|
| 1 |
|
| តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ? |
|
| 2 |
|
| បើខ្ញុំមិនមែនជាសាវកដល់អ្នកដទៃ ក៏ខ្ញុំជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាត្រាសម្គាល់ពីភាពជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់។ |
|
| 3 |
|
| នេះជាការឆ្លើយបំភ្លឺរបស់ខ្ញុំ ចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំ។ |
|
| 4 |
|
| តើយើងគ្មានសិទ្វិនឹងទទួលទានបាយទឹកទេឬ? |
|
| 5 |
|
| តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយ ដូចសាវកឯទៀតៗ ដូចពួកបងប្អូនរបស់ព្រះអម្ចាស់ និងដូចលោកកេផាសទេឬ? |
|
| 6 |
|
| ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត? |
|
| 7 |
|
| តើអ្នកដែលធ្វើទាហានចេញសោហ៊ុយខ្លួនឯងឬ? តើអ្នកដែលដាំទំពាំងបាយជូរមិនបរិភោគផលពីចម្ការនោះទេឬ? ឯអ្នកដែលថែរក្សាហ្វូងសត្វ តើមិនផឹកទឹកដោះរបស់វាឬទេ? |
|
| 8 |
|
| តើខ្ញុំនិយាយដូច្នេះ តាមរបៀបមនុស្សឬ? តើក្រឹត្យវិន័យមិននិយាយដូចគ្នាទេឬ? |
|
| 9 |
|
| ដ្បិតក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ មានសេចក្តីចែងទុកមកថា៖ «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ។ តើព្រះទ្រង់គិតពីគោឬ? |
|
| 10 |
|
| ឬក៏ព្រះអង្គមានព្រះបន្ទូលដូច្នោះដោយយល់ដល់យើងរាល់គ្នា? ពិតមែន សេចក្តីនោះបានចែងទុកមកដោយយល់ដល់យើងរាល់គ្នា ដ្បិតអ្នកណាដែលភ្ជួររាស់ គួរតែភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ស្រូវ ក៏គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងបានចំណែកពីផលនោះដែរ។ |
|
| 11 |
|
| ប្រសិនបើយើងបានសាបព្រោះរបស់ល្អខាងវិញ្ញាណ ក្នុងចំណោមអ្នករាល់គ្នា ហើយច្រូតយកផលជាសម្បត្តិខាងសាច់ឈាមពីអ្នករាល់គ្នា តើហួសហេតុពេកឬ? |
|
| 12 |
|
| ប្រសិនបើអ្នកដទៃមានសិទ្ធិទទួលចំណែកពីអ្នករាល់គ្នាទៅហើយ នោះតើយើងមិនមានសិទ្ធិលើសអ្នកទាំងនោះទៅទៀតទេឬ? ប៉ុន្តែ យើងខ្ញុំមិនបានប្រើសិទ្ធិនោះទេ គឺយើងបានស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គរាំងស្ទះដល់ដំណឹងល្អរបស់ព្រះគ្រីស្ទ។ |
|
| 13 |
|
| តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលបម្រើការងារក្នុងព្រះវិហារ គេទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកដែលបម្រើនៅអាសនា ក៏មានចំណែកពីតង្វាយលើអាសនាដែរ? |
|
| 14 |
|
| រីឯព្រះអម្ចាស់វិញក៏បង្គាប់ដូចគ្នាថា អស់អ្នកដែលប្រកាសដំណឹងល្អ ត្រូវចិញ្ចឹមជីវិតដោយសារដំណឹងល្អ។ |
|
| 15 |
|
| ប៉ុន្ដែ ខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរដូច្នេះ ដោយចង់ឲ្យគេប្រព្រឹត្តដល់ខ្លួនយ៉ាងនោះដែរ។ ដ្បិតខ្ញុំស៊ូស្លាប់ ជាជាងឲ្យគេបង្ខូចកិត្តិយសរបស់ខ្ញុំ ដោយសារហេតុដែលខ្ញុំមានអំនួត។ |
|
| 16 |
|
| ដ្បិតទោះបើខ្ញុំប្រកាសដំណឹងល្អមែន តែនោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ព្រោះជាកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើខានមិនបាន ហើយបើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះវរដល់ខ្ញុំហើយ។ |
|
| 17 |
|
| ប្រសិនបើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំមានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះក៏ខ្ញុំនៅតែបំពេញតួនាទីដែលព្រះអង្គបានផ្ទុកផ្ដាក់ដល់ខ្ញុំដែរ។ |
|
| 18 |
|
| ដូច្នេះ តើរង្វាន់របស់ខ្ញុំជាអ្វី? រង្វាន់របស់ខ្ញុំ គឺឲ្យខ្ញុំបានប្រកាសដំណឹងដោយឥតគិតថ្លៃ ដោយមិនទាមទារសិទ្ធិរបស់ខ្ញុំជាអ្នកប្រកាសដំណឹងល្អឡើយ។ |
|
| 19 |
|
| ដ្បិតទោះបើខ្ញុំមិនជាប់ជំពាក់ដល់មនុស្សទាំងអស់ក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបម្រើដល់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើនឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ |
|
| 20 |
|
| ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីនាំពួកសាសន៍យូដាឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ដូចជាអ្នកស្ថិតនៅក្រោមក្រឹត្យវិន័យ ដល់អស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ (ទោះជាខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ) ដើម្បីនាំអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ |
|
| 21 |
|
| ខ្ញុំបានត្រឡប់ដូចជាអ្នកដែលគ្មានក្រឹត្យវិន័យ ដល់អស់អ្នកដែលគ្មានក្រឹត្យវិន័យ (មិនមែនមានន័យថា ខ្ញុំគ្មានក្រឹត្យវិន័យរបស់ព្រះនោះទេ គឺខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យព្រះគ្រីស្ទ) ដើម្បីនាំអស់អ្នកដែលគ្មានក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ |
|
| 22 |
|
| ខ្ញុំបានត្រឡប់ដូចជាអ្នកទន់ខ្សោយ ដល់ពួកអ្នកទន់ខ្សោយ ដើម្បីនាំពួកអ្នកទន់ខ្សោយឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ |
|
| 23 |
|
| ខ្ញុំធ្វើគ្រប់ការទាំងអស់ដោយព្រោះដំណឹងល្អ ដើម្បីឲ្យខ្ញុំមានចំណែកទទួលផលក្នុងដំណឹងល្អ។ |
|
| 24 |
|
| តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ |
|
| 25 |
|
| កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ |
|
| 26 |
|
| ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ |
|
| 27 |
|
| គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។ |
|
|
|
|