|
| 1 |
|
| «ពេលណាអ្នកចូលទៅក្នុងស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ |
|
| 2 |
|
| ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សំរាប់សំដែងព្រះនាមរបស់ព្រះអង្គ។ |
|
| 3 |
|
| អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជំរាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់អោយយើងខ្ញុំនេះហើយ”។ |
|
| 4 |
|
| បូជាចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ |
|
| 5 |
|
| ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំបាទជាពនេចរ ជាតិអើរ៉ាម លោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។ |
|
| 6 |
|
| ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំអោយធ្វើការជាទាសករ។ |
|
| 7 |
|
| យើងខ្ញុំក៏ស្រែកអង្វរ ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើអោយយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។ |
|
| 8 |
|
| ព្រះអម្ចាស់ បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ ព្រះអង្គសំដែងមហិទ្ធិឫទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ |
|
| 9 |
|
| ព្រះអង្គនាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយអោយយើងខ្ញុំ។ |
|
| 10 |
|
| ហេតុនេះ ព្រះអម្ចាស់ អើយ ទូលបង្គំសូមនាំយកផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំ”។ ត្រូវតម្កល់តង្វាយនោះនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយក្រាបថ្វាយបង្គំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ |
|
| 11 |
|
| បន្ទាប់មក ត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានភោគផលទាំងប៉ុន្មានមកអោយអ្នក និងគ្រួសាររបស់អ្នក»។ |
|
| 12 |
|
| «នៅឆ្នាំទីបីជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅអោយពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីអោយពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។ |
|
| 13 |
|
| ពេលនោះ អ្នកត្រូវទូល ព្រះអម្ចាស់ ជាព្រះរបស់អ្នកថា: “អ្វីៗដែលទូលបង្គំញែកថ្វាយព្រះអង្គ ទូលបង្គំបានយកចេញពីផ្ទះរបស់ទូលបង្គំ ប្រគល់ទៅអោយពួកលេវី ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលព្រះអង្គបង្គាប់មកទូលបង្គំ គឺទូលបង្គំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ។ |
|
| 14 |
|
| នៅពេលទូលបង្គំកាន់ទុក្ខ ទូលបង្គំពុំបានបរិភោគតង្វាយមួយភាគដប់នេះទេ។ ទូលបង្គំពុំបានហូតយកទៅប្រើសំរាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅអោយគេ នៅពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានធ្វើតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ទូលបង្គំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។ |
|
| 15 |
|
| បពិត្រ ព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។ |
|
| 16 |
|
| «ថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់អោយអ្នកប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមអោយអស់ពីចិត្ត អស់ពីគំនិត។ |
|
| 17 |
|
| ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គ គោរពច្បាប់ បទបញ្ជា និងវិន័យទាំងឡាយរបស់ព្រះអង្គ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គទៀតផង។ |
|
| 18 |
|
| ថ្ងៃនេះ ព្រះអម្ចាស់ យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ |
|
| 19 |
|
| ព្រះអង្គនឹងធ្វើអោយអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធ សំរាប់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។ |
|
|
|
|