|
| 1 |
|
| ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅចំពោះព្រះភក្ត្រព្រះគ្រិស្ដយេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាងមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យនោះថា |
|
| 2 |
|
| ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេអោយដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ចំពូក |
|
| 3 |
|
| ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្តរបស់គេ គ្រាន់តែអោយពីរោះត្រចៀកប៉ុណ្ណោះ។ |
|
| 4 |
|
| គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។ |
|
| 5 |
|
| ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនអោយបានល្អប្រសើរផង។ |
|
| 6 |
|
| រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ |
|
| 7 |
|
| ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ |
|
| 8 |
|
| ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសំរាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានអោយខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានអោយខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានអោយអស់អ្នកដែលមានចិត្តស្រឡាញ់ ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។ |
|
| 9 |
|
| ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ |
|
| 10 |
|
| លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។ |
|
| 11 |
|
| មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ |
|
| 12 |
|
| ខ្ញុំបានចាត់លោកទីឃីកុសអោយទៅក្រុងអេភេសូ។ |
|
| 13 |
|
| ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។ |
|
| 14 |
|
| លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះ ជាមិនខាន។ |
|
| 15 |
|
| អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ |
|
| 16 |
|
| ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ |
|
| 17 |
|
| មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានអោយខ្ញុំមានកម្លាំង ដើម្បីអោយខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយអោយសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ អោយរួចពីមាត់សឹង្ហដែរ។ |
|
| 18 |
|
| ព្រះអម្ចាស់នឹងរំដោះខ្ញុំអោយរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីអោយខ្ញុំបានចូលទៅក្នុងព្រះរាជ្យ*របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! |
|
| 19 |
|
| សូមជំរាបសួរនាងព្រីស៊ីល និងលោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ |
|
| 20 |
|
| លោកអេរ៉ាស្ទុស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺអោយនៅក្រុងមីលេត។ |
|
| 21 |
|
| ចូរលៃលកទៅអោយបានមុនរដូវត្រជាក់ កុំបីខាន។ លោកអ៊ើប៊ូឡូស លោកពូដេន លោកលីណូស នាងក្លូឌាស និងបងប្អូនឯទៀតៗទាំងអស់ សូមជំរាបសួរមកអ្នក។ |
|
| 22 |
|
| សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក! សូមអោយបងប្អូនប្រកបដោយព្រះគុណ! អាម៉ែន។ |
|
|
|
|