|
| 1 |
|
| ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្ដីចម្កួតបន្ដិចបន្ដួចរបស់ខ្ញុំនេះ គឺអ្នករាល់គ្នាកំពុងទ្រាំនឹងខ្ញុំស្រាប់ហើយ |
|
| 2 |
|
| ដ្បិតខ្ញុំប្រច័ណ្ឌនឹងអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះជាម្ចាស់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាភ្ជាប់ពាក្យនឹងបុរសតែម្នាក់គត់ ទុកជាក្រមុំបរិសុទ្ធសម្រាប់ថ្វាយដល់ព្រះគ្រិស្ដ |
|
| 3 |
|
| ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។ |
|
| 4 |
|
| ដ្បិតបើមានអ្នកណាម្នាក់មកប្រកាសអំពីព្រះយេស៊ូមួយទៀតដែលយើងមិនបានប្រកាស ឬឲ្យអ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល ឬឲ្យទទួលដំណឹងល្អផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល នោះអ្នករាល់គ្នាទ្រាំបានយ៉ាងងាយ។ |
|
| 5 |
|
| ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីអន់ជាងពួកកំពូលសាវកទាំងនោះទេ |
|
| 6 |
|
| ដ្បិតទោះបីខ្ញុំមិនពូកែខាងសំដីមែន ប៉ុន្ដែមិនមែនខាងចំណេះដឹងទេ ផ្ទុយទៅវិញ យើងបានបង្ហាញឲ្យអ្នករាល់គ្នាឃើញគ្រប់បែបយ៉ាងនៅក្នុងគ្រប់ការទាំងអស់ |
|
| 7 |
|
| ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាដោយឥតគិតថ្លៃនោះ តើខ្ញុំប្រព្រឹត្ដបាបឬ? |
|
| 8 |
|
| ខ្ញុំបានប្លន់ក្រុមជំនុំផ្សេងៗដោយយកថ្លៃឈ្នួលដើម្បីឧបត្ថម្ភអ្នករាល់គ្នា |
|
| 9 |
|
| ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំមិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។ |
|
| 10 |
|
| ដោយសេចក្ដីពិតរបស់ព្រះគ្រិស្ដដែលនៅក្នុងខ្ញុំ មោទនៈភាពរបស់ខ្ញុំនេះនឹងមិនត្រូវស្ងប់នៅក្នុងតំបន់នៃស្រុកអាខៃឡើយ។ |
|
| 11 |
|
| ហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជាម្ចាស់ជ្រាបហើយ |
|
| 12 |
|
| ដូច្នេះ ខ្ញុំនឹងបន្ដធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះទៀត ដើម្បីដកឱកាសចេញពីពួកអ្នកដែលចង់បានឱកាស ឲ្យគេគិតថាខ្លួនស្មើនឹងយើងនៅក្នុងចំណុចដែលពួកគេអួតនោះ។ |
|
| 13 |
|
| ដ្បិតពួកមនុស្សបែបនេះជាពួកសាវកក្លែងក្លាយ ជាពួកអ្នកធ្វើការឆបោកដែលក្លែងខ្លួនជាសាវករបស់ព្រះគ្រិស្ដ |
|
| 14 |
|
| ប៉ុន្ដែកុំឆ្ងល់ឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនជាទេវតានៃពន្លឺដែរ |
|
| 15 |
|
| ដូច្នេះ មិនមែនជារឿងធំអ្វីទេ បើអ្នកបម្រើរបស់វាក្លែងខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិតនោះ ឯទីបញ្ចប់របស់ពួកវានឹងទៅតាមកិច្ចការរបស់ពួកវា។ |
|
| 16 |
|
| ខ្ញុំប្រាប់ម្ដងទៀតថា កុំឲ្យអ្នកណាម្នាក់គិតថា ខ្ញុំជាមនុស្សល្ងង់ឡើយ ប៉ុន្ដែបើដូច្នោះមែន ចូរទទួលខ្ញុំដូចជាមនុស្សល្ងង់ចុះ ដើម្បីឲ្យខ្ញុំបានអួតបន្ដិច |
|
| 17 |
|
| អ្វីដែលខ្ញុំនិយាយនេះមិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺតាមសេចក្ដីចម្កួតដែលទុកចិត្ដលើការអួតអាង |
|
| 18 |
|
| ដ្បិតមានមនុស្សជាច្រើនអួតខ្លួនទៅតាមសាច់ឈាម ដូច្នេះខ្ញុំនឹងអួតដែរ |
|
| 19 |
|
| ព្រោះអ្នករាល់គ្នាឆ្លាតដែលទ្រាំនឹងពួកមនុស្សល្ងង់ដោយពេញចិត្ដ |
|
| 20 |
|
| ទោះបីមានអ្នកណាម្នាក់យកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬមានអ្នកណាម្នាក់បំផ្លាញអ្នករាល់គ្នា ឬមានអ្នកណាម្នាក់រឹបអូសអ្នករាល់គ្នា ឬមានអ្នកណាម្នាក់លើកតម្កើងខ្លួន ឬមានអ្នកណាម្នាក់វាយមុខអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាទ្រាំដែរ |
|
| 21 |
|
| ខ្ញុំនិយាយដោយសេចក្ដីអាម៉ាស់ថា យើងខ្សោយណាស់ចំពោះសេចក្ដីទាំងនេះ បើអ្នកណាហ៊ានអួតអំពីអ្វីមួយ នោះខ្ញុំនិយាយដោយសេចក្ដីចម្កួតថា ខ្ញុំក៏ហ៊ានដែរ។ |
|
| 22 |
|
| តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជនជាតិអ៊ីស្រាអែលដែរ។ តើពួកគេជាពូជពង្សលោកអ័ប្រាហាំឬ? ខ្ញុំក៏ពូជពង្សលោកអ័ប្រាហាំដែរ។ |
|
| 23 |
|
| តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា |
|
| 24 |
|
| ជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដងហើយ |
|
| 25 |
|
| ខ្ញុំត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់នឹងដុំថ្មមួយដង លិចសំពៅបីដង រសាត់នៅមហាសមុទ្រអស់មួយថ្ងៃមួយយប់ |
|
| 26 |
|
| ខ្ញុំបានធ្វើដំណើរជាញឹកញាប់ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយសារជនជាតិឯង គ្រោះថ្នាក់ដោយសារសាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ដោយសារបងប្អូនក្លែងក្លាយ |
|
| 27 |
|
| ទាំងមានការនឿយហត់ និងលំបាក អត់ងងុយជាញឹកញាប់ ស្រេកឃ្លាន តមអាហារជាញឹកញាប់ រងា និងនៅអាក្រាតទៀតផង។ |
|
| 28 |
|
| ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយចំពោះក្រុមជំនុំទាំងអស់ |
|
| 29 |
|
| បើមានអ្នកណាម្នាក់ខ្សោយ តើខ្ញុំមិនខ្សោយទេឬ? បើមានអ្នកណាម្នាក់ត្រូវគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឆេះឆួលទេឬ? |
|
| 30 |
|
| បើខ្ញុំត្រូវអួត ខ្ញុំនឹងអួតពីភាពកម្សោយរបស់ខ្ញុំ |
|
| 31 |
|
| ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។ |
|
| 32 |
|
| នៅក្រុងដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ |
|
| 33 |
|
| ប៉ុន្ដែមានគេដាក់ខ្ញុំនៅក្នុងកញ្ជើ រួចសម្រូតចុះតាមបង្អួចកំផែង ហើយខ្ញុំក៏បានរួចផុតពីដៃរបស់គាត់។ |
|
|
|
|