|
| 1 |
|
| រីឯលោកសុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះមានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ហើយអ្នកជឿទាំងអស់បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។ |
|
| 2 |
|
| ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំស្រណោះគាត់យ៉ាងខ្លាំង |
|
| 3 |
|
| រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។ |
|
| 4 |
|
| រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូលផង។ |
|
| 5 |
|
| ពេលនោះលោកភីលីពបានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារី ហើយប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ |
|
| 6 |
|
| ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ |
|
| 7 |
|
| ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា |
|
| 8 |
|
| ដូច្នេះហើយក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ។ |
|
| 9 |
|
| នៅក្នុងក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលកាលពីមុនធ្លាប់ប្រើមន្ដអាគមធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែង ព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់ |
|
| 10 |
|
| មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់» |
|
| 11 |
|
| ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយ បានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ |
|
| 12 |
|
| ប៉ុន្ដែពេលពួកគេជឿដំណឹងល្អ ដែលលោកភីលីពបានប្រកាសអំពីនគរព្រះជាម្ចាស់ និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុស ទាំងស្រី |
|
| 13 |
|
| សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។ |
|
| 14 |
|
| បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ |
|
| 15 |
|
| អ្នកទាំងពីរក៏ចុះមក ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ |
|
| 16 |
|
| ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយ ពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ |
|
| 17 |
|
| ដូច្នេះហើយ អ្នកទាំងពីរនោះបានដាក់ដៃលើពួកគេ ហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ |
|
| 18 |
|
| ពេលលោកស៊ីម៉ូនឃើញថា ព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃរបស់សាវកទាំងពីរដូច្នេះ គាត់ក៏ជូនប្រាក់ដល់សាវកទាំងពីរនោះ |
|
| 19 |
|
| ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរ ដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើបានទទួលព្រះវិញ្ញាណបរិសុទ្ធ» |
|
| 20 |
|
| ប៉ុន្ដែលោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់ទិញអំណោយទានរបស់ព្រះជាម្ចាស់បាន! |
|
| 21 |
|
| ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។ |
|
| 22 |
|
| ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក |
|
| 23 |
|
| ដ្បិតខ្ញុំឃើញថា អ្នកជាប់នៅក្នុងសេចក្ដីជូរល្វីង និងចំណងនៃសេចក្ដីទុច្ចរិត» |
|
| 24 |
|
| ពេលនោះ លោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះ កើតឡើងចំពោះខ្ញុំឡើយ»។ |
|
| 25 |
|
| ពេលអ្នកទាំងពីរនោះបានធ្វើបន្ទាល់ និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។ |
|
| 26 |
|
| នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។ |
|
| 27 |
|
| ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវ ហើយជាមន្ដ្រីរាជវាំងរបស់ព្រះនាងកាន់ដេសដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។ គាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ |
|
| 28 |
|
| ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល |
|
| 29 |
|
| ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។ |
|
| 30 |
|
| នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?» |
|
| 31 |
|
| គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។ |
|
| 32 |
|
| បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀម ដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។ |
|
| 33 |
|
| នៅពេលលោកត្រូវគេបន្ទាបបន្ថោក លោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។ |
|
| 34 |
|
| មនុស្សកម្រៀវនោះបានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍ តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីអ្នកដទៃ?» |
|
| 35 |
|
| ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។ |
|
| 36 |
|
| ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» |
|
| 37 |
|
| [លោកភីលីពតបថា៖ «បើលោកជឿអស់ពីចិត្ដមែន នោះលោកអាចទទួលបាន» មន្ដ្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគិ្រស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»] |
|
| 38 |
|
| ពេលនោះគាត់ក៏បញ្ជាឲ្យរទេះសេះឈប់ ហើយពួកគេបានចុះទៅក្នុងទឹកទាំងពីរនាក់ ទាំងលោកភីលីព និងមនុស្សកម្រៀវ រួចលោកភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យមនុស្សកម្រៀវនោះ។ |
|
| 39 |
|
| ពេលអ្នកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅ ហើយមនុស្សកម្រៀវនោះមិនឃើញលោកភីលីពទៀតទេ ប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។ |
|
| 40 |
|
| រីឯលោកភីលីពវិញ គេបានឃើញគាត់នៅឯក្រុងអាសូត ហើយពេលគាត់ធ្វើដំណើរទៅ គាត់ក៏ប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់ រហូតទាល់តែគាត់បានមកដល់ក្រុងសេសារា។ |
|
|
|
|