|
| 1 |
|
| ថ្ងៃមួយ នៅពេលម៉ោងបីរសៀល ជាពេលដែលត្រូវអធិស្ឋាន លោកពេត្រុស និងលោកយ៉ូហាន បានឡើងទៅព្រះវិហារជាមួយគ្នា។ |
|
| 2 |
|
| នៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលម្អ មានបុរសម្នាក់ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមកដាក់នៅទីនោះរាល់ថ្ងៃ ដើម្បីឲ្យសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ |
|
| 3 |
|
| ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងដើរចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទាន។ |
|
| 4 |
|
| លោកពេត្រុស និងលោកយ៉ូហានសម្លឹងមើលគាត់ រួចពោលថា៖ «ចូរមើលមកយើង!»។ |
|
| 5 |
|
| គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីមួយពីពួកលោក។ |
|
| 6 |
|
| ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ |
|
| 7 |
|
| លោកក៏ចាប់ដៃស្តាំគាត់ ហើយលើកឡើង។ រំពេចនោះ ប្រអប់ជើង និងភ្នែកគោរបស់គាត់ក៏មានកម្លាំងឡើងភ្លាម។ |
|
| 8 |
|
| គាត់ក៏ស្ទុះក្រោកឈរឡើង ហើយចាប់ផ្ដើមដើរបាន។ គាត់ក៏ចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង ហើយសរសើរតម្កើងព្រះ។ |
|
| 9 |
|
| ប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ |
|
| 10 |
|
| គេស្គាល់គាត់ ថាជាអ្នកដែលតែងអង្គុយសុំទាន នៅត្រង់មាត់ទ្វារលម្អរបស់ព្រះវិហារ។ គេមានសេចក្តីអស្ចារ្យ ហើយងឿងឆ្ងល់ពីការដែលកើតមានដល់គាត់។ |
|
| 11 |
|
| កាលគាត់កំពុងនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហាន ប្រជាជនទាំងអស់ក៏រត់មកចោមរោមពួកគេ នៅត្រង់ថែវ មួយ ដែលហៅថា ថែវព្រះបាទសាឡូម៉ូន ទាំងអស្ចារ្យក្នុងចិត្ត។ |
|
| 12 |
|
| ពេលលោកពេត្រុសឃើញដូច្នោះ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាងឿងឆ្ងល់នឹងការនេះ? ហេតុអ្វីបានជាសម្លឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយចេស្ដា ឬគុណានុភាពរបស់យើងខ្ញុំផ្ទាល់ដូច្នេះ? |
|
| 13 |
|
| ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។ |
|
| 14 |
|
| គឺអ្នករាល់គ្នាបានបដិសេធមិនទទួលស្គាល់ព្រះដ៏បរិសុទ្ធ ហើយសុចរិត ក៏សុំឲ្យលោកដោះលែងឃាតក ឲ្យអ្នករាល់គ្នាទៅវិញ។ |
|
| 15 |
|
| អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។ |
|
| 16 |
|
| ដោយសារជំនឿដល់ព្រះនាមព្រះអង្គ នោះព្រះនាមព្រះអង្គបានធ្វើឲ្យបុរសនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ មានកម្លាំងឡើងវិញ គឺជាជំនឿដល់ព្រះយេស៊ូវនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅមុខអ្នករាល់គ្នាដូច្នេះ។ |
|
| 17 |
|
| ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។ |
|
| 18 |
|
| ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់ហោរាទាំងប៉ុន្មានរបស់ព្រះអង្គថា ព្រះគ្រីស្ទរបស់ព្រះអង្គ ត្រូវតែរងទុក្ខលំបាក នោះព្រះអង្គក៏បានសម្រេចដូច្នោះមែន។ |
|
| 19 |
|
| ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ |
|
| 20 |
|
| ហើយឲ្យមានពេលលំហើយមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ និងឲ្យព្រះអង្គបានចាត់ព្រះគ្រីស្ទ ដែលទ្រង់បានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺព្រះយេស៊ូវ |
|
| 21 |
|
| ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។ |
|
| 22 |
|
| លោកម៉ូសេមានប្រសាសន៍ថា "ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកប្រាប់អ្នករាល់គ្នាចុះ។ |
|
| 23 |
|
| ចំណែកអស់អ្នកដែលមិនព្រមស្តាប់តាមហោរានោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជារាស្ត្រនេះ" ។ |
|
| 24 |
|
| អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។ |
|
| 25 |
|
| អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។ |
|
| 26 |
|
| ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។ |
|
|
|
|