|
| 1 |
|
| «ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បងប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅអោយម្ចាស់វាវិញ កុំបីអាក់ខានឡើយ។ |
|
| 2 |
|
| ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅអោយគេចុះ។ |
|
| 3 |
|
| ចំពោះសត្វលា សម្លៀកបំពាក់ និងអ្វីៗទាំងអស់ដែលបងប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។ |
|
| 4 |
|
| ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះអោយឡើងមកវិញ»។ |
|
| 5 |
|
| «ស្ត្រីមិនត្រូវស្លៀកពាក់ដូចបុរសឡើយ រីឯបុរសក៏មិនត្រូវស្លៀកពាក់ដូចស្ត្រីដែរ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងមនុស្សដែលធ្វើដូច្នេះទេ។ |
|
| 6 |
|
| ពេលធ្វើដំណើរ នៅតាមផ្លូវ ប្រសិនបើអ្នកឃើញសំបុកសត្វនៅលើដើមឈើ ឬនៅផ្ទាល់ដី ហើយឃើញកូនសត្វ ឬពងសត្វ ដែលមានមេវាកំពុងតែក្រាប នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។ |
|
| 7 |
|
| ចូរទុកអោយមេវាហើរទៅចុះ គឺយកតែកូនរបស់វាប៉ុណ្ណោះបានហើយ។ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ព្រមទាំងមានអាយុយឺនយូរ។ |
|
| 8 |
|
| ប្រសិនបើអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃព័ទ្ធជុំវិញដំបូលផ្ទះ ក្រែងលោមាននរណាម្នាក់ធ្លាក់ពីលើដំបូលបណ្ដាលអោយអ្នកមានទោស ព្រោះតែផ្ទះនោះ។ |
|
| 9 |
|
| មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចំការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ថ្វាយព្រះជាម្ចាស់ គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។ |
|
| 10 |
|
| កុំទឹមគោ និងលា អោយអូសនង្គ័លជាមួយគ្នាឡើយ។ |
|
| 11 |
|
| កុំស្លៀកសម្លៀកបំពាក់ត្បាញដោយអំបោះរោមចៀម និងអំបោះធ្មៃ លាយគ្នាឡើយ។ |
|
| 12 |
|
| ចូរដេរខ្សែរំយោលភ្ជាប់នឹងជាយទាំងបួនរបស់ក្រណាត់ ដែលអ្នករុំខ្លួន»។ |
|
| 13 |
|
| «ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង |
|
| 14 |
|
| រួចចាប់តាំងបរិហារកេរ្តិ៍នាងថា “ខ្ញុំបានយកនាងនេះមកធ្វើជាភរិយា ខ្ញុំបានរួមរស់ជាមួយនាង ហើយខ្ញុំឃើញថា នាងមិនមែនជាស្ត្រីព្រហ្មចារីទេ”។ |
|
| 15 |
|
| ឪពុកម្ដាយរបស់នាងត្រូវយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅត្រង់កន្លែងកាត់ក្ដី។ |
|
| 16 |
|
| ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅអោយបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង |
|
| 17 |
|
| គេបានបរិហារកេរ្តិ៍របស់នាង ដោយពោលថា “ខ្ញុំឃើញថាកូនរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ក៏ប៉ុន្តែ សូមអស់លោកមើលចុះ នេះជាភស្ដុតាងដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាស្ត្រីព្រហ្មចារីមែន!»។ ឪពុកម្ដាយត្រូវយកសំពត់របស់នាងបង្ហាញពួកព្រឹទ្ធាចារ្យរបស់ទីក្រុង។ |
|
| 18 |
|
| ពួកព្រឹទ្ធាចារ្យត្រូវចាប់បុរសនោះមកផ្ដន្ទាទោស |
|
| 19 |
|
| ព្រោះគេបានបង្ខូចកេរ្តិ៍ឈ្មោះស្ត្រីព្រហ្មចារីម្នាក់នៃជនជាតិអ៊ីស្រាអែល។ ពួកព្រឹទ្ធាចារ្យត្រូវពិន័យអ្នកនោះអោយបង់ប្រាក់មួយរយណែន ទៅឪពុករបស់នាង។ រីឯនាងវិញ នាងនៅតែជាភរិយារបស់អ្នកនោះអស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។ |
|
| 20 |
|
| ផ្ទុយទៅវិញ ប្រសិនបើរឿងនោះជាការពិតមែន គឺប្រសិនបើគេរកបានភស្ដុតាងថា នាងមិននៅព្រហ្មចារីទេ |
|
| 21 |
|
| គេត្រូវនាំស្ត្រីនោះទៅមាត់ទ្វារផ្ទះរបស់ឪពុកនាង ហើយអ្នកស្រុកត្រូវនាំគ្នាយកដុំថ្មគប់សម្លាប់នាង ព្រោះនាងបានប្រព្រឹត្តអំពើដ៏ថោកទាបនៅស្រុកអ៊ីស្រាអែល ដោយបង្ខូចខ្លួននៅពេលរស់ក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ |
|
| 22 |
|
| ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមជនជាតិអ៊ីស្រាអែល។ |
|
| 23 |
|
| ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្ដឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង |
|
| 24 |
|
| អ្នករាល់គ្នាត្រូវនាំជនទាំងពីរនេះចេញពីទីក្រុង ហើយយកដុំថ្មគប់សម្លាប់ចោលទៅ។ នាងមានទោស ព្រោះតែមិនបានស្រែកហៅអ្នកក្រុងអោយជួយ រីឯបុរសនោះមានទោស ព្រោះតែបានរំលោភលើគូដណ្ដឹងរបស់អ្នកដទៃ។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ |
|
| 25 |
|
| ប៉ុន្តែ ប្រសិនបើបុរសនោះជួបស្ត្រីក្រមុំ ដែលមានគូដណ្ដឹងនៅវាលស្រែវិញ ហើយចាប់នាងរំលោភ។ បុរសដែលរំលោភនាង ត្រូវមានទោសដល់ស្លាប់។ |
|
| 26 |
|
| រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងអោយសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ) |
|
| 27 |
|
| ទោះបីស្ត្រីក្រមុំមានគូដណ្ដឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្ដី ក៏គ្មាននរណាជួយនាងដែរ។ |
|
| 28 |
|
| ប្រសិនបើបុរសម្នាក់ជួបនឹងស្ត្រីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូដណ្ដឹងនៅឡើយ ហើយចាប់នាងរំលោភ រួចមានគេតាមទាន់។ |
|
| 29 |
|
| បុរសដែលរំលោភនាងនោះ ត្រូវប្រគល់ប្រាក់ហាសិបណែនទៅអោយឪពុករបស់នាង ព្រោះតែបានរួមដំណេកជាមួយនាង។ គេត្រូវយកនាងទៅធ្វើជាភរិយារបស់ខ្លួន អស់មួយជីវិត គឺគេមិនអាចលែងនាងឡើយ។ |
|
| 30 |
|
| មិនត្រូវអោយនរណាម្នាក់រួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ ធ្វើដូច្នេះ គេប្រមាថឪពុករបស់ខ្លួន»។ |
|
|
|
|