|
| 1 |
|
| «ប្រសិនបើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានអោយអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។ |
|
| 2 |
|
| ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹងប្រទានពរគ្រប់យ៉ាងដល់អ្នក |
|
| 3 |
|
| គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចំការ។ |
|
| 4 |
|
| ព្រះអង្គប្រទានពរអោយអ្នកមានកូនចៅច្រើន អោយដីរបស់អ្នកកើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។ |
|
| 5 |
|
| ព្រះអង្គប្រទានពរអោយអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។ |
|
| 6 |
|
| ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ |
|
| 7 |
|
| ព្រះអម្ចាស់ នឹងធ្វើអោយបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅមុខអ្នក ទៅតាមផ្លូវប្រាំពីរ។ |
|
| 8 |
|
| ព្រះអម្ចាស់ ប្រទានពរអោយអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានអោយអ្នក។ |
|
| 9 |
|
| ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់ ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ នោះ ព្រះអម្ចាស់ នឹងធ្វើអោយអ្នកទៅជាប្រជារាស្ត្រដ៏វិសុទ្ធ* ដូចព្រះអង្គបានសន្យាជាមួយអ្នក។ |
|
| 10 |
|
| ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់ បានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។ |
|
| 11 |
|
| ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានអោយអ្នកបានចំរុងចំរើន ដោយធ្វើអោយពូជពង្សរបស់អ្នក និងហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើអោយអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអង្គបានសន្យាដល់បុព្វបុរស* ថាប្រទានអោយអ្នកដែរ។ |
|
| 12 |
|
| ព្រះអម្ចាស់ នឹងបើកផ្ទៃមេឃ បង្អុរភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងអោយទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។ |
|
| 13 |
|
| ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើអោយអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះអោនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ។ |
|
| 14 |
|
| មិនត្រូវងាកទៅឆ្វេង ទៅស្ដាំ ឆ្ងាយពីបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ហើយបែរទៅជំពាក់ចិត្ត និងគោរពថ្វាយបង្គំព្រះឯទៀតៗឡើយ» |
|
| 15 |
|
| «ប្រសិនបើអ្នកមិនស្ដាប់ព្រះសូរសៀងរបស់ ព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រសិនបើអ្នកមិនកាន់ ឬប្រតិបត្តិតាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះទេ នោះអ្នកនឹងទទួលបណ្ដាសាដូចតទៅ: |
|
| 16 |
|
| អ្នកនឹងត្រូវបណ្ដាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្ដាសានៅតាមស្រុកស្រែ។ |
|
| 17 |
|
| អ្នកនឹងត្រូវបណ្ដាសា ដោយគ្មានផ្លែឈើនៅក្នុងល្អី គ្មានស្រូវនៅក្នុងជង្រុក។ |
|
| 18 |
|
| អ្នកនឹងត្រូវបណ្ដាសាដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។ |
|
| 19 |
|
| អ្នកនឹងទទួលបណ្ដាសាក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ |
|
| 20 |
|
| ព្រះអម្ចាស់ នឹងធ្វើអោយអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្តរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។ |
|
| 21 |
|
| ព្រះអម្ចាស់ នឹងធ្វើអោយអាសន្នរោគកើតមានចំពោះអ្នក រហូតដល់អ្នកវិនាសសូន្យបាត់ពីទឹកដីដែលអ្នកចូលទៅកាន់កាប់។ |
|
| 22 |
|
| ព្រះអម្ចាស់ នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ |
|
| 23 |
|
| មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។ |
|
| 24 |
|
| ព្រះអម្ចាស់ នឹងធ្វើអោយធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។ |
|
| 25 |
|
| ព្រះអម្ចាស់ នឹងធ្វើអោយអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។ |
|
| 26 |
|
| សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។ |
|
| 27 |
|
| ព្រះអម្ចាស់ នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគប្ញសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។ |
|
| 28 |
|
| ព្រះអម្ចាស់ ប្រហារអ្នកអោយវង្វេងស្មារតី វិកលចរិត និងមើលអ្វីលែងឃើញ។ |
|
| 29 |
|
| អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសំរេចតាមគំរោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។ |
|
| 30 |
|
| ពេលអ្នកមានគូដណ្ដឹង បុរសម្នាក់ទៀតនឹងរំលោភនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។ |
|
| 31 |
|
| គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅអោយខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។ |
|
| 32 |
|
| គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នកទៅអោយសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសំរេចដូចប្រាថ្នាឡើយ។ |
|
| 33 |
|
| ជាតិសាសន៍ដែលអ្នកពុំស្គាល់នឹងបរិភោគដំណាំ ដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។ |
|
| 34 |
|
| ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើអោយអ្នកវង្វេងស្មារតី។ |
|
| 35 |
|
| ព្រះអម្ចាស់ នឹងប្រហារអ្នកអោយកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ព្រះអង្គនឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។ |
|
| 36 |
|
