|
| 1 |
|
| នៅគ្រានោះ កាលពួកសិស្សមានចំនួនកើនឡើង នោះពួកហេលេន ចាប់តាំងរអ៊ូរទាំទាស់នឹងពួកហេព្រើរ ព្រោះគេធ្វេសក្នុងការចែកចាយអាហារប្រចាំថ្ងៃ ដល់ពួកស្ត្រីមេម៉ាយរបស់ខ្លួន។ |
|
| 2 |
|
| សាវកទាំងដប់ពីររូបក៏ហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំទុកចោលការប្រកាសព្រះបន្ទូលរបស់ព្រះ ទៅបម្រើតុឡើយ។ |
|
| 3 |
|
| ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។ |
|
| 4 |
|
| ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។ |
|
| 5 |
|
| ក្រុមជំនុំទាំងមូលពេញចិត្តនឹងសេចក្ដីដែលពួកសាវកមានប្រសាសន៍ ហើយគេក៏រើសយកស្ទេផាន ជាមនុស្សពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍។ |
|
| 6 |
|
| គេនាំអ្នកទាំងនេះមកឈរនៅមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋាន ហើយដាក់ដៃលើគេ។ |
|
| 7 |
|
| ព្រះបន្ទូលរបស់ព្រះក៏កាន់តែចម្រើនឡើង ហើយចំនួនពួកសិស្សកើនឡើងយ៉ាងច្រើននៅក្រុងយេរូសាឡិម ឯពួកសង្ឃយ៉ាងច្រើនលើសលុបក៏បានប្រតិបត្តិតាមជំនឿដែរ។ |
|
| 8 |
|
| លោកស្ទេផាន ដែលពេញដោយជំនឿ និងព្រះចេស្តា បានធ្វើការអស្ចារ្យ និងទីសម្គាល់ធំៗ នៅក្នុងចំណោមប្រជាជន។ |
|
| 9 |
|
| ពេលនោះ មានអ្នកខ្លះមកពីសាលាប្រជុំ ដែលគេហៅថា ក្រុមសេរីភាព មកពីស្រុកគីរេន មកពីស្រុកអ័លេក្សានទ្រា មកពីស្រុកគីលីគា និងស្រុកអាស៊ី គេលើកគ្នាជជែកជាមួយលោកស្ទេផាន។ |
|
| 10 |
|
| ប៉ុន្ដែ គេមិនអាចទប់ទល់នឹងសេចក្ដីដែលលោកមានប្រសាសន៍ដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។ |
|
| 11 |
|
| ដូច្នេះ គេក៏អូសទាញអ្នកខ្លះដោយសម្ងាត់ ឲ្យនិយាយថា៖ «យើងបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះ»។ |
|
| 12 |
|
| អ្នកទាំងនោះក៏ញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកអាចារ្យ ហើយគេនាំគ្នាចូលមកចាប់គាត់ បញ្ជូនទៅក្រុមប្រឹក្សា។ |
|
| 13 |
|
| ពួកគេបានរៀបចំសាក្សីក្លែងឲ្យនិយាយថា៖ «ជននេះចេះតែពោលពាក្យប្រឆាំងនឹងទីបរិសុទ្ធ និងក្រឹត្យវិន័យ |
|
| 14 |
|
| ដ្បិតយើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតនេះ នឹងបំផ្លាញកន្លែងនេះចោល ហើយបំផ្លាស់បំប្រែទំនៀមទម្លាប់ ដែលលោកម៉ូសេបានទុកឲ្យយើងទៀតផង!» |
|
| 15 |
|
| អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាទាំងប៉ុន្មាន សម្លឹងមើលមុខលោកស្ទេផានគ្រប់គ្នា ហើយគេឃើញមុខរបស់លោក ដូចជាមុខទេវតា។ |
|
|
|
|