|
| 1 |
|
| «ពេលណា ព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក |
|
| 2 |
|
| ពេលណា ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ ព្រះអម្ចាស់ ។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ |
|
| 3 |
|
| កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកអោយកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេអោយកូនប្រុសរបស់អ្នកដែរ។ |
|
| 4 |
|
| បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពី ព្រះអម្ចាស់ ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្ដាលអោយ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងអ្នករាល់គ្នា ហើយកំទេចអ្នកមួយរំពេច។ |
|
| 5 |
|
| អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះដូចតទៅ គឺត្រូវផ្ដួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្ដូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកំទេចរូបព្រះរបស់ពួកគេ។ |
|
| 6 |
|
| ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី អោយធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។ |
|
| 7 |
|
| « ព្រះអម្ចាស់ ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។ |
|
| 8 |
|
| ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជា ព្រះអម្ចាស់ ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាអោយរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ |
|
| 9 |
|
| ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែ ព្រះអម្ចាស់ ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសំដែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ |
|
| 10 |
|
| ផ្ទុយទៅវិញ ព្រះអង្គដាក់ទោសអស់អ្នកដែលស្អប់ព្រះអង្គ និងធ្វើអោយពួកគេវិនាស ដោយឥតបង្អង់ឡើយ។ |
|
| 11 |
|
| ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា ច្បាប់ និងវិន័យដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ដើម្បីអោយអ្នកយកទៅប្រតិបត្តិតាម។ |
|
| 12 |
|
| ប្រសិនបើអ្នករាល់គ្នាស្ដាប់វិន័យទាំងនេះ ហើយកាន់ និងប្រតិបត្តិតាម ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងសំដែងព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រចំពោះអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នកដែរ។ |
|
| 13 |
|
| ព្រះអង្គនឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើអោយអ្នកកើនចំនួនច្រើនឡើង។ ព្រះអង្គនឹងប្រទានពរអោយអ្នកមានកូនចៅច្រើន អោយដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ព្រះអង្គក៏ប្រទានអោយហ្វូងគោ និងហ្វូងចៀមរបស់អ្នក បង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់អោយអ្នក។ |
|
| 14 |
|
| អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ។ |
|
| 15 |
|
| ព្រះអម្ចាស់ នឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនអោយអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គអោយជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។ |
|
| 16 |
|
| អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបំរើព្រះរបស់គេដែរ ព្រោះជាអន្ទាក់សំរាប់អ្នករាល់គ្នា»។ |
|
| 17 |
|
| «មិនត្រូវរិះគិតក្នុងចិត្តថា “ប្រជាជាតិទាំងនោះមានចំនួនច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចអោយខ្ញុំអាចបណ្ដេញពួកគេចេញពីទឹកដីនេះបាន?” |
|
| 18 |
|
| កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានប្រព្រឹត្តចំពោះព្រះចៅផារ៉ោន និងអ្នកស្រុកអេស៊ីបទាំងមូល។ |
|
| 19 |
|
| អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើអោយមានគ្រោះកាចដ៏ធំៗ ព្រះអង្គសំដែងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។ |
|
| 20 |
|
| ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងចាត់សត្វឪម៉ាល់ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន អោយវិនាសសូន្យនៅមុខអ្នក។ |
|
| 21 |
|
| កុំភ័យខ្លាចពួកគេឡើយ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ឧត្ដម គួរអោយស្ញែងខ្លាច។ |
|
| 22 |
|
| ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដេញកំចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្ដងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។ |
|
| 23 |
|
| ប៉ុន្តែ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងអំណាចអ្នក ព្រះអង្គធ្វើអោយពួកគេភ័យតក់ស្លុត ហើយវិនាសសូន្យទាំងស្រុង។ |
|
| 24 |
|
| ព្រះអង្គនឹងប្រគល់ស្ដេចរបស់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្ដេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេអោយវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកទេ។ |
|
| 25 |
|
| ត្រូវដុតកំទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្ដាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះអោយសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់វត្ថុទាំងនោះណាស់។ |
|
| 26 |
|
| មិនត្រូវយករូបព្រះក្លែងក្លាយចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងលោអ្នកត្រូវវិនាសទាំងស្រុងដូចរូបទាំងនោះដែរ។ ត្រូវចាត់ទុករបស់ទាំងនោះជាវត្ថុដ៏ចង្រៃគួរស្អប់ខ្ពើម ដ្បិតជាវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ ព្រះអម្ចាស់ »។ |
|
|
|
|