|
| 1 |
|
| បើអុលឡោះមេត្ដាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្ដឡើយ។ |
|
| 2 |
|
| យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។ |
|
| 3 |
|
| ប្រសិនបើអត្ថន័យនៃដំណឹងល្អនៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្ដរាយប៉ុណ្ណោះ |
|
| 4 |
|
| ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្ដគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អ របស់អាល់ម៉ាហ្សៀសជាតំណាង របស់អុលឡោះនោះឡើយ។ |
|
| 5 |
|
| យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែអ៊ីសានេះហើយ។ |
|
| 6 |
|
| អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។ |
|
| 7 |
|
| យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។ |
|
| 8 |
|
| គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច |
|
| 9 |
|
| គេបៀតបៀនយើងមែន តែអុលឡោះមិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ |
|
| 10 |
|
| ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់អ៊ីសាជានិច្ច ដើម្បីឲ្យគេឃើញជីវិតរបស់អ៊ីសានៅក្នុងរូបកាយយើង។ |
|
| 11 |
|
| ព្រោះតែអ៊ីសា យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញជីវិតរបស់អ៊ីសានៅក្នុងរូបកាយយើងដែលតែងតែស្លាប់។ |
|
| 12 |
|
| ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចំរើនឡើង។ |
|
| 13 |
|
| ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ |
|
| 14 |
|
| យើងដឹងថា អុលឡោះដែលបានប្រោសអ៊ីសាជាអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយអ៊ីសាដែរ ព្រមទាំងនាំយើងទៅនៅក្បែរអ៊ីសារួមជាមួយបងប្អូនថែមទៀតផង។ |
|
| 15 |
|
| ហេតុការណ៍ទាំងនេះកើតឡើង ជាប្រយោជន៍ដល់បងប្អូន គឺឲ្យក្តីមេត្តារបស់អុលឡោះបានចំរើនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរគុណអុលឡោះកាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។ |
|
| 16 |
|
| ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្ដឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្ដយើងកាន់តែចំរើនឡើងជារៀងរាល់ថ្ងៃដែរ |
|
| 17 |
|
| ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ |
|
| 18 |
|
| ដូច្នេះយើងមិនចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
|
|
|
|