|
| 1 |
|
| ពេលនោះ លោកយ៉ូស្វេកោះហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលដែលមកពីខាងកើត។ |
|
| 2 |
|
| លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេជាអ្នកបំរើ ព្រះអម្ចាស់ បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសំដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ |
|
| 3 |
|
| អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ |
|
| 4 |
|
| ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានអោយបងប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលលោកម៉ូសេជាអ្នកបំរើរបស់ ព្រះអម្ចាស់ បានចែកអោយអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ |
|
| 5 |
|
| ប៉ុន្តែ ចូរប្រុងប្រយ័ត្នអោយមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យ ដែលលោកម៉ូសេជាអ្នកបំរើ ព្រះអម្ចាស់ បានប្រគល់អោយ: គឺត្រូវស្រឡាញ់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបំរើព្រះអង្គអោយអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត»។ |
|
| 6 |
|
| លោកយ៉ូស្វេបានអោយពរ និងប្រាប់ពួកគេអោយចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ |
|
| 7 |
|
| លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ អោយកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ លោកយ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក អោយកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស្វេប្រាប់ពួកគេអោយវិលត្រឡប់ទៅជំរំវិញ ទាំងអោយពរពួកគេផង។ |
|
| 8 |
|
| លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភ័ណ្ឌ ដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ អោយបងប្អូនរបស់អ្នករាល់គ្នាផង»។ |
|
| 9 |
|
| កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ |
|
| 10 |
|
| កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។ |
|
| 11 |
|
| ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។ |
|
| 12 |
|
| កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។ |
|
| 13 |
|
| ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ |
|
| 14 |
|
| ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។ |
|
| 15 |
|
| ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖ |
|
| 16 |
|
| «សហគមន៍ទាំងមូលរបស់ ព្រះអម្ចាស់ ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពី ព្រះអម្ចាស់ ដោយសង់អាសនៈមួយសំរាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹង ព្រះអម្ចាស់ ដូច្នេះ? |
|
| 17 |
|
| នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើអោយយើងដែលជាសហគមន៍របស់ ព្រះអម្ចាស់ ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ? |
|
| 18 |
|
| ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពី ព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែក ព្រះអម្ចាស់ មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។ |
|
| 19 |
|
| បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ ព្រះអម្ចាស់ ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹង ព្រះអម្ចាស់ ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សំរាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ ព្រះអម្ចាស់ ជាព្រះនៃយើង។ |
|
| 20 |
|
| កាលលោកអេកាន ជាកូនរបស់លោកសេរ៉ាសប្រព្រឹត្ត មិនស្មោះត្រង់ចំពោះទ្រព្យ ដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ ព្រះអម្ចាស់ នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែល ព្រះអម្ចាស់ ទ្រង់ព្រះពិរោធ កំហុសរបស់គាត់ពុំបានធ្វើអោយគាត់វិនាសតែម្នាក់ឯងទេ»។ |
|
| 21 |
|
| កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖ |
|
| 22 |
|
| « ព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះ ព្រះអម្ចាស់ សូមកុំអោយព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។ |
|
| 23 |
|
| ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពី ព្រះអម្ចាស់ និងដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានា ឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូម ព្រះអម្ចាស់ ដាក់ទោសយើងខ្ញុំទៅ! |
|
| 24 |
|
| តាមពិតមិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា “តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល? |
|
| 25 |
|
| ពួករូបេន និងពួកកាដអើយ! ព្រះអម្ចាស់ បានយកទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយ ព្រះអម្ចាស់ ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្ដាលអោយកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាច ព្រះអម្ចាស់ ទៀតមិនខាន។ |
|
| 26 |
|
| ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនដើម្បីសំរាប់ថ្វាយតង្វាយដុតទាំងមូល ឬសំរាប់ថ្វាយយញ្ញបូជាឯទៀតៗឡើយ |
|
| 27 |
|
| ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបំរើ ព្រះអម្ចាស់ ដោយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងយញ្ញបូជាឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយ ព្រះអម្ចាស់ ”បានឡើយ។ |
|
| 28 |
|
| យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ ព្រះអម្ចាស់ បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។ |
|
| 29 |
|
| យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹង ព្រះអម្ចាស់ ឬក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះដោយសង់អាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេងក្រៅពីថ្វាយនៅលើអាសនៈរបស់ ព្រះអម្ចាស់ ជាព្រះរបស់យើង គឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។ |
|
| 30 |
|
| ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។ |
|
| 31 |
|
| លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ មានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថា ព្រះអម្ចាស់ ពិតជាគង់នៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ ព្រះអម្ចាស់ គឺបងប្អូនពុំបានធ្វើអោយប្រជាជនអ៊ីស្រាអែលទទួលទោសពី ព្រះអម្ចាស់ ឡើយ»។ |
|
| 32 |
|
| បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ |
|
| 33 |
|
| ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។ |
|
| 34 |
|
| កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា ព្រះអម្ចាស់ ពិតជាព្រះជាម្ចាស់មែន។ |
|
|
|
|