ៏សុចរិត ហើយបែរជាទាមទារសុំឲ្យគេដោះលែងឃាតកទៅវិញ។ |
|
| 15 |
|
| បងប្អូនបានឲ្យគេសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែ អុលឡោះបានប្រោសឲ្យគាត់រស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ |
|
| 16 |
|
| ដោយសារយើងខ្ញុំជឿលើនាមអ៊ីសា គឺនាមអ៊ីសាហ្នឹងហើយ បានធ្វើឲ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើអ៊ីសា ដូចបងប្អូនឃើញស្រាប់។ |
|
| 17 |
|
| បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។ |
|
| 18 |
|
| ប៉ុន្ដែ អុលឡោះបានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលទ្រង់ប្រកាសទុកជាមុន តាមរយៈណាពីទាំងអស់ គឺថា អាល់ម៉ាហ្សៀសរបស់ទ្រង់ត្រូវតែរងទុក្ខលំបាក។ |
|
| 19 |
|
| ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកអុលឡោះវិញ ដើម្បីឲ្យទ្រង់លុបបំបាត់បាបរបស់បងប្អូន។ |
|
| 20 |
|
| អុលឡោះជាអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានអាល់ម៉ាហ្សៀសអ៊ីសាមកបងប្អូន ដូចទ្រង់គ្រោងទុកជាមុន។ |
|
| 21 |
|
| ឥឡូវនេះ អ៊ីសាអាល់ម៉ាហ្សៀសនៅឯសូរ៉កា រហូតដល់អុលឡោះរៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានបន្ទូលទុក តាមរយៈពួកណាពីដ៍បរិសុទ្ធរបស់ទ្រង់ នៅជំនាន់ដើមស្រាប់។ |
|
| 22 |
|
| ម៉ូសាមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នានឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំងើបឡើងពីក្នុងចំណោមអ្នករាល់គ្នា ហើយគាត់ជាបងប្អូនរបស់អ្នករាល់គ្នាអ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលគាត់មានប្រសាសន៍ប្រាប់។ |
|
| 23 |
|
| រីឯអស់អ្នកដែលមិនព្រមស្ដាប់ណាពីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ” ។ |
|
| 24 |
|
| ណាពីទាំងប៉ុន្មានដែលបានថ្លែងបន្ទូលនៃអុលឡោះ គឺចាប់តាំងពីណាពីសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ |
|
| 25 |
|
| បងប្អូនហ្នឹងហើយជាកូនចៅរបស់ណាពី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រីដែលអុលឡោះបានចងជាមួយបុព្វបុរសដែរ ដូចទ្រង់មានបន្ទូលទៅកាន់អ៊ីព្រហ៊ីមថា “ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក” ។ |
|
| 26 |
|
| អុលឡោះបានឲ្យអ្នកបម្រើរបស់ទ្រង់ងើបឡើង ហើយចាត់គាត់ឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឲ្យងាកចេញពីអំពើទុច្ចរិត»។ |
|
|
|
|