|
| 1 |
|
| «ផ្ទៃមេឃអើយ ចូរត្រងត្រាប់ស្ដាប់សេចក្ដី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ! |
|
| 2 |
|
| សូមអោយដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង សូមអោយពាក្យសំដីរបស់ខ្ញុំស្រក់ដូចសន្សើម ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ |
|
| 3 |
|
| ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះនាម ព្រះអម្ចាស់! ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់ព្រះនៃយើង! |
|
| 4 |
|
| ព្រះអង្គជាថ្មដា ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ព្រះអង្គមិនអយុត្តិធម៌ឡើយ ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។ |
|
| 5 |
|
| ព្រះអង្គជ្រាបថា អ្នករាល់គ្នាក្បត់ព្រះអង្គ ដោយអ្នករាល់គ្នាមានមារយាទបែបនេះ អ្នករាល់គ្នាមិនមែនជាបុត្រធីតា របស់ព្រះអង្គទៀតទេ អ្នករាល់គ្នាជាមនុស្សអប្រិយ និងមានចិត្តវៀចវេរ។ |
|
| 6 |
|
| ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ចំពោះព្រះអង្គ ជាព្រះបិតាដែលបានបង្កើតអ្នកមក! ព្រះអង្គបានធ្វើអោយអ្នកទៅជាប្រជាជាតិមួយ ព្រមទាំងពង្រឹងអ្នកអោយមាំមួនទៀតផង។ |
|
| 7 |
|
| ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំអោយឪពុកម្ដាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។ |
|
| 8 |
|
| ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី អោយប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នា ព្រះអង្គបានកំណត់ព្រំដែន អោយជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។ |
|
| 9 |
|
| ព្រះអម្ចាស់ បានជ្រើសរើសអ៊ីស្រាអែល ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុប ទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។ |
|
| 10 |
|
| ព្រះអង្គបានរកឃើញអ៊ីស្រាអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែល ព្រះអង្គការពារគេ ដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។ |
|
| 11 |
|
| ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែល ដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុក ព្រមទាំងហើរការពារពីលើកូនរបស់វា ហើយត្រដាងស្លាបក្រុងកូនរបស់វា និងដាក់កូននៅលើចំអេងស្លាបផង។ |
|
| 12 |
|
| មានតែ ព្រះអម្ចាស់ មួយអង្គគត់ ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ គឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។ |
|
| 13 |
|
| ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ ឡើងទៅរស់នៅតាមតំបន់ភ្នំ ហើយអោយពួកគេបរិភោគ ភោគផលដែលដុះនៅតាមចំការ ព្រះអង្គអោយពួកគេបរិភោគទឹកឃ្មុំ និងប្រេង នៅតាមកន្លែងដែលមានថ្ម។ |
|
| 14 |
|
| គោញី និងពពែញីផ្ដល់ទឹកដោះអោយពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំបុ័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។ |
|
| 15 |
|
| យេស៊ូរូនបានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយព្រះអង្គដែលជាថ្មដា និងជាព្រះសង្គ្រោះរបស់ខ្លួន។ |
|
| 16 |
|
| ពួកគេធ្វើអោយព្រះអង្គប្រច័ណ្ឌ ព្រោះពួកគេបែរទៅគោរពព្រះដទៃ ពួកគេធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ |
|
| 17 |
|
| ពួកគេសែនព្រេនអារក្សដែលមិនមែនជាព្រះ ព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយ ដែលខ្លួនពុំស្គាល់ គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។ |
|
| 18 |
|
| អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត អោយអ្នក។ |
|
| 19 |
|
| ព្រះអម្ចាស់ ទតឃើញដូច្នេះ ព្រះអង្គបោះបង់ចោលពួកគេ។ បុត្រធីតារបស់ព្រះអង្គបានធ្វើអោយ ព្រះអង្គខ្ញាល់។ |
|
| 20 |
|
| ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេឡើយ»។ |
|
| 21 |
|
| ពួកគេធ្វើអោយយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើអោយយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើអោយពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើអោយពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។ |
|
| 22 |
|
| ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។ |
|
| 23 |
|
| យើងនឹងធ្វើអោយទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។ |
|
| 24 |
|
| ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្ដៅ និងជំងឺឆ្លង។ យើងនឹងប្រហារពួកគេដោយចង្កូម របស់សត្វសាហាវ និងពស់អាសិរពិស។ |
|
| 25 |
|
| នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។ |
|
| 26 |
|
| យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនអោយនរណានឹកនាដល់ពួកគេទៀត។ |
|
| 27 |
|
| ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែន ព្រះអម្ចាស់ ទេដែលសំរេចការនេះ”។ |
|
| 28 |
|
| អ៊ីស្រាអែលជាប្រជាជាតិឥតដឹងខុសត្រូវ ពួកគេគ្មានប្រាជ្ញាទាល់តែសោះ។ |
|
| 29 |
|
| ប្រសិនបើពួកគេមានប្រាជ្ញា នោះពួកគេមុខជាពិចារណា ហើយយល់ថា នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។ |
|
| 30 |
|
| ប្រសិនបើ ព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ របស់ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រាអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើអោយ អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ? |
|
| 31 |
|
| ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់ ដែលជាថ្មដារបស់យើងឡើយ។ |
|
| 32 |
|
| ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា ហើយប្រៀបដូចជាដើមទំពាំងបាយជូរ ដែលមានផ្លែល្វីង និងមានជាតិពុល។ |
|
| 33 |
|
| ស្រាទំពាំងបាយជូររបស់ពួកគេ ប្រៀបដូចជាពិសរបស់នាគ និងដូចជាពិសដ៏សាហាវរបស់ពស់វែក។ |
|
| 34 |
|
| យើងរៀបចំគំរោងការមួយដ៏លាក់កំបាំង ដែលយើងបម្រុងទុក ប្រឆាំងនឹងពួកគេ។ |
|
| 35 |
|
| ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។ |
|
| 36 |
|
| ព្រះអម្ចាស់ រកយុត្តិធម៌អោយប្រជារាស្ត្រ របស់ព្រះអង្គ ព្រះអង្គអាណិតអាសូរអ្នកបំរើរបស់ព្រះអង្គ នៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។ |
|
| 37 |
|
| ព្រះអង្គនឹងសួរពួកគេថា “តើព្រះរបស់អ្នករាល់គ្នា គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា ដើម្បីពឹងផ្អែកនោះ នៅឯណា? |
|
| 38 |
|
| អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រួចស្រា សែនព្រះទាំងនោះ បើព្រះទាំងនោះចេះសេពសោយមែន អោយពួកគេក្រោកឡើង ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ! |
|
| 39 |
|
| ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើអោយរបួស និងធ្វើអោយជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។ |
|
| 40 |
|
| យើងលើកដៃឆ្ពោះទៅលើមេឃ ហើយសច្ចាក្នុងនាមយើង ដែលជាព្រះគង់នៅអស់កល្បជានិច្ចថា: |
|
| 41 |
|
| យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។ |
|
| 42 |
|
| យើងនឹងធ្វើអោយព្រួញរបស់យើង ជោកដោយឈាម ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ គ្មានទាហានណាម្នាក់របស់ពួកគេ គេចផុតពីមុខដាវនេះបានឡើយ គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ នឹងត្រូវវិនាសដូចគ្នា”។ |
|
| 43 |
|
| ចូរអោយប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ ព្រះអម្ចាស់! ដ្បិតព្រះអង្គសងសឹកជួសអ្នកបំរើរបស់ព្រះអង្គ ព្រះអង្គដាក់ទោសបច្ចាមិត្ត។ ព្រះអង្គធ្វើអោយទឹកដី និងប្រជារាស្ត្រ របស់ព្រះអង្គរួចផុតពីសៅហ្មង»។ |
|
| 44 |
|
| លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ មកប្រកាសអោយប្រជាជនបានឮ។ |
|
| 45 |
|
| ពេលលោកម៉ូសេប្រកាសព្រះបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ចប់សព្វគ្រប់ហើយ |
|
| 46 |
|
| លោកមានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងព្រះបន្ទូលទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាអោយកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងអស់ដែលមានចែងក្នុងក្រឹត្យវិន័យនេះ។ |
|
| 47 |
|
| ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្ដល់អោយអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។ |
|
| 48 |
|
| នៅថ្ងៃដដែលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ |
|
| 49 |
|
| «ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណានដែលយើងប្រគល់អោយជនជាតិអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។ |
|
| 50 |
|
| អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ គឺអ្នកនឹងទៅជួបជុំដូនតារបស់អ្នក ដូចអើរ៉ុនដែលបានស្លាប់នៅលើភ្នំហោរ ទៅជួបជុំដូនតារបស់គាត់ដែរ។ |
|
| 51 |
|
| កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដេស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រាអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាព្រះដ៏វិសុទ្ធ* នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ |
|
| 52 |
|
| ដូច្នេះ អ្នកនឹងមើលឃើញស្រុកដែលស្ថិតនៅចំពោះមុខអ្នក តែអ្នកនឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់អោយជនជាតិអ៊ីស្រាអែលឡើយ»។ |
|
|
|
|