| ព្រះអម្ចាស់ នឹងអោយគេកៀរអ្នក ព្រមទាំងស្ដេចដែលអ្នកនឹងជ្រើសរើសអោយសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបំរើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។ |
|
| 37 |
|
| ជាតិសាសន៍ទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។ |
|
| 38 |
|
| អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចំការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។ |
|
| 39 |
|
| អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។ |
|
| 40 |
|
| អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។ |
|
| 41 |
|
| អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។ |
|
| 42 |
|
| ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។ |
|
| 43 |
|
| ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះអោនថយកាន់តែខ្សោយទៅៗ។ |
|
| 44 |
|
| គេនឹងអោយទ្រព្យអ្នកខ្ចី គឺមិនមែនអ្នកទេដែលអោយគេខ្ចី។ គេនឹងថ្កុំថ្កើងបំផុត រីឯអ្នកវិញអ្នកអន់ជាងគេបំផុត។ |
|
| 45 |
|
| បណ្ដាសាទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងក្រឹត្យច្បាប់ដែលព្រះអង្គប្រទានមកអ្នកឡើយ។ |
|
| 46 |
|
| បណ្ដាសាទាំងនេះជាទីសំគាល់ និងជាប្ញទ្ធិបាដិហារិយ៍ សំរាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។ |
|
| 47 |
|
| នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបំរើ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ |
|
| 48 |
|
| នោះអ្នកនឹងបំរើខ្មាំងសត្រូវ ដែល ព្រះអម្ចាស់ ចាត់អោយមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ |
|
| 49 |
|
| ព្រះអម្ចាស់ នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដី មកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្ដាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។ |
|
| 50 |
|
| ពួកគេមានទឹកមុខសាហាវ ពួកគេមិនគោរពចាស់ទុំ ហើយក៏គ្មានចិត្តមេត្តាចំពោះកូនក្មេងដែរ។ |
|
| 51 |
|
| ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀម អោយនៅសល់ សំរាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើអោយអ្នកវិនាសសូន្យ។ |
|
| 52 |
|
| ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំ នៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ។ |
|
| 53 |
|
| ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ។ |
|
| 54 |
|
| ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់ |
|
| 55 |
|
| ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។ |
|
| 56 |
|
| ក្នុងចំណោមអ្នករាល់គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន |
|
| 57 |
|
| ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។ |
|
| 58 |
|
| ប្រសិនបើអ្នកមិនកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ ដែលមានចែងទុកក្នុងគម្ពីរនេះ ប្រសិនបើអ្នកមិនកោតខ្លាចព្រះនាមដ៏រុងរឿង គួរអោយស្ញែងខ្លាចរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ |
|
| 59 |
|
| ព្រះអម្ចាស់ នឹងប្រហារអ្នក ព្រមទាំងពូជពង្សរបស់អ្នក ដោយសំដែងការអស្ចារ្យ ធ្វើអោយកើតដំបៅ និងជំងឺដ៏ធ្ងន់ៗ ដែលពុំអាចមើលជា។ |
|
| 60 |
|
| ព្រះអង្គនឹងធ្វើអោយជំងឺរាតត្បាតផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ហើយធ្លាប់ធ្វើអោយអ្នកញញើតនោះ កើតចំពោះអ្នកដែរ។ ជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។ |
|
| 61 |
|
| ព្រះអម្ចាស់ ធ្វើអោយជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរនៃវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ |
|
| 62 |
|
| អ្នករាល់គ្នាដែលមានចំនួនយ៉ាងច្រើនដូចផ្កាយនៅលើមេឃ នឹងក្លាយទៅជាជាតិសាសន៍មួយដ៏តូច ព្រោះអ្នករាល់គ្នាពុំបានស្ដាប់តាមព្រះសូរសៀងរបស់ ព្រះអម្ចាស់ ជាព្រះនៃអ្នក។ |
|
| 63 |
|
| ព្រះអម្ចាស់ សព្វព្រះហឫទ័យប្រទានពរអោយអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកំទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាអោយវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។ |
|
| 64 |
|
| ព្រះអម្ចាស់ នឹងកំចាត់កំចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបំរើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។ |
|
| 65 |
|
| ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសំរាកដែរ។ ព្រះអម្ចាស់ នឹងធ្វើអោយចិត្តអ្នកពុំបានស្ងប់ អោយភ្នែករបស់អ្នកស្រវាំង ហើយអោយចិត្តគំនិតរបស់អ្នកឈឺចាប់។ |
|
| 66 |
|
| ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសំរាប់អ្នកទៀតឡើយ។ |
|
| 67 |
|
| ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្ដាលអោយអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមអោយល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមអោយព្រឹកឆាប់មកដល់!”។ |
|
| 68 |
|
| ព្រះអម្ចាស់ នឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសាទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។ |
|
| 69 |
|
| ក្រៅពីសម្ពន្ធមេត្រី*ដែល ព្រះអម្ចាស់ ចងជាមួយជនជាតិអ៊ីស្រាអែលនៅភ្នំហោរែប ព្រះអង្គបានបង្គាប់អោយលោកម៉ូសេចងសម្ពន្ធមេត្រីមួយទៀតជាមួយពួកគេនៅស្រុកម៉ូអាប់ ដែលមានសេចក្ដីដូចខាងក្រោមនេះ។ |
|
|
|
|