|
| 1 |
|
| ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។ |
|
| 2 |
|
| ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានស្តាប់អ្នក នៅវេលាដែលយើងគាប់ចិត្ត ហើយយើងបានជួយអ្នក នៅថ្ងៃដែលយើងសង្គ្រោះ »។ មើល៍ វេលាដែលព្រះគាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ! |
|
| 3 |
|
| យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង |
|
| 4 |
|
| ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះ ដោយការទ្រាំទ្រជាច្រើន ក្នុងសេចក្ដីទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ |
|
| 5 |
|
| ការវាយដំ ដាក់គុក កើតវឹកវរ ធ្វើការធ្ងន់ អត់ងងុយ អត់អាហារ |
|
| 6 |
|
| ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា |
|
| 7 |
|
| ដោយព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្តារបស់ព្រះ ព្រមទាំងកាន់អាវុធនៃសេចក្ដីសុចរិតជាប់នឹងដៃ ទាំងស្តាំទាំងឆ្វេង |
|
| 8 |
|
| ទាំងមានគេគោរព មានគេបន្ទាបបន្ថោក ទាំងមានគេនិយាយអាក្រក់ មានគេនិយាយល្អ។ គេចាត់ទុកយើងដូចជាមនុស្សបោកប្រាស់ តែយើងទៀងត្រង់។ |
|
| 9 |
|
| ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។ |
|
| 10 |
|
| ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។ |
|
| 11 |
|
| បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងបាននិយាយមកកាន់អ្នករាល់គ្នា ដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ។ |
|
| 12 |
|
| យើងមិនចង្អៀតចង្អល់នឹងអ្នករាល់គ្នាទេ គឺអ្នករាល់គ្នាវិញទេតើដែលចង្អៀតចង្អល់។ |
|
| 13 |
|
| ឥឡូវនេះ ខ្ញុំនិយាយមកអ្នករាល់គ្នា ដូចជានិយាយទៅកាន់កូន ដូច្នេះ ជាការតបស្នង ចូរអ្នករាល់គ្នាមានចិត្តទូលាយឡើង។ |
|
| 14 |
|
| មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? |
|
| 15 |
|
| តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? |
|
| 16 |
|
| តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។ |
|
| 17 |
|
| ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា |
|
| 18 |
|
| យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត» ។ |
|
|
|
|