|
| 1 |
|
| លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំអះនៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ |
|
| 2 |
|
| អស់អ្នកដែលគោរពប្រណិប័តន៍អុលឡោះ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ |
|
| 3 |
|
| រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំអះ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។ |
|
| 4 |
|
| ពួកសិស្សដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អអំពីបន្ទូលអុលឡោះ។ |
|
| 5 |
|
| លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីអាល់ម៉ាហ្សៀស។ |
|
| 6 |
|
| មហាជនរួមចិត្ដគំនិតគ្នាពេញចិត្ដនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមាននិយាយ និងបានឃើញទីសំគាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ |
|
| 7 |
|
| គឺមានអ៊ីព្លេសចេញពីមនុស្សជាច្រើន ទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ |
|
| 8 |
|
| ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលប់។ |
|
| 9 |
|
| មានបុរសម្នាក់ ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះតាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្ដអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយនាក់។ |
|
| 10 |
|
| ប្រជាជនទាំងតូចទាំងធំពេញចិត្ដនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាអំណាចរបស់អុលឡោះដែលជាអំណាចដ៏ឧត្ដុង្គឧត្ដម»។ |
|
| 11 |
|
| ប្រជាជនពេញចិត្ដនឹងគាត់ដូច្នេះ ព្រោះគាត់បានសំដែងមន្ដអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ |
|
| 12 |
|
| កាលគេជឿដំណឹងល្អអំពីនគររបស់អុលឡោះ និងអំពីនាមអ៊ីសាអាល់ម៉ាហ្សៀស ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។ |
|
| 13 |
|
| លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។ |
|
| 14 |
|
| ក្រុមសាវ័កនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលបន្ទូលរបស់អុលឡោះ ក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។ |
|
| 15 |
|
| លុះទៅដល់ស្រុកសាម៉ារី សាវ័កទាំងពីរក៏ទូរអាអុលឡោះ សុំឲ្យពួកអ្នកជឿបានទទួលរសអុលឡោះដ៏វិសុទ្ធ |
|
| 16 |
|
| ដ្បិតរសអុលឡោះពុំទាន់ចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាជាអម្ចាស់ប៉ុណ្ណោះ។ |
|
| 17 |
|
| ពេលនោះ ពេត្រុស និងយ៉ូហានបានដាក់ដៃលើគេ ហើយគេក៏បានទទួលរសអុលឡោះដ៏វិសុទ្ធ។ |
|
| 18 |
|
| កាលលោកស៊ីម៉ូនឃើញថា អុលឡោះប្រទានរសទ្រង់មកអ្នកជឿ ដោយសាវ័កដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖ |
|
| 19 |
|
| «សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលរសអុលឡោះដ៏វិសុទ្ធដែរ»។ |
|
| 20 |
|
| ពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្ដរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញអំណោយទានរបស់អុលឡោះបាន! |
|
| 21 |
|
| អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះអុលឡោះទាល់តែសោះ។ |
|
| 22 |
|
| ចូរលះបង់ចិត្ដគំនិតអាក្រក់ចោលទៅ ហើយអង្វរអុលឡោះជាអម្ចាស់ ក្រែងលោទ្រង់លើកលែងទោសឲ្យអ្នកដែលមានចិត្ដបែបនេះ |
|
| 23 |
|
| ដ្បិតខ្ញុំឃើញថាអ្នកមានចិត្ដខ្មៅ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។ |
|
| 24 |
|
| លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកអង្វរអុលឡោះជាអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។ |
|
| 25 |
|
| ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសបន្ទូលរបស់អុលឡោះជាអម្ចាស់រួចហើយ សាវ័កទាំងពីរនាក់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។ |
|
| 26 |
|
| ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ |
|
| 27 |
|
| នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយនាក់ ជាមនុស្សកម្រៀវ លោកជាមន្ដ្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់រាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹម |
|
| 28 |
|
| ហើយធ្វើដំណើរវិលត្រឡប់ទៅវិញដោយជិះរទេះសេះ ទាំងអានគីតាបណាពីអេសាយផង។ |
|
| 29 |
|
| រសអុលឡោះមានបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ |
|
| 30 |
|
| លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ដ្រីអេត្យូពីអានគីតាបណាពីអេសាយ លោកភីលីពសួរមន្ដ្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ |
|
| 31 |
|
| លោកមន្ដ្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ |
|
| 32 |
|
| រីឯអាយិតគីតាបដែលគាត់កំពុងអាននោះគឺ៖ “គាត់ត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ គាត់ពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។ |
|
| 33 |
|
| គាត់ត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្ដិធម៌ជូនគាត់ឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់គាត់បានទេ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីផែនដីនេះបាត់ទៅហើយ” ។ |
|
| 34 |
|
| មន្ដ្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើណាពីមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើគាត់មានប្រសាសន៍អំពីខ្លួនគាត់ផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ |
|
| 35 |
|
| លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីអ៊ីសាប្រាប់លោក ដោយចាប់ផ្ដើមពីអាយិតគីតាបនោះទៅ។ |
|
| 36 |
|
| អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។ |
|
| 37 |
|
| លោកភីលីពមាននិយាយទៅលោកមន្ដ្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្ដនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ដ្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថាអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះ»។ |
|
| 38 |
|
| លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ដ្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ដ្រីនោះ។ |
|
| 39 |
|
| កាលអ្នកទាំងពីរឡើងពីទឹកមកវិញ រសនៃអុលឡោះជាអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។ |
|
| 40 |
|
| រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ រហូតទៅដល់ក្រុងសេសារា។ |
|
|
|
|