|
| 1 |
|
| «កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក |
|
| 2 |
|
| កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។ |
|
| 3 |
|
| មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ |
|
| 4 |
|
| ដ្បិតគេនឹងបង្វែរកូនរបស់អ្នកចេញពីយើង ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ។ ពេលនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងត្រូវឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នកយ៉ាងរហ័ស។ |
|
| 5 |
|
| ប៉ុន្ដែ អ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកស្ដូបរបស់គេ ហើយបំផ្លាញបង្គោលសក្ការៈ របស់គេ ព្រមទាំងដុតរូបឆ្លាក់របស់គេនឹងភ្លើងទៅ។ |
|
| 6 |
|
| ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់។ |
|
| 7 |
|
| ព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើនជាងសាសន៍ឯទៀតនោះឡើយ ដ្បិតអ្នករាល់គ្នាជាសាសន៍មានគ្នាតិចជាងសាសន៍ទាំងអស់ |
|
| 8 |
|
| តែដោយព្រោះព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយដោយព្រោះព្រះអង្គគោរពតាមសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា បានជាព្រះអង្គនាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ ហើយបានលោះអ្នករាល់គ្នាឲ្យរួចពីផ្ទះដែលអ្នកធ្វើទាសករ គឺពីកណ្ដាប់ដៃរបស់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ។ |
|
| 9 |
|
| ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ពិតជាព្រះមែន គឺជាព្រះស្មោះត្រង់ដែលគោរពតាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ រហូតដល់មួយពាន់តំណ |
|
| 10 |
|
| ព្រះអង្គសងដល់អស់អ្នកដែលស្អប់ព្រះអង្គនៅប្រទល់មុខគេ ដោយបំផ្លាញគេចេញ។ ព្រះអង្គនឹងមិនបង្អង់ឡើយចំពោះអ្នកណាដែលស្អប់ព្រះអង្គ គឺនឹងសងដល់អ្នកនោះនៅប្រទល់មុខ ។ |
|
| 11 |
|
| ដូច្នេះ ត្រូវប្រយ័ត្ននឹងកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។ |
|
| 12 |
|
| «ប្រសិនបើអ្នករាល់គ្នាស្តាប់តាមបញ្ញត្តិទាំងនេះ ទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកក៏នឹងកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសចំពោះអ្នក ជាសេចក្ដីដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកដែរ។ |
|
| 13 |
|
| ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។ |
|
| 14 |
|
| អ្នកនឹងបានពរលើសអស់ទាំងជាតិសាសន៍នៅក្នុងចំណោមអ្នករាល់គ្នា នឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ។ |
|
| 15 |
|
| ព្រះយេហូវ៉ានឹងដកអស់ទាំងជំងឺចេញពីអ្នក ហើយព្រះអង្គមិនឲ្យជំងឺដ៏អាក្រក់ទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទដែលអ្នកធ្លាប់ស្គាល់កើតមកលើអ្នកឡើយ គឺនឹងដាក់ជំងឺទាំងនោះទៅលើអស់អ្នកដែលស្អប់អ្នកវិញ។ |
|
| 16 |
|
| អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។ |
|
| 17 |
|
| ប្រសិនបើអ្នកនឹកក្នុងចិត្តថា "សាសន៍ទាំងនេះមានគ្នាច្រើនជាងខ្ញុំ ធ្វើដូចម្ដេចឲ្យខ្ញុំចាប់យកស្រុករបស់គេបាន?" |
|
| 18 |
|
| នោះកុំឲ្យខ្លាចឡើយ តែត្រូវនឹកចាំពីអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រព្រឹត្តចំពោះផារ៉ោន និងចំពោះស្រុកអេស៊ីព្ទទាំងមូលចុះ |
|
| 19 |
|
| គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។ |
|
| 20 |
|
| មួយទៀត ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងចាត់ឪម៉ាល់ ទៅកណ្ដាលគេ រហូតទាល់តែពួកគេដែលសល់នៅ ហើយលាក់ខ្លួនវិនាសអស់។ |
|
| 21 |
|
| មិនត្រូវភ័យខ្លាចពួកគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច។ |
|
| 22 |
|
| ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខអ្នកបន្តិចម្តងៗ។ អ្នកមិនអាចបំផ្លាញពួកគេទាំងអស់ភ្លាមៗបានឡើយ បើមិនដូច្នោះទេ សត្វព្រៃនឹងចម្រើនឡើង ហើយធ្វើទុក្ខអ្នកមិនខាន។ |
|
| 23 |
|
| ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់គេមកអ្នក ហើយកម្ចាត់កម្ចាយគេ ឲ្យគេច្របូកច្របល់ជាខ្លាំង រហូតទាល់តែគេវិនាសអស់។ |
|
| 24 |
|
| ព្រះអង្គនឹងប្រគល់ពួកស្តេចរបស់គេមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃ គ្មានអ្នកណាអាចនឹងឈរនៅមុខអ្នកបានឡើយ រហូតទាល់តែអ្នកបំផ្លាញគេអស់ទៅ។ |
|
| 25 |
|
| ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ |
|
| 26 |
|
| មិនត្រូវនាំយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងអ្នកត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវស្អប់ខ្ពើមរបស់ទាំងនោះឲ្យអស់ពីចិត្ត ដ្បិតវាជារបស់ដែលត្រូវវិនាស»។ |
|
|
|
|