|
| 1 |
|
| នេះជាលើកទីបីហើយដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់នឹងត្រូវរាប់ជាបានការដោយមាត់សាក្សីពីរ ឬបីនាក់ |
|
| 2 |
|
| ខ្ញុំធ្លាប់ប្រាប់រួចមកហើយ កាលនៅជាមួយអ្នករាល់គ្នាលើកទីពីរ ប៉ុន្ដែឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំប្រាប់ជាមុនទៀតដល់ពួកអ្នកដែលបានប្រព្រឹត្ដបាបពីមុន និងពួកអ្នកទាំងអស់ផ្សេងទៀតថា បើខ្ញុំមកម្ដងទៀត ខ្ញុំមិនអត់ឱនឲ្យទេ។ |
|
| 3 |
|
| ដ្បិតអ្នករាល់គ្នាកំពុងរកភស្ដុតាងអំពីការដែលព្រះគ្រិស្ដមានបន្ទូលតាមរយៈខ្ញុំ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺព្រះអង្គមានអំណាចនៅក្នុងអ្នករាល់គ្នា |
|
| 4 |
|
| ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្នករាល់គ្នាដែរ។ |
|
| 5 |
|
| ចូរអ្នករាល់គ្នាល្បងខ្លួនឯងទៅ តើអ្នករាល់គ្នាមានជំនឿដែរឬទេ? ចូរពិសោធខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាទេឬ? លើកលែងតែអ្នករាល់គ្នាត្រូវបានបដិសេធចោលប៉ុណ្ណោះ |
|
| 6 |
|
| ប៉ុន្ដែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងមិនត្រូវបានបដិសេធចោលឡើយ។ |
|
| 7 |
|
| ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ នេះមិនមែនដើម្បីបង្ហាញឲ្យឃើញថា យើងត្រូវបានទទួលស្គាល់នោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីមើលទៅ យើងដូចជាត្រូវបានបដិសេធចោលក៏ដោយ |
|
| 8 |
|
| ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានទេ គឺធ្វើដើម្បីសេចក្ដីពិត |
|
| 9 |
|
| ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែយើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ |
|
| 10 |
|
| ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។ |
|
| 11 |
|
| ទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ នោះព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា |
|
| 12 |
|
| ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ រីឯពួកបរិសុទ្ធទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ |
|
| 13 |
|
| សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីប្រកបក្នុងព្រះវិញ្ញាណបរិសុទ្ធ។ |
|
|
|
|