|
| 1 |
|
| លោកយ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីជំរំស៊ីទីម ទៅស៊ើបការណ៍។ លោកមានប្រសាសន៍ថា៖ «ចូរទៅពិនិត្យមើលស្រុកនោះ និងក្រុងយេរីខូផង!»។ អ្នកទាំងពីរនាំគ្នាចេញដំណើរឆ្ពោះទៅក្រុងយេរីខូ ហើយចូលទៅស្នាក់នៅផ្ទះរបស់ស្រីពេស្យាម្នាក់ឈ្មោះនាងរ៉ាហាប ។ |
|
| 2 |
|
| មានគេទូលស្ដេចក្រុងយេរីខូថា៖ «យប់នេះ មានពួកអ៊ីស្រាអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។ |
|
| 3 |
|
| ស្ដេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ |
|
| 4 |
|
| ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ |
|
| 5 |
|
| លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមឲ្យលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។ |
|
| 6 |
|
| តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ |
|
| 7 |
|
| អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅ គេក៏បិទទ្វារទីក្រុង។ |
|
| 8 |
|
| នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក |
|
| 9 |
|
| ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក |
|
| 10 |
|
| ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ |
|
| 11 |
|
| ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលស់ព្រលឹងនៅចំពោះមុខពួកលោក ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយព្រះអង្គក៏គង់នៅផែនដីខាងក្រោមនេះដែរ។ |
|
| 12 |
|
| ឥឡូវនេះ សូមលោកទាំងពីរស្បថឲ្យនាងខ្ញុំ ដោយយក ព្រះអម្ចាស់ ជាសាក្សីថា នាងខ្ញុំបានជួយលោកទាំងពីរដោយសប្បុរសយ៉ាងណា សូមលោកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្ដុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា |
|
| 13 |
|
| ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ |
|
| 14 |
|
| បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណា ព្រះអម្ចាស់ ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ |
|
| 15 |
|
| បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្ដង។ |
|
| 16 |
|
| នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ |
|
| 17 |
|
| បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ |
|
| 18 |
|
| ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។ |
|
| 19 |
|
| ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ! |
|
| 20 |
|
| ប៉ុន្តែ បើនាងយករឿងរបស់យើងទៅលាតត្រដាងប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។ |
|
| 21 |
|
| នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។ |
|
| 22 |
|
| បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។ |
|
| 23 |
|
| បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនូនវិញ ហើយជម្រាបលោកនូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។ |
|
| 24 |
|
| បុរសទាំងពីរជម្រាបលោកយ៉ូស្វេថា៖ « ព្រះអម្ចាស់ ពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុកក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។ |
|
|
|
|