|
| 1 |
|
| ការទាស់ទែងឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូនកើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ? |
|
| 2 |
|
| បងប្អូនមានចិត្តលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ |
|
| 3 |
|
| បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសំរាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ |
|
| 4 |
|
| មនុស្សក្បត់ចិត្តអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើអោយខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់! |
|
| 5 |
|
| តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណដែលព្រះអង្គប្រទាន អោយមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ |
|
| 6 |
|
| ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន» ។ |
|
| 7 |
|
| ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ |
|
| 8 |
|
| សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជំរះខ្លួនអោយបានបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជំរះចិត្តគំនិតអោយបានស្អាតឡើង! |
|
| 9 |
|
| ចូរទទួលស្គាល់ថា ខ្លួនធ្លាក់ដល់កំរិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើអោយសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយអោយអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ |
|
| 10 |
|
| ចូរបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។ |
|
| 11 |
|
| បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ* និងថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។ |
|
| 12 |
|
| មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតក្រឹត្យវិន័យ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើអោយវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ! |
|
| 13 |
|
| ឥឡូវនេះ ចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះឬស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ!» ខ្ញុំសូមជំរាបថា |
|
| 14 |
|
| បងប្អូនពុំដឹងថាថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ |
|
| 15 |
|
| បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬធ្វើការនោះ» |
|
| 16 |
|
| តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។ |
|
| 17 |
|
| ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ។ |
|
|
|
|