|
| 1 |
|
| ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា |
|
| 2 |
|
| ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ |
|
| 3 |
|
| រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។ |
|
| 4 |
|
| ឯរឿងគួរខ្មាស ពាក្យសម្ដីចម្កួត និងពាក្យសម្ដីអាសគ្រាម ក៏មិនត្រូវឲ្យមានដែរ គឺត្រូវពោលពាក្យអរព្រះគុណវិញ។ |
|
| 5 |
|
| ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។ |
|
| 6 |
|
| កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ |
|
| 7 |
|
| ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។ |
|
| 8 |
|
| ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ |
|
| 9 |
|
| (ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។ |
|
| 10 |
|
| ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ |
|
| 11 |
|
| កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ |
|
| 12 |
|
| ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ |
|
| 13 |
|
| តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ |
|
| 14 |
|
| ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ |
|
| 15 |
|
| ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ |
|
| 16 |
|
| ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ |
|
| 17 |
|
| ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ |
|
| 18 |
|
| កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ |
|
| 19 |
|
| ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត |
|
| 20 |
|
| ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ |
|
| 21 |
|
| ត្រូវចុះចូលគ្នាទៅវិញទៅមក ដោយកោតខ្លាចដល់ព្រះគ្រីស្ទ។ |
|
| 22 |
|
| ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។ |
|
| 23 |
|
| ដ្បិតប្តីជាក្បាលរបស់ប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ ជាព្រះសង្គ្រោះរបស់រូបកាយ។ |
|
| 24 |
|
| ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ |
|
| 25 |
|
| ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ |
|
| 26 |
|
| ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល |
|
| 27 |
|
| ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។ |
|
| 28 |
|
| ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។ |
|
| 29 |
|
| ដ្បិតមិនដែលមានអ្នកណាម្នាក់ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នម ដូចព្រះគ្រីស្ទចិញ្ចឹម ហើយថ្នាក់ថ្នមដល់ក្រុមជំនុំ |
|
| 30 |
|
| ព្រោះយើងជាអវយវៈនៃព្រះកាយរបស់ព្រះអង្គ។ |
|
| 31 |
|
| «ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ |
|
| 32 |
|
| សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយដូច្នោះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំវិញ។ |
|
| 33 |
|
| ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។ |
|
|
|
|